អន្តរជាតិ
បក្សកុម្មុយនិស្តចិន បើកកិច្ចប្រជុំគណមជ្ឈិម, ហុងកុង និងជម្លោះពាណិជ្ជកម្មអាចជារបៀបវារៈធំ កិច្ចប្រជុំថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ ២០១៨
× គណមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំលើកទីបួនរបស់ខ្លួននៅថ្ងៃទី២៨ ខែតុលានេះដើម្បីកំណត់ និងជជែកអំពីគោលនយោបាយជាតិសំខាន់ៗសម្រាប់ឆ្នាំខាងមុខ បន្ទាប់ពីពន្យារពេលជាច្រើនខែ។ បញ្ហាបាតុកម្មនៅទីក្រុងហុងកុង និងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ក៏អាចជារបៀបវារៈមួយនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលបក្សកុម្មុយនីស្តចិននេះផងដែរ។
កិច្ចប្រជុំគណមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទីបួន បានចាប់ផ្តើមហើយ អគ្គលេខាធិការបក្សលោកស៊ី ជិនភីង កំពុងលើកបញ្ហាជាច្រើនយកមកពិភាក្សា ដើម្បីកែលម្អប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធសង្គមនិយមដ៏ឥតខ្ចោះរបស់ចិន។ កិច្ចប្រជុំនេះ មានរយៈពេលបួនថ្ងៃពីថ្ងៃទី២៨ ដល់ទី៣១ ខែតុលា។
គណមជ្ឈិមបក្ស គឺជាអង្គការធំមួយក្នុងចំណោមអង្គការនានារបស់បក្សកុម្មុយនីស្តចិនផ្សេងទៀត។ ចំពោះកិច្ចប្រជុំសមាជិកបក្សនេះទៀតសោត តែងធ្វើឡើងតែមួយឆ្នាំម្តងប៉ុណ្ណោះ។សម្រាប់ឆ្នាំ២០១៩នេះ កិច្ចប្រជុំលើកទី៤ ដែលមានសមាជិកបក្សរហូតដល់៣៧០រូប ត្រូវបានប្រារព្ធឡើង បន្ទាប់ពីខកខានជាងមួយឆ្នាំមក បើគិតពីជំនួបលើកទីបី។ បញ្ហាមិនយល់ស្របគ្នាលើគោលនយោបាយរបស់ប្រទេសពីសំណាក់មន្ត្រីជាន់ខ្ពស់ចិនទាំងឡាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ជារៀងរាល់ឆ្នាំ ដើម្បីលាក់ការសម្ងាត់ សមាជិកបក្សទាំងអស់ត្រូវមានវត្តមាននៅក្នុងសាលប្រជុំ និងមិនឲ្យដើរចេញពីទីកន្លែងនោះឡើយ។ រហូតដល់ថ្ងៃបិទបញ្ចប់ មានតែព័ត៌មានរដ្ឋចិនXinhua តែមួយគត់ ដែលទទួលបន្ទុកក្នុងការចុះផ្សាយព័ត៌មានទាំងឡាយ។
ពិតណាស់ថា កិច្ចប្រជុំគណមជ្ឈិមបក្សកុម្មុយនិស្ត គឺមានសារសំខាន់ណាស់។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ សមាជិកបក្សទាំងអស់ បានសម្រេចលុបចោលការកំណត់ការកាន់តំណែងបាន ២អាណត្តិរបស់ប្រធានាធិបតីចិន។ បានសេចក្តីថា លោកស៊ី ជិនភីង អាចនឹងកាន់តំណែងជាប្រធានាធិបតីមួយជីវិត។
នាជំនួបលើកទី៤នេះ បញ្ហាសេដ្ឋកិច្ច វិបត្តិហុងកុង ជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានគេរំពឹងថា ជារបៀបវារៈសំខាន់។ កិច្ចផ្ទៃក្នុងបក្សដូចជាការតែងតាំងមនុស្សជំនិតលោក ស៊ី ឲ្យកាន់តំណែងគ្រាក់ៗ ក៏អាចស្ថិតក្នុងការជជែកដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com