ភ្នំពេញ៖ ស្មៅបារាំងកំពុងក្លាយជារបរដាំដុះដ៏ពេញនិយមសម្រាប់កសិករនៅកម្ពុជា។ អ្នកដាំស្មៅបារាំងសម្រាប់ឲ្យគោស៊ី អះអាងថា ស្មៅប្រភេទនេះ បានផ្ដល់ផលចំណេញជាងដាំស្រូវ រហូតដល់អ្នកដាំស្មៅខ្លះ ហ៊ានជួលដីរាប់ហិកតា សម្រាប់ដាំស្មៅនេះទៀតផង។
ស្មៅបារាំងប្រវែងប្រមាណកន្លះម៉ែត្រ ដើមមូលមានរោមនៅតាមថ្នាំងនីមួយ ដែលមានទំហំប៉ុនចុងចង្កឹះ ត្រូវបានលោក សេង នី ច្រូតចងជាបាច់ៗយកមកលក់ឲ្យឈ្មួញកណ្ដាលនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជារៀងរាល់ព្រឹកលោក សេង នី វ័យ៥៥ឆ្នាំ តែងតែដឹកស្មៅពីចម្ការយកមកលក់ ។ លោក នី បានជួលដីគេទំហំ៥ហិកតា សម្រាប់ដាំស្មៅប្រភេទនេះ។ តម្លៃដីដែលលោក បានជួល គឺមួយឆ្នាំ២៥០ដុល្លារក្នុងមួយហិកតា នៅក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល។
លោក សេង នី ដឹកស្មៅមកលក់បន្តឲ្យឈ្មួញក្នុងខណ្ឌដង្កោ
ដៃជើងប្រឡាក់ភក់ លោក សេង នី ឈរក្បែរម៉ូតូបន្ទាប់ពីទម្លាក់ស្មៅហើយ បានប្រាប់សារព័ត៌មានថ្មីៗថា ចាប់ពីខែមករាដល់ខែឧសភា លោកអាចលក់ស្មៅបានពី៨០ទៅ៩០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែផុតពីខែនេះទៅ លោក លក់បានជាង១០ម៉ឺនរៀលប៉ុណ្ណោះ ដោយសារដល់ខែសម្បូរស្មៅ ហើយលក់មិនសូវដាច់ គួបផ្សំនឹងតម្លៃទាប ដោយស្មៅមួយបាច់តម្លៃ៨០០រៀលប៉ុណ្ណោះ។
អ្នកទិញស្មៅ កំពុងអង្គុយលើម៉ូតូ និងអ្នកលក់ស្មៅ អ្នកស្រី ឆេង វួចលីម ពាក់អាវខៀវ
«ដាំស្មៅនេះ ទទួលបានផលចំណេញជាងដាំស្រូវ។ ស្មៅស្រួលដាំ គ្រាន់តែភ្ជួរដី បូមទឹកដាក់ ហើយដាក់ស្មៅភ្ជួររាស់គឺរួច។ រយៈពេលតែជិត១ខែ គឺអាចច្រួតលក់បាន ហើយដី៥ហិកតាហ្នឹង ច្រូតឆ្លាស់កន្លែងគ្នាគឺយើងច្រូតបានរាល់ថ្ងៃ។ ច្រូតបីទៅបួនដង ពេលស្មៅមិនសូវល្អ យើងបាចជីបន្តិចទៅស្មៅល្អហើយ។ តែបើដាំស្រូវវិញជួលគេច្រើនដំណាក់កាលនិងពិបាកថែ និងប្រមូលផលមិនបានចំណូលច្រើនដូចដាំស្មៅទេ»។ នេះជាការអះអាងរបស់លោក សេង នី។
អ្នកស្រី បាន ចន្ថាកំពុងចងស្មៅជាបាច់
