ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! បញ្ចុះ​កម្រិត​អាំង​ស៊ុយ​លីន​ដោយ​មិនបាច់​ប្រើ​ថ្នាំ​ជាមួយ​រូបមន្ត​ធម្មជាតិ​
29, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្រិត​អាំង​ស៊ុយ​លីន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​មិន​ថា​អ្នក​កំពុង​ព្យាយាម​រក្សា​កម្រិត​សម្ពាធ​ឈាម​ប្រក្រតី ឬ​ចង់​ស្រក​ទម្ងន់​ដែល​លើស​ឆាប់រហ័ស​ឡើយ​។ នោះ​ក៏​ព្រោះតែ​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់​ពេក គ្រប់​ពេក​អាច​បង្កបញ្ហា​រាងកាយ​ធន់​នឹង​អាំង​ស៊ុយ​លីន​។ ហើយ​អ្វីដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នោះ គឺ​ការកើនឡើង​នូវ​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​អាចធ្វើឱ្យ​កោសិកា​លែង​សូវ​ប្រតិកម្ម​តប​នឹង​វា​ដែល​នាំ​ជា​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន រួមទាំង​ជំងឺ​ទឹកនោមផ្អែម ការឡើង​រឹង​នៃ​សរសៃឈាម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង ខ្លាញ់​រុំ​ថ្លើម​ជាដើម​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​បញ្ចុះ​អាំង​ស៊ុយ​លីន​ដោយ​មិនបាច់​ប្រើ​ថ្នាំ ៖

១. ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​រយៈពេល ៣០ នាទី​មុន​ពេលបាយ​ដើម្បី​បញ្ចុះ​កម្រិត​អាំង​ស៊ុយ​លីន​។​

២. ទទួលទាន​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​

​ប្រសិនបើ​អ្នក​ងាយ​នឹង​ឡើង​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់ ចូរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា​អ្នក​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​អាចជួយ​បង្កើន​ភាពប្រែប្រួល​នៃ​អាំង​ស៊ុយ​លីន​គួរឱ្យកត់សម្គាល់​ដោយ​កោសិកា​ប្រតិកម្ម​តប​កាន់តែ​ប្រសើរ​ទៅនឹង​អាំង​ស៊ុយ​លីន​។​

៣. ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​

​ខណៈពេល​កម្រិត​ការទទួល​ទាន​កាបូ​អ៊ី​ដ្រា​ត អ្នក​គួរ​បង្កើន​ការទទួល​ទាន​ជាតិ​សរសៃ​ឱ្យបាន​ច្រើន​ជាប្រចាំ​។ អ្នកជំនាញ​ជាច្រើន​និយាយថា​របប​អាហារ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​មាន​ប្រយោជន៍​ណាស់ ពិសេស​សម្រាប់​អ្នក​ដែល​ចង់​បញ្ចុះ​កម្រិត​អាំង​ស៊ុយ​លីន​ពី​ក្នុង​រាងកាយ​។ ជាតិ​សរសៃ​ជួយ​ពន្យឺត​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៤. កាត់បន្ថយ​ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​និង​ស្ករ​

​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព រួមបញ្ចូល​ទាំង​បញ្ហា​រក្សា​កម្រិត​អាំង​ស៊ុយ​លីន​ត្រឹមត្រូវ​។ អាំង​ស៊ុយ​លីន​ត្រូវ​កើនឡើង​ដូច្នេះ​ទើប​កោសិកា​អាច​ស្រូបយក​នូវ​ជាតិ​ស្ករ​។ ប៉ុន្តែ​ក៏​ព្រោះតែ​កោសិកា​មិន​ប្រតិកម្ម​តប​នឹង​អាំង​ស៊ុយ​លីន​នោះ​បរិ​មាណនៃ​អាំង​ស៊ុយ​លីន​ត្រូវ​កើន​ខ្ពស់​ឡើងៗ​ក្នុង​ឈាម​។​

៥. ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​

​ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​កោសិកា​ឱ្យ​ឆ្លើយតប ឬ​មានប្រតិកម្ម​កាន់តែ​ប្រសើរ​នឹង​អាំង​ស៊ុយ​លីន​ដូច្នេះ​កម្រិត​នៃ​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​ត្រូវ​ថយចុះ​គួរឱ្យកត់សម្គាល់​។​

​ប្រយ័ត្ន​! ប្រសិនបើ​កម្រិត​នៃ​អាំង​ស៊ុយ​លីន​របស់​អ្នក​ឡើង​ខ្ពស់​ជាប្រចាំ ហើយ​អម​មកជា​មួយ​នូវ​អាកា​រៈ​មួយចំនួនទៀត​ដូចជា​ជ្រុះ​សក់ ពណ៌​ស្បែក​ប្រែប្រួល មុន ហើម​កជើង ឡើង​ទម្ងន់​ខុស​ប្រក្រតី និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ​ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com