ONE Championship
កីឡាជាតិ
មាស ម៉ើ ត្រៀមខ្លួន​ល្អ​បំផុត សម្រាប់​ដណ្តើម​មេដាយ​នៅ​ស៊ី​ហ្គេម ២០១៩
27, Oct 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ

​អត្ថបទ​៖ ស៊ី​ធី 
​ជើង​ខ្លាំង​គុន​ចម្រុះ មាស ម៉ើ ដែល​ប្រកួត​មិន​ស្គាល់​ចាញ់​ក្នុងស្រុក បានសម្រេច​ក្ដី​ប្រាថ្នា​ទៅ​ប្រកួត​នៅ​កីឡា​ស៊ី​ហ្គេម​ក្នុង​វិញ្ញាសា​យូ​ដូ​លើកដំបូង​។ តើ​ជើង​ខ្លាំង​ដែលមាន​បទពិសោធន៍​នៅ​សង្វៀន ONE Championship មកពី​កំពង់ធំ​មានការ​រៀបចំខ្លួន​បែបណាខ្លះ​មុន​ចេញទៅ​ប្រកួត​ស៊ីនា​ថ្ងៃទី ១ ខែ ធ្នូ ចុងឆ្នាំ​នេះ​? សូម​តាមដាន​បទសម្ភាសន៍​ល​ម្អិ​ត​ដូចខាងក្រោម​។ 
ONE៖ ម៉ើ ! តើ​ការ​រៀបចំខ្លួន​បានល្អ​យ៉ាងណា​បច្ចុប្បន្ន ក្នុង​ដំណើរ​ទៅ​ស៊ី​ហ្គេម​?



​មាស ម៉ើ​៖ បាទ​បង​! ក្រោយ​ធ្វើតេស្ត​ជាប់​ច្រើន​ដំណាក់កាល​រហូតដល់​៥​នាក់ ខ្ញុំ​អត់​សូវ​បាន​ទៅលេង​ប្រពន្ធ​កូន​ទេ មួយរយៈ​នេះ​។ ខ្ញុំ​ខំប្រឹង​ហ្វឹកហាត់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ដើម្បី​ធ្វើតេស្ត​ផង និង ដើម្បី​ចង់បាន​លទ្ធផល​ខ្ពស់បំផុត​សម្រាប់​ខ្លួន​ខ្ញុំ​ផង និង សម្រាប់​កម្ពុជា​ដែរ​។ ក្នុង​ជីវិត វា​ជា​លើក​ទី​១ ដែល​ខ្ញុំ​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​និង​ជា​ក្ដី​ស្រមៃ​របស់ខ្ញុំ​តាំងពី​យូរ​។ មិន​ត្រឹមតែ​ហ្វឹកហាត់​នៅ​កម្ពុជា ក្រុម​គ្រូបង្វឹក​ជម្រើសជាតិ នឹង​ដឹកនាំ​ខ្ញុំ និង ជម្រើសជាតិ​យូ​ដូ ៣ នាក់​ផ្សេងទៀត​ទៅ​ហាត់​នៅ​វៀតណាម មួយ​សប្ដាហ៍ មុន​ត្រលប់មក​កម្ពុជា និង​ចេញទៅ​ហ្វីលីពីន​។ 
 
 
ONE៖ ក្រៅពី​ការហ្វឹកហាត់ តើ មាស ម៉ើ យល់​យ៉ាងណា​ចំពោះ​ការប្រកួត​របស់ខ្លួន​នៅ​ស៊ី​ហ្គេម និង គោលការណ៍​តឹងរ៉ឹង​បែបណា​? 
​មាស ម៉ើ​៖ វា​ជា​លើកដំបូង​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនដែល​មានបទពិសោធន៍​សោះ​នៅ​ប្រកួត​ស៊ី​ហ្គេម​។ ប៉ុន្តែ ខ្ញុំ​បាន​ទស្សនា​វីដេអូ​ចាស់ៗ ប្រកួត​ស៊ី​ហ្គេម ប្រកួត​អន្តរជាតិ និង ប្រកួត​ពិភពលោក​មួយចំនួនទៀត ហើយ​ខ្ញុំ​អាច​ស្វែងយល់​ខ្លះ​អំពី​ការប្រកួត​។ ខ្ញុំ​យល់ថា វិញ្ញាសា​យូ​ដូ ខុសពី​វិញ្ញាសា​ដទៃ បើសិនជា​ដួល​ពេញ​ខ្នង​គឺ យើង​ដឹង​តែ​ចាញ់​គេ​ហើយ មិនមាន​ឱកាស​វ៉ៃ​សងសឹក​ដូច​ចំបាប់ ឬ វ៉ៃ​ដាក់​ទ្រុង នៅ ONE Championship អី​នោះទេ​។ ប៉ុន្តែ​រាល់ថ្ងៃនេះ ខ្ញុំ​ផ្ដោតលើ ៣ ស្នៀត ដែល​ខ្ញុំ​គិត​នឹងធ្វើ​បានល្អ​នៅ​ស៊ី​ហ្គេម ហើយ ពេល​ប្រកួត​ក៏​យើង​ត្រូវ​បត់​បែប​ទៅតាម​ហ្នឹង​។ 
 
