ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រាប់​សារព័ត៌មាន​ថ្មីៗថា គម្រោង​វិល​មក​កម្ពុជា គ្មាន​ការប្រែប្រួល​ទេ ទោះ​អាជ្ញាធរ​ត្រៀម​វិធានការ​
27, Oct 2019 , 5:18 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាងថា លោក​នឹង​ត្រឡប់មក​កម្ពុជា តាម​គម្រោង​នៅ​ថ្ងៃទី​៩ វិច្ឆិកា បើទោះបីជា​អាជ្ញាធរ​កម្ពុជា​ត្រៀមកម្លាំង​ចាប់ខ្លួន​ក្តី​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​នេះ មានការ​អមដំណើរ​ជាមួយ​ពលរដ្ឋ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស រួមទាំង​មន្ត្រី​សហគម​អន្តរជាតិ​ផងដែរ​។​



«​ផែន​ការវិល​ត្រឡប់មក​កម្ពុជា​នៅ​ថ្ងៃទី​៩ វិច្ឆិកា គឺ​អត់​មាន​ប្រែប្រួល​អ្វី​ទេ​»​។ នេះ​ជាការ​អះអាង​របស់លោក សម រង្ស៊ី ដែល​បាន​បន្ថែមថា លោក​មាន​វិធានការ​ចូលមក​ប្រទេស​កម្ពុជា ដោយ​មិនឱ្យ​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​បានឡើយ​។​

​សូម​លោក អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​ដូចតទៅ​៖

​ទាក់ទង​នឹង​វិធានការ​ចូលមក​កម្ពុជា​នេះ លោក សម រង្ស៊ី មិនទាន់​អាច​បញ្ជាក​បានឡើយ ដោយសារ​លោក​មិន​ចង់ឱ្យ​រដ្ឋាភិបាល​ដឹង​ពី​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ជាមួយគ្នានេះ​លោក សម រង្ស៊ី អះអាងថា ប្រជាពលរដ្ឋ​រាប់លាន​នាក់ នឹង​មក​ទទួល​លោក នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺ​ច្រើនជាង​ឆ្នាំ​២០១៣ រហូត​១០​ដង​។​



អត្ថបទទាក់ទង
 
 
​កាលពី​ថ្ងៃទី​២៦ តុលា រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បកស្រាយ​សកម្មភាព​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នា​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺ​ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ទម្លាក់​ព្រះមហាក្សត្រ ដែល​ផ្ទុយ​ពី​សកម្មភាព​មាតុភូមិ​និវត្ត កាលពី​ឆ្នាំ​២០១៣​។ ក្នុងន័យនេះ​សម្ដេច ស ខេង ព្យាយាម​ពន្យល់ថា ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​វិញ​របស់លោក សម រង្សី កាលពី​អាណត្តិ​ទី​៥​នោះ គឺ​ដោយសារ​ទទួល​បានការ​ប្រោស​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ដើម្បី​ធ្វើជា​ប្រធាន​បក្សនយោបាយ​ស្របច្បាប់ ក្នុង​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ។ ដោយសារ​យល់ឃើញ​បែបនេះ ទើប​សម្ដេច ស ខេង អះអាងថា រាល់​សកម្មភាព​ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី គឺ​ត្រូវ​ទប់ស្កាត់​។​

Tag:
 សម រង្ស៊ី
  ហ៊ុន សែន​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com