វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​ឈ្មោះ​ព្រៃ​«​អា​ម៉ា​ហ្សូ​ន​»​មានន័យ​ដូចម្តេច​?
27, Oct 2019 , 10:30 pm        
រូបភាព
​ការ​សន្ម​ត​ជាច្រើន​បានលើកឡើង​ថា ព្រៃ​អា​ម៉ា​ហ្សូ​ន​មានឈ្មោះ​ល្បីល្បាញ​សព្វថ្ងៃនេះ​ដោយសារតែ​ជម្លោះ​រវាង​ជនជាតិ​អេ​ស្ប៉ា​ញ និង​ជនជាតិភាគតិច​ដែល​រស់នៅ​ក្នុងព្រៃ​នោះ​។ គេហទំព័រ The Culture Trip បាន​បកស្រាយ​ថា ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ឈ្មោះថា Francisco de Orellana ជា​បុគ្គល​ដំបូង​គេ​ដែល​បានធ្វើ​ដំណើរ​តាម​ដង​ទន្លេ​អា​ម៉ា​ហ្សូ​ន​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត ក្នុង​ឆ្នាំ​១៥៤០​។ លោក​ក៏​ជា​អ្នកបង្កើត​ទីក្រុង Guayaquil ដែល​សព្វ​ថ្ងៃជា​ទីក្រុង​នៃ​ប្រទេស​អេ​ក្វា​ដ័​រ​។

 
​ប្រវត្តិវិទូ​មួយចំនួន​បាន​និយាយថា លោក Orellana និង​ក្រុម​ជនជាតិ​ដែល​រស់នៅក្នុង​តំបន់​នោះ មាន​ឈ្មោះថា Tupuyas បាន​បង្ក​ឲ្យ​មាន​ជម្លោះ​នឹង​គ្នា​។ ជនជាតិ​ដែល​រស់នៅ​ទីនោះ មាន​ទាំង​ភេទ​ស្រី និង​ភេទ​ប្រុស​ដែល​បានមក​បង្កជម្លោះ​ជាមួយនឹង​លោក​។​
 
 ប៉ុន្តែ​ដោយសារតែ​សក់​របស់​ជនជាតិ​ទាំងនោះ​មាន​លក្ខណៈ​វែង ហើយ​ពួកគេ​ប្រើប្រាស់​ដើម​រុក្ខជាតិ​ជា​សំលៀកបំពាក់ (​ស្រដៀង​សំពត់​) លោក Orellana បាន​ភាន់ច្រឡំ​ថា​ពួកគេ​ទាំងនោះ​ជា​មនុស្ស​ស្រី​។ ដូច្នេះ​ទើប​លោក​ហៅ​ក្រុម​ជនជាតិ​ទាំងនោះ​ថា​«Amazon»​ក្រោយពី​តួអង្គ​នៅក្នុង​ប្រទេស​ក្រិ​ក ដែល​បកស្រាយ​ពី​ក្រុម​ស្ត្រី​មួយក្រុម​ដែលមាន​ភាពក្លាហាន​ខ្លាំង​ក្នុងការ​ប្រយុទ្ធ​។ 
 
​មតិ​ផ្សេងទៀត​បាន​និយាយថា ឈ្មោះ​ទន្លេ​អា​ម៉ា​ហ្សូ​ន​គួរតែ​បាន​គេ​ហៅ​ជា Rio Santa Maria de La Mar Dulce ដោយ​ជនជាតិ​អេស្បាញ​ក្នុងអំឡុង​១៥០០​។ Mar Dulce បានន័យថា​«​ទឹកសាប​» និង​ធំធេង​ហាក់បីដូចជា​សមុទ្រ​។ 
 
​មួយវិញទៀត ឈ្មោះ​អា​ម៉ា​ហ្សូ​ន​បាន​ដើមកំណើត​មកពី​ភាសា​ដើម​នៅ​ទីនោះ ដែល​បក​ទៅជា​ភាសា​អេស្បាញ​ថា Amassona ឬ​មានន័យថា​«Boat Breaker» ឬ «​អ្នកកម្ទេច​ទូក​» ដោយសារតែ​រុក្ខជាតិ​ធំៗ​ដែល​ដុះ​នៅ​ខាងក្រោម​ផ្ទៃ​ទឹក​នៃ​ទន្លេ​៕

Tag:
 ចំណេះដឹង​ទូទៅ​
  អា​ម៉ា​ហ្សូ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com