អន្តរជាតិ
ប្រមុខ​ក្រុម​រដ្ឋ​ឥស្លាម បំផ្ទុះ​ខ្លួនឯង ក្រោយ​យោធា​អាមេរិក​តាម​ទាន់​
28, Oct 2019 , 11:08 am        
រូបភាព
មេដឹកនាំក្រុមរដ្ឋឥស្លាម អាប៊ី បាកើ អាល់-បាក់ដាឌី ពេលកំពុងប្រកាសបង្កើតក្រុមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤។ រូបភាព Xinhua
មេដឹកនាំក្រុមរដ្ឋឥស្លាម អាប៊ី បាកើ អាល់-បាក់ដាឌី ពេលកំពុងប្រកាសបង្កើតក្រុមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤។ រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែតុលា បានប្រកាស​ពី​ការស្លាប់​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី (Abu Bakr al-Baghdadi) ដែល​ត្រូវបាន​ចាត់ទុកជា​ជន​ដែល​ត្រូវ​ស្វែងរក​តាម​ចាប់​បំផុត​របស់​ពិភពលោក​។ លោក ត្រាំ បាន​ហៅ​មេដឹកនាំ​ក្រុម​ជ្រុលនិយម​រូបនេះ​ជា​ជន​កំសាក​។ មេដឹកនាំ​អាមេរិក​រូបនេះ បាន​កោតសរសើរ​កម្លាំង​ពិសេស​អាមេរិក​ដែល​ធ្វើ​ប្រតិបត្តិ​កណ្ដាលរាត្រី​នៅក្នុង​ទឹកដី​ស៊ី​រី​។



​ទីបំផុត អាមេរិក​អាច​ប្រមាញ់​មេដឹកនាំ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​អុកឡុក​ពិភពលោក​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី ប្រមុខ​ក្រុម​រដ្ឋ​ឥស្លាម បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន និង​កូន​ចំនួន​បីនាក់​ទៀត​ក្នុង​រូង​ក្រោម​មួយកន្លែង​ក្នុង​ទឹកដី​ស៊ី​រី ខណៈ​រត់គេច​ពី​ប្រតិបត្តិការ​របស់​យោធា​ពិសេស​អាមេរិក​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ពី​មរណភាព​របស់​មេដឹកនាំ​ភេរវ​ករ​មួយ​នៅ​ថ្ងៃទី​២៧ ខែតុលា ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រតិបត្តិការ​ពេល​រាត្រី​បានបញ្ចប់​។

​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក ត្រាំ អះអាងថា ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ដ៏​គ្រោះថ្នាក់​មួយ​នេះ ហើយ​មាន​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ទៀត បាន​ហោះ​ពីលើ​ទីតាំង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​របស់​ស៊ី​រី​ផងដែរ​។ យ៉ាងណាមិញ លោក ត្រាំ មិន​បញ្ជាក់​ពី​ចំនួន​យោធា​ដែល​ចូលរួម ឬ​អង្គភាព​ទ័ព​ឡើយ តែ​បញ្ជាក់ថា ជា​អង្គភាព​ទ័ព​ពិសេស​របស់​អាមេរិក​។ សត្វ​ឆ្កែ និង​មនុស្ស​យន្ត​បញ្ជា ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រមាញ់​នេះដែរ​។​

​លោក ត្រាំ និយាយថា អាល់​-​បាក់​ដា​ឌី ស្ថិតក្នុង​ការតាមដាន​អស់​ពេល​ប៉ុន្មាន​សប្ដាហ៍​មកហើយ ដោយមាន​ក្រុម​ឃើ​ដ​ជួយផ្ដល់​ព័ត៌មាន​ទាក់ទង​សកម្មភាព​របស់​មេដឹកនាំ​រូបនេះ​។ បន្ទាប់ពី​បញ្ជាក់​ទីតាំង​លាក់ខ្លួន​រួចហើយ យោធា​អាមេរិក​ក៏​ផ្ដើមធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃទី​២៧ ខែតុលា​តែម្ដង​។ ចេញពី​បន្ទាយ​ក្នុង​ទឹកដី​អ៊ីរ៉ាក់ យោធា​អាមេរិក ត្រូវ​ឆ្លងកាត់​ទឹកដី​គ្រោះថ្នាក់​ជាច្រើន ហើយ​ដែន​អាកា​សែ​ដែល​គ្រប់គ្រង​ដោយ​តួ​ក​គី រុស្ស៊ី និង​ស៊ី​រី​។ បើតាម​លោក ត្រាំ អាមេរិក​បានស្នើ​សុំ​ការសហការ​ពី​ប្រទេស​ទាំងនេះ​។​

​ទៅដល់​ទីតាំង យោធា​អាមេរិក បាន​បាញ់​តទល់​ជាមួយ​សកម្មជន​រដ្ឋ​ឥស្លាម ប៉ុន្តែ​មិនមាន​របាយការណ៍​ទាក់ទង​ការស្លាប់​របស់​យោធា​អាមេរិក​ឡើយ​។ ក្រោយ​បាញ់​ទៅមក​ដែល​សម្លាប់​អ្នកគាំទ្រ​លោក អាល់​-​បាក់​ដា​ឌី​ជាច្រើន និង​ប្រពន្ធ​ម្នាក់​ផង​នោះ កម្លាំង​ពិសេស​អាមេរិក​ក៏​រកឃើញ អាល់​-​បាក់​ដា​ឌី ដែល​ក្នុង​អាគារ​ជាមួយ​កូនៗ​បីនាក់​។ បើតាម​លោក ត្រាំ មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម បាន​រត់តាម​រូង​ក្រោម​ដី​មួយ ខណៈ​យោធា​អាមេរិក ក៏បាន​លែង​ឆ្កែ​ដេញតាម​ផងដែរ​។

«​រូបគេ​បានរ​ត់ដល់​ផ្លូវ​ទាល់ ហើយក៏​បំផ្ទុះ​គ្រាប់បែក​ដែល​ដាក់​ជាប់​ចង្កេះ​សម្លាប់ខ្លួន និង​កូនៗ​តែម្ដង​។​» នេះ​បើតាម​ការលើកឡើង​រប​ស់លោក ត្រាំ ដែល​បន្តថា តាមដាន​ប្រតិបត្តិការ​នេះ ប្រៀប​ដូច​មើល​ភាពយន្ត​ដូច្នោះ​ដែរ​។ យោធា​អា​មេរិ​ក​ក៏​ចាប់ផ្ដើម​វិភាគ​ទិន្នន័យ​នានា ហើយ​ដកថយ​វិញ និង​យក​ព័ត៌មាន​ដែល​ទទួលបាន​ទៅ​វិភាគ​ដើម្បី​ប្រាកដថា អាល់​-​បាក់​ដា​ឌី ពិតជា​ស្លាប់​មែន​។ ពី​ទឹកដី​អាមេរិក លោក ត្រាំ ក៏​ប្រាប់​ប្រជាជន​អាមេរិក និង​ពិភពលោក​ឲ្យ​ដឹង​ពី​ប្រតិបត្តិការ​នេះ​៕

Tag:
 អាមេរិក​
  ក្រុម​រដ្ឋ​ឥស្លាម​
  ដូ​ណា​ល់ ត្រាំ​
  Abu Bakr al-Baghdadi
© រក្សាសិទ្ធិដោយ thmeythmey.com