អន្តរជាតិ
ប៉ូលិសវៀតណាម ប្រមូលគំរូ DNA ពីគ្រួសារដែលសង្ស័យថាមានសាច់ញាតិស្លាប់ក្នុងទូកុងតឺន័រនៅអង់គ្លេស ប្រជាជនវៀតណាម កំពុងតែកាន់ទៀន ដើម្បីបួងសួងដល់សាកសពទាំង៣៩នាក់នៅក្នុងព្រះវិហារមួយក្នុងប្រទេសវៀតណាម
× មន្ត្រីវៀតណាម នៅថ្ងៃទី២៧ ខែតុលា បានប្រមូលយកគំរូ DNA ពីគ្រួសារ ដែលសង្ស័យថាមានសមាជិកជាទីស្រលាញ់របស់ពួកគេ បានស្លាប់នៅក្នុងទូកុងតឺន័រក្នុងប្រទេសអង់គ្លេស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់ប្រភពប្រភពសន្តិសុខ និងអ្នកភូមិវៀតណាម។
ក្នុងហេតុការណ៍រកឃើញសាកសពមនុស្ស៣៩នាក់នៅក្នុងចក្រភពអង់គ្លេស ពីដំបូងឡើយត្រូវបានសមត្ថកិច្ចអង់គ្លេស កំណត់អត្តសញ្ញាណថា គឺជាជនជាតិចិន។ ប៉ុន្តែមានជនជាតិវៀតណាមបួន ប្រាំគ្រួសារ ជឿថា សាច់ញាតិរបស់ពួកគេក៏នៅបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ ប្រភពសន្តិសុខនៅក្នុងប្រទេសវៀតណាមបានលើកឡើងថា មនុស្សមួយក្រុមត្រូវបានគេបញ្ជូនឲ្យទៅយកគំរូ DNA ពីអ្នកភូមិ ដែលសង្ស័យថា មានសមាជិករបស់ពួកគេជាជនរងគ្រោះដើម្បីយកទៅពិនិត្យដូចជា សក់ និងឈាមជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាក៏ដោយ មន្ត្រីប៉ូលិស បានបញ្ជាក់ថាលទ្ធផលពិនិត្យ DNA មិនអាចធ្វើភ្លាមៗបានឡើយ គឺត្រូវរង់ចាំសិន ប៉ុន្តែពួកគេ នឹងព្យាយាមពន្លឿនការពិនិត្យមួយនេះ។
រឿងសាកសពមនុស្សទាំង ៣៩នាក់នេះ ត្រូវបានគេជឿថា គឺជាការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅអឺរ៉ុប ដើម្បីទទួលបានលក្ខខណ្ឌជីវិតដ៏ល្អមួយ។ ទាក់ទិននឹងរឿងនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាឲ្យទីភ្នាក់ងារផ្សេងគ្នាស្រាវជ្រាវដើម្បីឲ្យច្បាស់ថា តើករណីនេះមានការជាប់ពាក់ព័ន្ធទៅនឹងធ្វើអន្តោប្រវេសន៍ខុសច្បាប់ឬទេ។ ទីភ្នាក់ងារព័ត៌មានAFP ផ្សាយថា មនុស្ស៤នាក់ ត្រូវបានគេឃុំខ្លួនបណ្តោះអាសន្ន ពីបទការរៀបចំធ្វើដំណើរទៅបរទេសខុសច្បាប់ ប៉ុន្តែមិនទាន់មានការចោទប្រកាន់ជាផ្លូវការនៅឡើយទេ។
នៅចក្រភពអង់គ្លេសឯណោះវិញ អ្នកបើកបររថយន្តធុនធំរស់នៅអៀរឡង់ខាងជើង ដែលបើកឡានដឹកសាកសពនេះ ត្រូវបានជាប់ចោទពីបទមនុស្សឃាត និងជួញដូរមនុស្ស ខណៈបុរសអៀរឡង់ខាងជើងម្នាក់ទៀត ត្រូវបានគេចាប់ខ្លួននៅទីក្រុងនៅថ្ងៃទី២៦ ខែតុលា។ មនុស្សបីនាក់ទៀត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ តែត្រូវបានដោះលែងវិញ ក្នុងលក្ខខណ្ឌស្ថិតក្រោមការតាមដានរបស់ប៉ូលិស។
សូមបញ្ជាក់ថា សាកសពមនុស្សចំនួន ៣៩នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទូកុងតឺន័រនៅក្នុងប្រទេសអង់គ្លេស។ ក្នុងនោះមាន សាកសពមនុស្សប្រុសចំនួន ៣១នាក់ និងស្រី ៨នាក់។ តាមការពិនិត្យរបស់សមត្ថកិច្ចអង់គ្លេស ទូកុងតឺន័រនោះត្រូវបានគេដឹកចេញពីប្រទេសប៊ុលហ្គារី ហើយចូលទៅកាន់ចក្រភពអង់គ្លេស តាមរយៈក្រុង Holyhead ក្នុងប្រទេសវែល កាលពីថ្ងសៅរ៍ ទី១៩ តុលា កន្លងទៅ៕
Tag:
វៀតណាម
ចក្រភពអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com