ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ក្រសួង​សេដ្ឋកិច្ច​៖ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ៦.៥ ភាគរយ​នៅ​ឆ្នាំ​២០២០
28, Oct 2019 , 10:39 pm        
រូបភាព
រូបភាពបានពីហ្វេសប៊ុក ក្រសួងសាធារណៈការ និងដឹកជញ្ជូន
រូបភាពបានពីហ្វេសប៊ុក ក្រសួងសាធារណៈការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​ទទួលបាន​កំណើន ៦.៥​ភាគរយ ដែល​ថយ​ល្បឿន​ខ្លះ បើ​ធៀប​នឹង​កំណើន​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​អាច​សម្រេច ៧.១​ភាគរយ​។ នេះ​បើតាម​ខ្លឹមសារ​សង្ខេប​ស្ដីពី​សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។


​កំណើន​ព្យាករ​ខាងលើនេះ នឹងធ្វើ​ឲ្យ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០ មាន​ចំនួន ២៩,៣៦២​លាន​ដុល្លារ ខណៈ GDP សម្រាប់​មនុស្ស​ម្នាក់​គឺ ១,៨១៦ ដុល្លារ ធៀប​នឹង ១,៦៧៩​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​ដដែល​នេះ​។​

​កំណើនសេដ្ឋកិច្ច​នេះ ត្រូវបាន​គាំទ្រ​ដោយ​កំណើន​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវបាន​ព្យាករ​ថា​នឹង​ថមថយ​មក​ក្នុង​រង្វង់ ៨.៩​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ធៀប​នឹង ១០.៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​ការរំពឹងទុក​នូវ​កំណើន​យឺត នៃ​វិស័យ​កាត់ដេរ និង​វិស័យ​សំណង់​។ ផ្នែក​កាត់ដេរ​អាច​នឹង​មានកំ​ណើ​ន​ទាប ដោយសារ​ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​លទ្ធភាព​ប៉ះពាល់​ដែល​បណ្ដា​លពី​ភាពមិនច្បាស់លាស់ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មរ​បស់ដៃ​គូក​ម្ពុ​ជាមួយ​ចំនួន​។ ក្រសួង​សេដ្ឋកិច្ច​បន្តទៀតថា និន្នាការ​ថ្មីៗ​នេះ អនុវិស័យ​សំណង់​អាច​ប្រឈម​នឹង​ការកែតម្រូវ​ទីផ្សារ ដែល​អាច​នឹងធ្វើ​ឲ្យ​កំណើន​នៃ​វិស័យនេះ​ថមថយ​ខ្លះ​។ តែ​វិស័យ​មិនមែន​កាត់ដេរ ដូចជា​ម្ហូបអាហារ ឧស្សាហកម្ម​ដំឡើង​យានយន្ត គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម និង​ស៊ីម៉ងត៍ ទាំង​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ និង​តម្រូវការ​ក្នុងស្រុក នឹងមាន​សន្ទុះ​កំណើន​ខ្ពស់​។​

​វិស័យ​សេវាកម្ម​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​យឺត​ក្នុង​រង្វង់ ៦.៤​ភាគរយ ធៀប​នឹង ៦.៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ដោយសារតែ​កំណើន​វិស័យ​អចលនទ្រព្យ​អាច​នឹង​យឺត ខណៈ​ផ្នែក​លក់ដុំ​-​រាយ និង​សណ្ឋាគារ ភោជនីយដ្ឋាន នៅមាន​កំណើន​ល្អប្រសើរ​។ ក្រសួង​សេដ្ឋកិច្ច ប្រាប់ថា ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន អាច​សម្រេច​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៩ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ពិសេស​មកពី​តំបន់​អាស៊ី ដោយសារ​ការលើកទឹកចិត្ត​ឲ្យ​មាន​ការបើក​ជើងហោះហើរ​ត្រង់​កាន់តែច្រើន និង​ដាក់ចេញ​គោលនយោបាយ​ទាក់ទាញ​ទេសចរ​បន្ថែម​។ លក់ដុំ​-​រាយ នៅ​រក្សា​កំណើន​ល្អប្រសើរ ព្រោះ​កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​។ ដោយឡែក​វិស័យ​អចលនទ្រព្យ​អាច​នឹងមាន​កំណើន​យឺត​ដោយសារ​លទ្ធភាព​ថមថយ​លើ​តម្រូវការ​សំណង់​អគារ​ដែលមាន​ថ្លៃ​ខ្ពស់​។

