អន្តរជាតិ
ប៉ូលិស​វៀតណាម ប្រមូល​គំរូ DNA ពី​គ្រួសារដែលសង្ស័យថាមានសាច់ញាតិ​​ស្លាប់​ក្នុង​ទូកុងតឺន័រ​នៅ​អង់គ្លេស​
28, Oct 2019 , 2:44 pm        
រូបភាព
ប្រជាជនវៀតណាម កំពុងតែកាន់ទៀន ដើម្បីបួងសួងដល់សាកសពទាំង៣៩នាក់នៅក្នុងព្រះវិហារមួយក្នុងប្រទេសវៀតណាម
ប្រជាជនវៀតណាម កំពុងតែកាន់ទៀន ដើម្បីបួងសួងដល់សាកសពទាំង៣៩នាក់នៅក្នុងព្រះវិហារមួយក្នុងប្រទេសវៀតណាម
​មន្ត្រី​វៀតណាម នៅ​ថ្ងៃទី​២៧ ខែតុលា បាន​ប្រមូលយក​គំរូ DNA ពី​គ្រួសារ ដែល​សង្ស័យថា​មាន​សមាជិក​ជាទី​ស្រលាញ់​របស់​ពួកគេ បាន​ស្លាប់​នៅក្នុង​ទូ​កុងតឺន័រ​ក្នុងប្រទេស​អង់គ្លេស​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​ប្រភព​ប្រភព​សន្តិសុខ និង​អ្នកភូមិ​វៀតណាម​។



​ក្នុង​ហេតុការណ៍​រកឃើញ​សាកសព​មនុស្ស​៣៩​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស ពីដំបូង​ឡើយ​ត្រូវបាន​សមត្ថកិច្ច​អង់គ្លេស កំណត់​អត្តសញ្ញាណ​ថា គឺជា​ជនជាតិ​ចិន​។ ប៉ុន្តែ​មាន​ជនជាតិ​វៀតណាម​បួន ប្រាំ​គ្រួសារ ជឿថា សាច់ញាតិ​របស់​ពួកគេ​ក៏​នៅបាន​បាត់បង់​ជីវិត​នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ ប្រភព​សន្តិសុខ​នៅក្នុង​ប្រទេស​វៀតណាម​បាន​លើកឡើងថា មនុស្ស​មួយក្រុម​ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ទៅយក​គំរូ DNA ពី​អ្នកភូមិ ដែល​សង្ស័យថា មាន​សមាជិក​របស់​ពួកគេ​ជា​ជនរងគ្រោះ​ដើម្បី​យកទៅ​ពិនិត្យ​ដូចជា សក់ និង​ឈាម​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​យ៉ាងណាក៏ដោយ មន្ត្រីប៉ូលិស បាន​បញ្ជាក់ថា​លទ្ធផល​ពិនិត្យ DNA មិនអាច​ធ្វើ​ភ្លាមៗ​បានឡើយ គឺ​ត្រូវ​រង់ចាំ​សិន ប៉ុន្តែ​ពួកគេ នឹង​ព្យាយាម​ព​ន្លឿ​ន​ការពិនិត្យ​មួយ​នេះ​។

​រឿង​សាកសព​មនុស្ស​ទាំង ៣៩​នាក់​នេះ ត្រូវបាន​គេ​ជឿថា គឺជា​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ទៅ​អឺរ៉ុប ដើម្បី​ទទួលបាន​លក្ខខណ្ឌ​ជីវិត​ដ៏​ល្អ​មួយ​។ ទាក់ទិន​នឹង​រឿងនេះ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​ផ្សេងគ្នា​ស្រាវជ្រាវ​ដើម្បី​ឲ្យ​ច្បាស់​ថា ​តើ​ករណីនេះ​មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ឬទេ​។ ទីភ្នាក់ងារ​ព័ត៌មាន​AFP ផ្សាយ​ថា មនុស្ស​៤​នាក់ ត្រូវបាន​គេ​ឃុំខ្លួន​បណ្តោះអាសន្ន ​ពីបទ​ការរៀបចំ​ធ្វើដំណើរ​ទៅ​បរទេស​ខុសច្បាប់ ប៉ុន្តែ​មិនទាន់មាន​ការចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ​។

​នៅ​ចក្រភព​អង់គ្លេស​ឯណោះ​វិញ អ្នកបើកបរ​រថយន្ត​ធុន​ធំ​រស់នៅ​អៀរ​ឡង់​ខាងជើង ​ដែល​បើកឡាន​ដឹក​សាកសព​នេះ ត្រូវបាន​ជាប់ចោទ​ពីបទ​មនុស្សឃាត និង​ជួញដូរ​មនុស្ស ខណៈ​បុរស​អៀរ​ឡង់​ខាងជើង​ម្នាក់ទៀត ត្រូវបាន​គេ​ចាប់ខ្លួន​នៅ​ទីក្រុង​នៅ​ថ្ងៃទី​២៦ ខែតុលា​។ មនុស្ស​បីនាក់​ទៀត ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ តែ​ត្រូវបាន​ដោះលែង​វិញ ក្នុង​លក្ខខណ្ឌ​ស្ថិតក្រោម​ការតាមដានរ​បស់​ប៉ូលិស​។​

​សូមបញ្ជាក់ថា សាកសព​មនុស្ស​ចំនួន ៣៩​នាក់ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ទូ​កុងតឺន័រ​នៅក្នុង​ប្រទេស​អង់គ្លេស​។ ក្នុងនោះ​មាន សាកសព​មនុស្ស​ប្រុស​ចំនួន ៣១​នាក់ និង​ស្រី ៨​នាក់​។ តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​អង់គ្លេស ទូ​កុងតឺន័រ​នោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ប្រទេស​ប៊ុលហ្គារី ហើយ​ចូលទៅ​កាន់​ចក្រភព​អង់គ្លេស តាមរយៈ​ក្រុង Holyhead ក្នុងប្រទេស​វែ​ល  កាលពី​ថ្ង​សៅរ៍ ទី​១៩ តុលា កន្លងទៅ​៕ 

Tag:
 វៀតណាម​
  ចក្រភព​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com