ដើមឡើយបុរសវ័យ៥៥ឆ្នាំរូបនេះ គឺជាឈ្មួញទិញចេក និងដាំស្រូវលក់ទេ ប៉ុន្តែក្រោយពីមើលឃើញ អ្នកភូមិប្រកបរបរដាំស្មៅបារាំងនេះ ផ្ដល់ផលល្អនោះ លោក ក៏សម្រេចចិត្តមកដាំប្រភេទនេះតែម្ដង។ «ខ្ញុំឃើញគេច្រូតស្មៅលក់ និងអ្នកខ្លះដាំលក់ច្រូតលក់បានរាល់ថ្ងៃ ខ្ញុំក៏សាកសួរគេបន្តក្នុងភូមិ ហើយបានដាំស្មៅនេះ អស់រយៈពេល៥ឆ្នាំហើយ»។ នេះជាការលើកឡើងរបស់លោក នី ដែលបានប្រកបរបរនេះ ៥ឆ្នាំមកហើយ។
ចំពោះបញ្ហាប្រឈមនៃការដាំស្មៅបារាំង គឺនៅពេលទឹកឡើងខ្លាំង ដែលបណ្ដាលឱ្យលិចស្មៅរលួយ ។ ប៉ុន្តែបញ្ហានេះ មិនសូវកើតមានញឹកញាប់នោះទេ។ នេះជាការបញ្ជាក់របស់អ្នកស្រី បាន ចន្ថា ដែលបានអះអាងថា ស្មៅបារាំង ដែលច្រូតបានច្រើនកាលណា គឺឈ្មួញកណ្ដាលប្រមូលទិញទាំងអស់គ្មានសល់។
អ្នកស្រី បាន ចន្ថា និង ម្ដាយ កំពុងច្រូតស្មៅ
ស្ត្រីវ័យ៣៦ ឆ្នាំ ដែលបានប្រកបរបរដាំស្មៅ៦ឆ្នាំមកនេះ បានបញ្ជក់ដូច្នេះថា៖««ដាំស្មៅនេះ យើងច្រូតបានរាល់ថ្ងៃ។ ក្បាលដីជាង៤០ម៉ែត្រនិងបណ្ដោយជាង៦០ម៉ែត្រ ចំណាយប្រចាំថ្ងៃក្នុងហ្នឹង ខ្ញុំនៅសល់ទិញអង្ករបានពីរការ៉ុងទៀត ។តែបើកាលពីខ្ញុំដាំស្រូវ ខ្ញុំត្រូវជួលគេគ្រប់យ៉ាងហើយលក់ត្រូវបានតម្លៃទាប ចំណាយប្រចាំថ្ងៃមិនគ្រប់ហើយអង្ករហូបវិញក៏មិនគ្រាន់»។
ជាឈ្មួញប្រមូលទិញស្មៅបារាំងនៅភូមិតំណាក់ដង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នកស្រី ឆេង វួចលីម បានទិញស្មៅជាង១០០០បាច់ឡើង នៅក្នុងចន្លោះខែមករា ដល់ខែឧសភា សម្រាប់យកទៅលក់បន្តឱ្យម្ចាស់កសិកដ្ឋាន ឬអ្នកចិញ្ចឹមគោស៊ីជាលក្ខណៈគ្រួសារផ្ទាល់តែម្ដង។ ជាឈ្មួញរកស៊ីទិញស្មៅលក់ជិត២០ឆ្នាំនេះ អ្នកស្រី លឹម បានបញ្ជាក់ដូច្នេះថា៖ «ខែនេះ លក់បានជាង៥០០បាច់ប៉ុណ្ណោះ(ព្រោះស្មៅធម្មជាតិក៏សំបូរច្រើន) ហើយចំណេញ បាន១០០ទៅ២០០រៀល ក្នុងមួយបាច់។
ម្ដាយ អ្នកស្រី ចន្ថា សម្រាកពីច្រូតស្មៅ
ទាំងលោក សេង នី និងអ្នកស្រី បាន ចន្ថា សុទ្ធតែអះអាងថា របរដាំស្មៅបារាំងលក់នេះ បានផ្លាស់ប្ដូរជីវភាពខ្លួន ឱ្យកាន់តែមានភាពប្រសើរឡើង៕