​ចំពោះ​វិស័យ​កសិកម្ម​វិញ​អាច​សម្រេចបាន​កំណើន​ប្រហែល​ទៅនឹង​ឆ្នាំ​២០១៩ គឺ​ក្នុង​រង្វង់​១.៧​ភាគរយ​។ ប៉ុន្តែ​ផ្អែក​តាម​ការវិវត្ត​ក្នុងពេល​ថ្មីៗ​នេះ កំណើន​នេះ​អាច​ថមថយ​ខ្លះ ដោយ​កំណើន​យឺត​ផ្នែក​ដំណាំ បើទោះបី​ផ្នែក​នេសាទ និង​ចិញ្ចឹមសត្វ​មាន​កំណើន​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច​ក្ដី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ផ្នែក​ដំណាំ​អាច​នឹងមាន​កំណើន​ទាប ដោយសារ​កំណើន​ផលិតភាព​ទាប ភាពមិន​អំណោយផល​នៃ​កត្តា​អាកាសធាតុ និង​ភាព​មាន​កម្រិត​នៃ​ការវិនិយោគ​កែច្នៃ​កសិផល ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ភាពទន់ខ្សោយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​សមត្ថភាព​ស្ថាប័ន​។​

​អត្រា​អតិផរណា​ប្រចាំឆ្នាំ ត្រូវប៉ាន់​ស្មានថា​ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ក្នុង​អត្រា ២.៩​ភាគរយ ក្នុង​ឆ្នាំ​២០២០ ស្រប​នឹង​ការរំពឹងទុក​នៃ​ការកើនឡើង​ខ្លះ​នៃ​ថ្លៃ​ម្ហូបអាហារ ជាពិសេស​ថ្លៃ​អង្ករ ខណៈ​ថ្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​អាច​នឹង​បន្ត​ធ្លាក់ចុះ ដែល​អាច​បណ្ដាលមកពី​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​។ រីឯ​អត្រា​ប្ដូរប្រាក់ គឺ​ស្ថិតក្នុង​រង្វង់ ៤,០៥៤​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​។ ទុនបម្រុង​អន្តរជាតិ ត្រូវ​រំពឹងថា នឹង​កើន​ដល់​ប្រមាណ ១៣​ពាន់​លាន​ដុល្លារ ដែល​ធានា​ការនាំ​ចូល​៦.១​ខែ​។​

«​កម្ពុជា​នៅតែ​អាច​បន្ត​សម្រេចបាន​កំណើនសេដ្ឋកិច្ច​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​។ តែ​ហានិភ័យ​ក៏មាន​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​នេះដែរ​។ ក្រសួង​អះអាង​ដូច្នេះ​ថា​៖«​សេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​ប្រឈម​ហានិភ័យ និង​បញ្ហា​ប្រឈម​មួយចំនួន ទាំង​ទិដ្ឋភាព​ខាងក្នុង​និង​ខាងក្រៅ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចីរភាព​កំណើន និង​បង្ក​ភាពរអាក់រអួល​ដល់​កិច្ច​អភិវឌ្ឍ​។ ក្នុងន័យនេះ​រដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ និង​បន្ត​រៀបចំ​ដាក់​ឲ្យ​អនុវត្ត​វិធានការ​គោលនយោបាយ​មុត​ស្រួច​មួយចំនួន​ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​ជម្នះ​បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ស​ម្រេ​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ប្រកបដោយ​ចីរភាព​»៕

Tag:
 កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com