ជាតិ
មន្ត្រី​៖ ក្រសួងទេសចរណ៍ បេ្ត​ជ្ញា​អភិរក្ស​សត្វ​ផ្សោត ដែល​កំពុង​រងគ្រោះថ្នាក់​
29, Oct 2019 , 8:19 am        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ សត្វ​ផ្សោត​ជា​ប្រភេទ​សត្វ​ជលផល​កំពុង​រងគ្រោះថ្នាក់​មួយ​ប្រភេទ ក្នុងចំណោម​សត្វ​ជលផល​កំពុង​រងគ្រោះថ្នាក់​សរុប​៥៨ ដែល​បានកំណត់​ក្នុង​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​។ លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានលើកឡើង​បែបនេះ នៅក្នុង​ពិធី ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ កើន​ផ្សោត កើន​ទេសចរ កើន​ជីវភាព កាលពី​ថ្ងៃទី​២៥ ខែតុលា ។



​លោក តុ​ប សុភ័ក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សត្វ​ផ្សោត​នៅ​កម្ពុ​ជាមាន​ចំនួន​សរុប​ប្រមាណ​៩២​ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​តម្រូវ​ឲ្យ​មានការ​ចិត្ត​ទុកដាក់​អភិរក្ស និង​មាន​យុទ្ធសាស្ត្រ​អភិរក្ស​ច្បាស់លាស់​។

​លោក សេង ទៀក នាយក​អង្គការ WWF បាន​លើកឡើងថា អង្គការ WWF នៅ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​ខណ្ឌ​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។ នាយក​អង្គការ WWF រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុង​ឆ្នាំ​២០១៨-២០១៩ កូន​ផ្សោត​ថ្មី​កើនឡើង​២០​ក្បាល ខណៈ​សត្វ​ផ្សោត​ស្លាប់​ចំនួន​៦​ក្បាល ។​

​ក្រៅពីនេះ អង្គការ បាន​យកចិត្តទុកដាក់​លើ​គម្រោង​ប្ដូរ​មុខរបរ​របស់​ប្រជាពលរដ្ឋ​ពី​ការនេសាទ​ខុសច្បាប់​នៅ​ជុំវិញ​តំបន់​ការពារ​សត្វ​ផ្សោត ដោយ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ រៀបចំ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍ ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕






Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com