ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ល្វីងក៏គួររៀនញ៉ាំ! “ទឹកម្រះស្រស់” ទប់ស្កាត់មហារីក ទឹកនោមផ្អែម និងច្រើនទៀត
× រសជាតិនៃទឹកផ្លែម្រះស្រស់ប្រហែលជាល្វីង ប៉ុន្តែត្រឹមតែ ១ កែវនៃទឹកបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលច្រើនណាស់ចំពោះសុខភាព។ ហើយបើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ផ្លែម្រះ ប៉ុន្តែប្រហែលមិនធ្លាប់ចាប់អារម្មណ៍ឡើយថាទឹកម្រះអាចផ្ដល់ផលល្អៗអ្វីខ្លះនៅពេលទទួលទានជាប្រចាំ!
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានទឹកម្រះស្រស់ ៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ម្រះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ Triterpenoids សារធាតុ Polyphenols និងសារធាតុ Flavonoids ដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។ បន្លែល្វីងនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ព្រមទាំងកោសិកាមហារីកផងដែរ។
២. បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ
ទឹកម្រះមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ។ ដូច្នេះហើយការទទួលទានទឹកម្រះស្រស់ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាកម្រិតនៃសម្ពាធឈាមផងដែរ។
៣. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
តើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះមែនទេ? ប្រសិនបើអ្នកកំពុងប្រឈមមុខជាមួយហានិភ័យនៃបញ្ហាសុខភាពមួយនេះ ចូរព្យាយាមទទួលទានទឹកម្រះស្រស់ជាប្រចាំ។ នោះក៏ព្រោះតែម្រះមានប្រសិទ្ធភាពអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនអោយឡើងខ្ពស់បានយ៉ាងប្រសើរ។
៤. បន្សាបកម្ចាត់ជាតិពុលចេញពីរាងកាយ
ទឹកបន្លែរសជាតិល្វីងនេះនៅពេលទទួលទានជាប្រចាំ គឺនឹងមានសមត្ថភាពអាចកម្ចាត់ជាតិពុលដែលប្រមូលផ្ដុំក្នុងរាងកាយបានប្រកបដោយប្រសិទ្ធភាពខ្ពស់គួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត ទឹកម្រះស្រស់ គឺមានអត្ថប្រយោជន៍កាន់តែពិសេសទៅទៀតសម្រាប់អ្នកដែលកំពុងព្យាយាមផ្ដាច់បារី ខណៈដែលវាអាចជួយសម្រួលដល់ការកម្ចាត់ជាតិពុលផ្សេងៗពីបារី។
៥. បង្កើនការរំលាយអាហារ
ទឹកម្រះស្រស់មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary ដែលសម្រួលដល់ដំណើរការនៃការរំលាយអាហារអោយកាន់តែមានលក្ខណៈប្រសើរឡើង និងទប់ស្កាត់បញ្ហាទល់លាមក។ ដូច្នេះចូរព្យាយាមទទួលទានទឹកម្រះស្រស់មួយកែវជាប្រចាំ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com