ONE៖ តើ​មានការ​ប្ដេជ្ញា​យ៉ាងដូចម្ដេចខ្លះ មុនពេល​ព្រឹត្តិការណ៍​តំបន់​អាស៊ីអាគ្នេយ៍​មកដល់​? 
​មាស ម៉ើ​៖ ដូច​ខ្ញុំ​ធ្លាប់​ផ្ដល់​បទសម្ភាសន៍​អីចឹង ខ្ញុំ​ចង់បាន​មេដាយ​ទោះ​មេដាយ​អ្វី​ក៏ដោយ​។ ប៉ុន្តែ​អ្វី​ខ្ញុំ​ចង់បាន​ដល់​មេដាយមាស បើសិនជា​មានឱកាស​។ ការ​ឈ្នះ​មេដាយមាស គឺ ដើម្បី​គ្រួសារ​ខ្ញុំ និង សម្រាប់​ជម្រើសជាតិ​ដែរ​។ ខ្ញុំ​ខំប្រឹង​ទុក​ឡាន​ចោល​អត់​រត់ ព្រោះតែ​ចង់បាន​លទ្ធផល​ល្អ​ដើម្បី​រួមចំណែក​ជួយ​ជីវភាព​គ្រួសារ​ដែរ​។ ខ្ញុំ​មិន​ចង់​បាត់​ឱកាស​ទេ ព្រោះ​យើង​មិន​ប្រាកដ​មានឱកាស​ទៅ​ប្រកួត​ទៀត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ក្រោយ​ឡើយ​។ ខ្ញុំ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ណាស់​មុនពេល​មកដល់​ដំណាក់កាល​ចុងក្រោយ​នេះ​។ ខ្ញុំ​ឃើញ​គេ​ឈ្នះ​មេដាយមាស គេ​អាច​កែប្រែ​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​ធំ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ចង់បាន​។ 
 
​គួររំលឹកថា មាស ម៉ើ ជា​កីឡាករ​គុន​ចម្រុះ​មាន​ទេពកោសល្យ​ម្នាក់ និង ឈ្នះ​ខ្សែក្រវាត់​វ៉ៃ​ដាក់​ទ្រុង Khmer Warrior Challenge វគ្គ​២​បាន​ប្រឹង​សម្រក​គីឡូ​តាំងពី​ខែ ឧសភា មក​តាំងពី ៨០ គីឡូ មក​ត្រឹម ៦៦ គីឡូក្រាម​។ បច្ចុប្បន្ន មាស ម៉ើ បោះជុំរុំ​ហ្វឹកហាត់​ក្នុង​ក្រុម​យូ​ដូ​ជម្រើសជាតិ មុន​ចេញទៅ​ស៊ី​ហ្គេម ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៣០ វិច្ឆិកា ដល់​ថ្ងៃទី ១១ ខែ ធ្នូ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​សម្រាប់​វិញ្ញាសា​ទូទៅ​។ ចំណែក មាស ម៉ើ ដែលមាន​វ័យ ២៩ ឆ្នាំ​នឹង​ចេញដំណើរ​ទៅ ហ្វីលីពីន នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៩​សម្រាប់​វិញ្ញាសា យូ​ដូ​។​
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ ថ្ងៃ ទី ២៥ តុលា ខាង មុខ ពី ប្រទេស​ឥណ្ឌូណេស៊ី ចាប់ ពី ៧ ល្ងាច តទៅ (​ម៉ោង កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕  
 

 

© រក្សាសិទ្ធិដោយ thmeythmey.com