ជាតិ
បុណ្យអុំទូក
សង្គមជាតិ
ថ្ងៃ​៩ វិច្ឆិកា ធ្វើឱ្យ​អាជីវករ​លក់​អំបុក​ខ្លះ មាន​ក្តីសង្ឃឹម​!
28, Oct 2019 , 7:30 am        
រូបភាព
អ្នកស្រី ផឹត សំណាង ពាក់មួកស កំពុងច្រកអំបុកក្នុងថង់ ឱ្យអតិថិជន នៅក្នុងផ្សារបឹងត្របែក
អ្នកស្រី ផឹត សំណាង ពាក់មួកស កំពុងច្រកអំបុកក្នុងថង់ ឱ្យអតិថិជន នៅក្នុងផ្សារបឹងត្របែក
 ​ភ្នំពេញ​៖ អាជីវករ​លក់​អំបុក​ខ្លះ ផ្ដើម​មាន​ក្តី​រំពឹងថា អាច​លក់​អំបុក​បាន​ថ្លៃ ស្របពេល​រដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​៩ វិច្ឆិកា ទទួលទាន​អំបុក​ជុំគ្នា ជាពិសេស​នៅក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ​។ អាជីវករ​ទាំងនោះ បាននាំគ្នា​បញ្ជា​ទិញ​អំបុក សម្រាប់​យកមក​ទុក​លក់​ទៀតផង​។​

 
​ជា​អាជីវករ​ម្នាក់​នៅក្នុង​ផ្សារ​បឹងត្របែក អ្នកស្រី ផឹក សំណាង បាន​ត្រៀម​អំបុក​១​តោន សម្រាប់​យកមក​លក់​នៅ​ក្នុង​ពិធីបុណ្យ​អំ​ទូក ជាពិសេស​ចែកចាយ​បន្ត​ឱ្យ​អាជីវករ​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​។ អ្នកស្រី សំណាង លក់​តែ​អំបុក​លីង​ប៉ុណ្ណោះ​។ អំបុក​លីង​ជាមួយ​បង្គា​និង​ស្លឹក​តយ​របស់​អ្នកស្រី សំណាង លក់​តម្លៃ​២៥,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​អំបុក​មិនទាន់​លីង អ្នកស្រី សំណាង លក់​ក្នុងតម្លៃ​៩,០០០​រៀល​ឡើងទៅ ក្នុង​មួយ​គីឡូ សម្រាប់​អតិថិជន ដែល​បញ្ជា​ទិញ​តិច ឬ​ច្រើន​។​
 
 
អ្នកស្រី ផឹត សំណាង អង្គុយលក់អំបុក នៅក្នុងផ្សារបឹងត្របែក

​អង្គុយ​ក្រោម​ឆ័​ត្រ​ពាក់មួក​ស ដៃ​ច្រក​អំបុក​ក្នុង​ថង់​ឱ្យ​អតិថិជន ស្ត្រី​អ្នកលក់​អំបុក​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖««​ខ្ញុំ​ឱ្យ​អ្នកធ្វើ​អំបុក ធ្វើ​ទុកឱ្យ​ខ្ញុំ​១​តោន សម្រាប់​លក់​នៅ​អំឡុងពេល​បុណ្យអុំទូក​ខាងមុខ ដោយ​ក្នុងតម្លៃ​៨,០០០​រៀល ។ អំបុក​នឹង​ឡើងថ្លៃ​នៅពេល​បុណ្យ​អំ​ទូក​ខាងមុខនេះ ទើប​ខ្ញុំ​ឱ្យគេ​ធ្វើ​ទុក ជៀសវាង​ឡើងថ្លៃ​ហើយ ពិបាក​រក​ទិញ​យកមក​លក់​។ សម្រាប់​តម្លៃ​អំបុក​លីង​ដែល​ខ្ញុំ​លក់ ប្រហែល​អាច​ឡើងដល់​ជាង​៣​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​នៅ​ថ្ងៃ​អុំទូក​នោះ​»​។​
 
​បើតាម​អ្នកស្រី សំណាង ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​លក់​អំបុក​បាន​ចន្លោះ​ពី​១៥ ទៅ​២០​គីឡូក្រាម ខណៈ​តម្លៃ​អំបុក​ដែល​អ្នកស្រី​យក​ពី​អ្នក​ផលិត តែ​៧,០០០​រៀល​ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​។​
 
​ដោយសារ​ឃើញ​ឱកាស​ទីផ្សារ​អំបុក​មកដល់ នៅក្នុង​អំឡុងពេល​បុណ្យអុំទូក និង​ថ្ងៃទី​៩ វិច្ឆិកា​នោះ ទើប​អ្នកស្រី សាយ បូ​ណា បាន​ត្រៀម​អំបុក​១០០​គីឡូក្រាម សម្រាប់​លក់​ដូច​អ្នកស្រី ផឹក សំណាង ដែរ​។ សម្រាប់​អ្នកស្រី បូ​ណា ចំនួន​អំបុក​១០០​គីឡូ​នេះ គឺ​កើនឡើង​ខុសពី​ថ្ងៃ​លក់​ធម្មតា​។​
 
