ជាតិ
អ្នកស្រី សូរ សម្បត្តិ ប្រឹង​ច្នៃ​កាបូប​ពី​កំប្លោក តាំងពី​គ្មាន​ទីផ្សារ រហូត​ផលិត​មិនទាន់​អ្នកទិញ​
29, Oct 2019 , 8:59 am        
រូបភាព
រូបភាពកាបូបធ្វើពីកំប្លោក ពីអ្នកស្រី សម្បតិ្ត ម្ចាស់សិប្បកម្ម នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប
រូបភាពកាបូបធ្វើពីកំប្លោក ពីអ្នកស្រី សម្បតិ្ត ម្ចាស់សិប្បកម្ម នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប
​ភ្នំពេញ​៖ រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដែល​អ្នកស្រី សូរ សម្បត្តិ បាន​ប្រឹង​ច្នៃ​កាបូប​ពី​កំប្លោក ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ និង​ផ្គត់ផ្គង់​ទីផ្សារ​។ បច្ចុប្បន្ន​ម្ចាស់​សិប្បកម្ម​រូបនេះ អាច​ផលិត​កាបូប​កំប្លោក ចាប់ពី​៥០០​កាបូប​ឡើងទៅ សម្រាប់​តម្រូវការ​អតិថិជន​។​



​កាបូប​កំប្លោក​ជាង​១០០​ម៉ូត ត្រូវបាន​អតិថិជន​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត រួមទាំង​ឈ្មួញ​នៅ​អាមេរិក ជប៉ុន កូរ៉េខាងត្បូង និង​អាល្លឺម៉ង់​ជាដើម បាន​បញ្ជា​ទិញ​ពី​អ្នកស្រី សូរ សម្បត្តិ ដែលជា​ម្ចាស់​សិប្បកម្ម​កាបូប​កំប្លោក​នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ខេត្តសៀមរាប​។ អតិថិជន​ទាំងនោះ បាន​បញ្ជា​ទិញ​កាបូប​កំប្លោក​ពី​អ្នកស្រី សម្បត្តិ ជិត​១០០០​កាបូប​។ សម្រាប់​អ្នកស្រី សម្បត្តិ ការបញ្ជាទិញ​ច្រើន​បែបនេះ វា​ជាការ​បង្ហាញ​ពី​អត្ថន័យ​ធំធេង នៃ​ការគាំទ្រ​ដល់​ផលិតផល​ខ្មែរ​។​

«​កាបូប​ខ្ញុំ គឺ​អ្នក​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ភាគច្រើន​ទិញ​យកទៅលក់​បន្ត អ្នកខ្លះ​ឲ្យ​ធ្វើ​ឲ្យ​គេ​៣០ ទៅ​៥០​កាបូប ខ្លះ​ដល់​ទៅ​១០០​កាបូប​ក៏មាន បើ​គិត​ទៅ​ប្រមាណ​៤០០​ទៅ​៥០០​កាបូប​សម្រាប់​អ្នកទិញ​នៅក្នុង​ប្រទេស​។ សម្រាប់​អ្នក​ក្រៅប្រទេស​បញ្ជា​ទិញ​ពី​២០០​ទៅ​៥០០ ខ្លះទៅ​១០០០​កាបូប​ក្នុង​មួយខែ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ស​ម្ប​តិ្ត​។​


