កីឡាជាតិ
ជាតិ
​ព្រះខ័ន​រាជ​ស្វាយរៀង​លើក​ពាន​លី​គ​កំពូល​ក្នុង​ទឹកដី​ខ្លួនឯង ជាមួយនឹង​ប្រាក់រង្វាន់​៦០​លាន​រៀល​
28, Oct 2019 , 5:05 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គជា​ផ្លូវការ កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ក្រៅពី​មេដាយ និង​ពាន​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៦០​លាន​រៀល ដែល​បង្ក​ឲ្យ​មាន​ជាការ​រិះ​ពី​សំណាក់​អ្នកគាំទ្រ​។ ថ្នាក់ដឹកនាំ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​បាន​អះអាងថា លោក​នឹង​ព្យាយាម​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​នានា ដើម្បី​បំប៉ោង​កញ្ចប់​ថវិកា​លើកទឹកចិត្ត​សម្រាប់​ក្រុម​ជ័យលាភី នា​រដូវ​កាល​ក្រោយៗ​ទៀត​។ 

 


​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ដល់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩ ក្រោយ​ជំនួប​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​អាស៊ី​អឹ​រ៉ុ​ប ៦-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​, លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។



​តាមពិត​ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Conor Nester មួយ​នេះ បាន​គ្រង​ជើងឯក​ពានរង្វាន់​នេះ តាំងពី​៥​ថ្ងៃមុន​មកម្ល៉េះ ពោលគឺ​បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​សប្តាហ៍​ទី​២៤​នៅលើ​ទឹកដី​ខ្លួន កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​។ នេះ​ជាការ​គ្រង​ជើងឯក​លើក​ទី​២ បន្ទាប់ពី​ក្រុម​នេះ​បាន​គ្រង​ជើងឯក​ម្តង​កាលពី​ឆ្នាំ​២០១៣​។ ការលើក​ពាន​ទាំង​មិន​ស្គាល់​ចាញ់​នេះ បាន​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង ជាប់​កំណត់ត្រា​ជា​ក្រុម​ដំបូង​គែ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។

​ក្រៅពី​ពាន​និង​មេដាយ ព្រះខ័ន​រាជ​ស្វាយរៀង ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦០​លាន​រៀល​ផងដែរ ពី​ការ​គ្រង​ជើងឯក​នេះ​។ ការផ្តល់​ប្រាក់រង្វាន់ ៦០​លាន​រៀល​នេះ បាន​បង្ក​ឲ្យ​មានមតិ​រិះគន់​យ៉ាងច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ទៅលើ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​អ្នកគាំទ្រ​ខ្លះ​បាន​លើកឡើងថា ថវិកា​លើកទឹកចិត្ត​នេះ គឺ​មិន​សាក​សម នឹង​កម្លាំង​ពលកម្ម​របស់​កីឡាករ ដែល​បាន​ខិតខំ​កន្លងមកនេះ​ទេ ហើយ​អ្នកខ្លះ​បាន​ចំអក​ឲ្យ​ថា ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​លី​គ​កំពូល ដែល​ចំណាយពេល​ប្រកួត​ជាង​៨​ខែ មិន​ស្មើនឹង​ថវិកា​លើកទឹកចិត្ត​ក្នុង​ពានរង្វាន់ ដែល​រៀបចំ​ដោយ​ក្រុម​ឯកជន ដែលមាន​រយៈពេល​ពី​២​ទៅ​៣​ខែ​ជាដើម​។ មតិ​ខ្លះទៀត បាន​យក​ថវិកា​ក្នុង​ពាន​លី​គ​កំពូល​កម្ពុជា​ទៅ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ជាដើម​។