​ជា​អ្នកលក់​អំបុក​នៅ​ផ្សារ​ទួល​ទំពូង សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន ស្ត្រី​វ័យ​៤៣​ឆ្នាំ ដែល​បាន​តាមដាន​ស្ថានការណ៍​សង្គម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ជិត​ដល់​ថ្ងៃ​អុំទូក អំបុក​នឹង​ឡើងថ្លៃ ជាពិសេស​ឆ្នាំនេះ មានការ​ពិសារ​អំបុក​ជុំគ្នា​នៅ​ថ្ងៃទី​៩ វិច្ឆិកា​។ ដូច្នេះ​អំបុក​នឹង​ឡើងថ្លៃ​។ ហើយ​ខ្ញុំ​បាន​ទិញ​អំបុក​លីង​៥​ការុង (​ក្នុង​មួយ​ការុង​២០​គីឡូ​)​ទុក​សម្រាប់​លក់​រួចហើយ​។ ប៉ុន្តែ​មិនដឹងថា (​ចំនួន​អំបុក​១០០​គីឡូ​)​លក់​គ្រប់​ឬ​មិន​គ្រប់​នោះទេ​»​។​
 
​ទាំង​អ្នកស្រី ផឹក សំណាង និង​អ្នកស្រី សាយ បូ​ណា សុទ្ធ​តែមាន​ក្តី​រំពឹង​ខ្ពស់​ថា ខ្លួន​នឹង​អាច​រកចំណូលបាន​ច្រើន​ពី​ការលក់​អំបុក​នៅ​ឆ្នាំនេះ​។​
 
​កាលពី​ថ្ងៃទី​២២ តុលា សម្តេច ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ធ្វើជា​ថ្ងៃ​ដែល​កម្ពុជា​ត្រូវ​ទទួលទាន​អំបុក​នៅ​ទូទាំងប្រទេស​។ ការហូប​អំបុក​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់​និយមន័យ​ក្រោម​ពាក្យ​ថា «​ការពារជាតិ សាសនា​ព្រះមហាក្សត្រ​»​។ មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស រៀបចំ​អំបុក​ឱ្យបាន​អធិក​អាធ​ម​ទៀតផង​។​
 
 
​តាមពិតទៅ​ដើមចម ដែលនាំឱ្យ​មេដឹកនាំ​កម្ពុជា បង្កើត​យុទ្ធនា​ការទទួល​ទាន​អំបុក​នេះ គឺជា​ឆ្លើយតប​នឹង លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានប្រកាស​វិលត្រឡប់​ចូល​កម្ពុជា នៅ​ថ្ងៃទី​៩ វិច្ឆិកា​។​
 
 
អ្នកស្រី សាយ បូណា កំពុងអង្គុយលក់អំបុកនៅផ្សារទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន

​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នៅ​ថ្ងៃទី​២២ ខែតុលា ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ដូច្នេះ​ថា​៖ «​ខ្ញុំ​សុំ​ប្រកាស​យក​ថ្ងៃទី​៩​វិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​យើង ត​ភ្ជាប់​ជាមួយ​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ ធ្វើជា​ថ្ងៃ​រួមគ្នា​ទទួលទាន​អំបុក​ខ្មែរ​ទូទាំងប្រទេស​»​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ការរៀបចំ​ពិធី​អកអំបុក​ទូទាំងប្រទេស​នេះ ក៏​ជាការ​រួមចំណែក​ធ្វើឱ្យ​ផលិតផល​ខ្មែរ​ឡើងថ្លៃ​ផងដែរ​។ «​ព្រោះ​អំបុក វា​ត្រូវការ​ស្រូវ យកមក​បុក បាន​ទៅជា​អំបុក ស្រូវ​ក៏​ឡើងថ្លៃ អំបុក​ក៏​ឡើងថ្លៃ ដូង​ក៏​ឡើងថ្លៃ ចេក​ក៏​ឡើងថ្លៃ ស្ករផែន​ក៏​ឡើងថ្លៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​គួរ​បញ្ជាក់ថា នៅពេលដែល​រដូវ​ប្រមូល​ផល​ច្រូតកាត់​ស្រូវ​បានមក​ដល់​ហើយ​នោះ ប្រជាកសិករ​កម្ពុជា​ភាគច្រើន ដែល​រស់​នៅតាម​ទីជនបទ​តែងតែ​និយម​ដាល់អំបុក​។ ជាពិសេស​នោះ​គឺ ស្របពេល​ដែល​ប្រ​ទេ​កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​អុំទូក បណ្តែតប្រទីព អកអំបុក និង​សំពះ​ព្រះ​ខែ​។ អំបុក ជា​ចំណីអាហារ​ប្រពៃណី​របស់​ខ្មែរ​មួយ ដែល​ធ្វើឡើង​ពី​ប្រភេទ​ស្រូវ​ថ្មី និង​ប្រភេទ​ដ៏​ទៃ ទៀត​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ពិសារ​។​
 
​ពលរដ្ឋ​ភាគច្រើន​បាន​និយម​ជ្រើស​យក​ប្រភេទ​ស្រូវ​ថ្មី​មក​ដាល់​ធ្វើជា​អំបុក ពីព្រោះ​ស្រូវ​ប្រភេទ​នេះ អាចធ្វើឱ្យ​អំបុក​មាន​ក្លិនក្រអូប​ឈ្ងុយ​គួរឱ្យ​ចង់​ពិសារ​។ ក្រៅពី​ប្រភេទ​ស្រូវ​ថ្មី គេ​ក៏​អាច​យក ប្រភេទ​ស្រូវដំណើប ស្រូវ​ខ្សាយ​ផងដែរ ប៉ុន្តែ​ជាធម្មតា គេ​ប្រើតែ​ស្រូវដំណើប​ជាង​ស្រូវ​ខ្សាយ ព្រោះស្រូវ​ដំណើប​អាចធ្វើ​សាច់​អំបុក​ស្អិត​ល្អ​៕

 

 

Tag:
 អំបុក​
  ៩ វិច្ឆិកា​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com