កាបូបកំប្លោក (រូបភាពពីអ្នកស្រី សូរ សម្បត្តិ

​ចំពោះ​ការនាំ​ចេញទៅ​ក្រៅប្រទេស​វិញ ភាគច្រើន​អ្នកបញ្ជា​ទិញ​យកតែ​តួខ្លួន​នៃ​កាបូប​ប៉ុណ្ណោះ ពោលគឺ​ពួកគេ​យកទៅ​ច្នៃ​ដាក់​ដៃ ឬ​ខ្សែ​ស្បែក​ជា​ម៉ូត​ថ្មី​បន្តទៀត ខុសពី​ពលរដ្ឋ​ខ្មែរ ដែល​ទិញយក​កាបូប​ស្រាប់ៗ​ទៅ​លក់​បន្ត ឬ​ប្រើប្រាស់​។ នេះ​បើតាម​ម្ចាស់​សិប្បកម្ម​កាបូប​កំប្លោក ដែល​បាន​បន្ថែមថា អ្នកស្រី​មិនទាន់​ចេះ​ពី​របៀប​ច្នៃ​ដាក់​ដៃ ឬ ខ្សែ​ជា​ស្បែក​នោះទេ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកស្រី សូរ សម្បត្តិ បាន​និយាយ​ដូច្នេះ​ថា​៖«​ការ​បូ​ប​ខ្ញុំ​អាច​នាំ​ចេញទៅ​ក្រៅ​បាន ដោយសារ​ខ្ញុំ​ត្បាញ​ស្អាត មាំ​ជាប់ គឺ​ត្បាញ​កំប្លោក​ទាំងមូល មិន​ច្រៀក​ជា​ពីរ​ឡើយ​។ គុណភាព​ល្អ ដោយសារ​បាន​យក​កំប្លោក​ទៅ​ស្ពង់​សម្លាប់​មេរោគ​សត្វល្អិត​លើ​ដើម​កំប្លោក​។ កាបូប​ខ្ញុំ​ពេលចេញ​ម៉ូត​ថ្មីៗ​មក មាន​ការបញ្ជាទិញ​ច្រើន​។ ប៉ុន្តែ​ម៉ូត​មួយៗ​ទាល់តែ​ដេក​គិត ត្បាញ​យ៉ាងណា​ឲ្យ​ល្អ ជាពិសេស​ពិបាកធ្វើ​ពុម្ព​» ។​

​ដ្បិត​មានការ​គាំទ្រ​ច្រើនក្តី ប៉ុន្តែ​វា​ក៏មាន​បញ្ហា​ប្រឈម​ក្នុងការ​កែច្នៃ​វត្ថុធាតុដើម​ដែរ​។ នោះ​ក៏​ព្រោះតែ​ដើម​កំប្លោក​ត្រូវការ​ពេល​១៥​ថ្ងៃ សម្រាប់​ហាល​ឲ្យ​ស្ងួត​ល្អ ទើប​អាច​យកទៅ​ផលិត​កាបូប​បាន ដែល​នាំ​ឲ្យ​អ្នកបញ្ជា​ទិញ​រង់ចាំ​យូរ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សម្បត្តិ ដែល​បាន​បន្ថែមថា កាបូប​កំប្លោក អាច​យកទៅ​ប្រើប្រាស់​រយៈ​ពេល​យូរ ហើយ​មិន​ងាយ​ខូច​នោះទេ​។​



​ម្ចាស់​សិប្បកម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​អ្នក​បើ​ថែ កាបូប​កំប្លោក​អាច​ប្រើ​បាន​៧​ទៅ​៨​ឆ្នាំ ប្រសិនបើ​ត្រូវ​ទឹក​សើម​កុំ​ទុក​យូរ គ្រាន់តែ​ហាលថ្ងៃ​ទៅ គឺ​លែង​អី​ហើយ​។​ចំពោះ​តម្លៃ​កាបូប គឺ​ចាប់ពី​១០​ទៅដល់​៣០​ដុល្លារ តាម​ម៉ូត​»​។

​ដើមឡើយ​អ្នកស្រី សម្បត្តិ ជា​អ្នកធ្វើ​អង្រឹង​ពី​កំប្លោក​លក់​នោះទេ ប៉ុន្តែ​ក្រោយពី​ទទួលបាន​ការបង្រៀន​ពី​អង្គការ​ជប៉ុន ក្នុង​ការច្នៃ​កំប្លោក​ត្បាញ​ទៅជា​កាបូប នៅ​ឆ្នាំ​២០០៧​នោះ បានធ្វើឱ្យ​អ្នកស្រី​ចាប់អារម្មណ៍​ងាក​មក​ចាប់​ជំនាញ​នេះ​វិញ​។ បើតាម​អ្នកស្រី សម្បត្តិ ការផលិត​ការ​បូ​ប​កំប្លោក​មុនដំបូង មិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ពី​អតិថិជន​ក្នុងស្រុក​ទេ ពោលគឺ​ភាគច្រើន​មាន​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​។​«​កាលពី​ប៉ុន្មាន​ឆ្នាំមុន ចំនួន​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​មាន​ច្រើនជាង​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ចំនួន​អ្នកបញ្ជា​ទិញ​ក្នុងស្រុក​ច្រើនជាង​វិញ​»​។ នេះ​បើតាម​អ្នកស្រី ស​ម្ប​តិ្ត​។​








Tag:
 សិប្បកម្ម​
  កាបូប​
  កំប្លោក
© រក្សាសិទ្ធិដោយ thmeythmey.com