​ពាក់ព័ន្ធ​ការរិះគន់​នេះ លោក ឈី កុល​បុត្រា អនុប្រធាន​លេខាធិការដ្ឋាន​នៃ CNCC បាន​បញ្ជាក់ថា លោក​នឹង​ជួប​ពិគ្រោះ​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុងន័យ​បំប៉ោង​កញ្ចប់​ថវិកា​លើកទឹកចិត្ត​សម្រាប់​ក្រុម​ជើងឯក​នៅ​ឆ្នាំក្រោយៗ​ទៀត​។ លោក​បាន​បន្ថែមថា លោក​តែងតែ​ឃើញ​ការរិះគន់​របស់​អ្នកគាំទ្រ​ជុំវិញ​បញ្ហា​នេះ តែ​ខាង CNCC មិនអាច​ធ្វើ​អ្វី​តាម​ការចង់បាន​ពី​ទស្សនិកជន​ភ្លាមៗ​នោះទេ​។  

«​យើង​នឹងមាន​កិច្ចប្រជុំ​ជាមួយ​ក្លិប និង​ថ្នាក់ដឹកនាំ CNCC ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រាក់រង្វាន់​លើកទឹកចិត្ត​នៅ​រដូវ​កាល​ក្រោយៗ​។ ព្រោះ​រឿង​អ្វីមួយ យើង​មិនអាច​សម្រេចចិត្ត​ភ្លាមៗ​នោះទេ គឺ​យើង​ត្រូវការ​ប្រជុំ ពិគ្រោះ​យោបល់ និង​ពិនិត្យ​ទាំងអស់គ្នា​។ យើង​ចង់​(​ពង្រីក​កញ្ចប់​ថវិកា​)​ចេះតែ​ចង់​ហើយ តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​និរន្តរភាព ស្ថេរភាព និង​ចីរភាព​ក្នុងការ​ដំណើរការ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈី កុល​បុត្រា​។

​លោក​បាន​បន្ថែមថា​៖«​យើង​នឹង​ព្យាយាម​ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​បន្តិច​ម្តងៗ ព្រោះ​បើ​យើង​ធ្វើ​យ៉ាងគំហុគ​តែម្តង គឺ​មិនអាច​ទៅរួច​នោះទេ ព្រោះ​ស្រុក​យើង​ទើប​តែមាន​សុខសន្តិភាព យើង​មិនអាច​ឃើញ​ស្រុក​ធ្វើ​អ៊ីចឹង​យើង​ធ្វើ​ដូច​គេ​នោះទេ​។



​ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ CNCC រូបនេះ បាន​លើក​ជា​មតិ​បញ្ច្រាស​ពី​ការ​រិះគន់ថា កត្តា​ដែល​ធ្វើ​កញ្ចប់​ថវិកា​លើកទឹកចិត្ត​សម្រាប់​ក្រុម​ជ័យលាភី​នៅមានកម្រិត ដោយសារ​ក្នុង​មួយៗ​ឆ្នាំ CNCC ត្រូវយក​ថវិកា​មួយចំនួន​ផ្តល់​ឲ្យ​ក្លិប​នីមួយៗ ដើម្បី​រៀបចំ​ការប្រកួត​របស់​ខ្លួន​។ លោក​អះអាងថា បើ​បូកសរុប​ថវិកា​លើកទឹកចិត្ត​ជាមួយ​ថវិកា​ផ្តល់​ឲ្យ​ក្លិប​នីមួយៗ​ប្រចាំឆ្នាំ គឺ​ខាង CNCC ចំណាយ​មិន​ចាញ់​បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ុន្មាន​នោះទេ​។

​ជាមួយគ្នានេះ លោក កុល​បុត្រា អំពាវនាវ​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បង្ក​ភាពងាយស្រួល ដល់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ក្នុងការ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ សម្រាប់​បំប៉ោង​កញ្ចប់​ថវិកា​លើកទឹកចិត្ត​ឲ្យ​កាន់តែ​ធំ​នៅ​ឆ្នាំក្រោយៗ​ទៀត​។ គួរ​បញ្ជាក់ថា សុពលភាព​កិច្ចសន្យា​រវាង CNCC ជាមួយ​ក្រុមហ៊ុន Metfone នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២១៕


Tag:
 ព្រះខ័ន​រាជ​ស្វាយរៀង​
  វិសាខា​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com