រថយន្ត
អន្តរជាតិ
សង្គ្រាម​ឧបទ្វីប​កូរ៉េ​ជា​អ្នកផ្តល់​កំណើត​ឲ្យ​រថយន្ត Land Cruiser
28, Oct 2019 , 8:59 pm        
រូបភាព
​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ ត្រូវបាន​គេ​ឃើញ​ធ្វើដំណើរ​នៅតាម​តំបន់​លំបាក​នានា ដូចជា​តំបន់​វាល​ខ្សាច់​សាហា​រា តំបន់​ទឹកកក​អាកទិច និង​ពេលខ្លះ​ដូចជា​តំបន់​ធម្មតា​នៅក្នុង​ទីក្រុង​។ សម្រាប់​រថយន្ត​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សឹងតែ​គ្រប់​ទីកន្លែង​នេះ វា​មាន​ប្រវត្តិ​ជាង​៦០​ឆ្នាំ​មកហើយ ពោលគឺ​នៅក្នុង​ពេលដែល​ប្រទេស​កូរ៉េ​ទាំងសងខាង​កំពុង​ដែលមាន​ជម្លោះ​នឹង​គ្នា​ដំបូង​។



​ការដកស្រង់​មួយ​ចេញពី​គេហទំព័រ Car and Driver បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​១៩៥០ សហរដ្ឋអាមេរិក​កំពុងតែ​គាំទ្រ​កូរ៉េខាងត្បូង ទប់ទល់​ជាមួយនឹង​កូរ៉េខាងជើង ដែល​នៅ​ពីក្រោយ​ដោយ​សហភាពសូវៀត​។ ក្នុង​កាលៈទេសៈ​នៃ​សង្គ្រាម​នេះ សហរដ្ឋអាមេរិក​កំពុង​ត្រូវការ​រថយន្ត​ចម្បង ដើម្បី​ទប់ទល់​ជាមួយនឹង​ការវាយលុក​។ ដោយហេតុនេះ សហរដ្ឋអាមេរិក​បាន​ចាត់តាំង​ប្រទេស​ជប៉ុន​ក្នុង​ការផលិត​រថយន្ត​ដែល​អាច​ប្រើប្រាស់​ក្នុងស្ថានភាព​សង្គ្រាម​បាន​។

​នៅក្នុង​ឆ្នាំ​១៩៥១ រថយន្តទ័ព​ដំបូង​របស់​ក្រុមហ៊ុន​តូយ៉ូតា ដែល​ទាហាន​អាមេរិក​ត្រូវការ​នេះ​ត្រូវបាន​ចាប់កំណើត​ឡើង មាន​ឈ្មោះថា Toyota Jeep BJ ជា​ប្រភេទ​ម៉ាស៊ីន​ស៊ីឡាំង​ស្រប ទំហំ​៣.៤​លីត្រ​។ រថយន្ត Jeep BJ នេះ​ត្រូវបាន​គេ​យក​លំនាំ​តាម​រថយន្ត Jeep របស់​ទ័ព​អាមេរិក​ដែល​វត្តមាន​នៅក្នុង​ប្រទេស​ជ​ប៉ុន​។ ក្រោយមក Toyota Jeep BJ បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ស្ថាប័ន​ប៉ូលីស​ជាច្រើន​នៅក្នុង​តំបន់ ជាពិសេស​ក្រុមនគរបាល​ជាតិ​នៃ​ប្រទេស​ជប៉ុន​។

​ដោយសារតែ​ហេតុនេះ ក្រុមហ៊ុន​រថយន្ត​អាមេរិក​មិន​បង្ហាញ​ភាពសប្បាយ​ចិត្ត​របស់ខ្លួន​នោះ​ឡើង នៅពេលដែល Toyota Jeep BJ របស់​ជប៉ុន​កំពុង​ដែល​វាយលុក​ទីផ្សារ​នៃ​រថយន្ត Willys Jeep របស់ខ្លួន (Willys Jeep ជា​រថយន្ត​ទាហាន​របស់​សហរដ្ឋអាមេរិក​ក្នុងសម័យ​ដូចគ្នានេះដែរ​)​។ ដូចនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​មេ​រិ​ក​បានប្រកាសថា ឈ្មោះ​«Jeep»​គឺជា​ឈ្មោះ​របស់​ពួកគេ​ផ្ទាល់ ហើយ​តូយ៉ូតា​បាន​ប្រើប្រាស់​ឈ្មោះ​មួយ​នេះ​ដោយ​មិនមាន​ការអនុញ្ញាត​ត្រឹមត្រូវ​។

​ដោយ​ឆ្លើយតប​ជាមួយនឹង​រឿងនេះ តូយ៉ូតា​បាន​ប្តូរ​ឈ្មោះ​រថយន្ត​របស់ខ្លួន​ទៅជា Land Cruiser វិញ​នៅក្នុង​ឆ្នាំ​១៩៥៤​។ ក្នុង​ឆ្នាំ​១៩៥៨ រថយន្ត Land Cruiser ដែល​ផលិត​មក​ក្នុងការ​ប្រើប្រាស់​ធម្មតា ក្រៅពី​សមរភូមិ ត្រូវបាន​គេ​ដាក់លក់​ក្នុង​ទីផ្សារ​អាមេរិក​ដំបូង​ទៅ​ឲ្យ​អតិថិជន​ទូទៅ​។ រហូតមកដល់​សព្វថ្ងៃ គេ​ឃើញ​មាន Land Cruiser សេរី​២០ ដំបូង​ក្នុង​ឆ្មាំ​១៩៥៨ សេរី​៤០​ក្នុង​ឆ្នាំ​១៩៦១ សេរី​៥៥​ក្នុង​ឆ្នាំ​១៩៦៧ សេរី​៦០​ក្នុង​ឆ្នាំ​១៩៨០ សេរី​៨០​ក្នុង​ឆ្នាំ​១៩៩០ រហូតមកដល់​សេរី​១០០​ក្នុង​ឆ្នាំ​២០០០ និង​សេរី​២០០​ក្នុង​ឆ្នាំ​២០០៨៕


© រក្សាសិទ្ធិដោយ thmeythmey.com