ជាតិ
សង្គមជាតិ
នារី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង នៅ​មិនទាន់​រកឃើញ​នៅឡើយ​
29, Oct 2019 , 10:25 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ កាលពីថ្ងៃទីថ្ងៃទី២៧ ខែតុលា។ (រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ កាលពីថ្ងៃទីថ្ងៃទី២៧ ខែតុលា។ (រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)
​នារី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង នៅ​មិនទាន់​រកឃើញ​នៅឡើយ គិត​មកទល់​ព្រឹក​ថ្ងៃទី​២៩ ខែតុលា​នេះ​។ នេះ​បើតាម លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៩ តុលា​។​



​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឃាង ភារ​ម្យ បាន​បន្តថា បច្ចុប្បន្ន អាជ្ញាធរ​កំពុងតែ​មមា​ញឹក ស្វែងរក​ជនរងគ្រោះ​តាម​ផែនការ​ដែល​បាន​គ្រោងទុក  និង​រង់ចាំ​សុនខ​ជំនាញ​ដែល​បញ្ជូន​ពី​រាជធានី​ភ្នំពេញ ដើម្បី​ជ្រោមជ្រែង​ក្នុង​ប្រតិបត្តិការ​នេះ​។ ទន្ទឹមនឹងនេះ  អាជ្ញាធរខេត្ត​ព្រះ​ស៊ី​ហ​នុ ក៏បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ខេត្តកោះកុង ដើម្បី​ពង្រីក​ដែន​ស្វែងរក​ជនរងគ្រោះ​ផងដែរ​។ លោក ឃាង ភារ​ម្យ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​យើង​បាន​ទំនាក់ទំនង​ស្នើសុំ​សុន​ខជំនាញ​ពី​រាជធានី​ភ្នំពេញ ហើយ​គេ​កំពុង​រៀបចំ​តាម​ការស្នើ​។ យើង​សង្ឃឹមថា សុនខ​នឹង​មកដល់​លឿន​»​។​

​ដ្បិតតែ​គ្មាន​ពន្លឺ​ជនរងគ្រោះ​នៅឡើយ ប៉ុន្តែ​អាជ្ញាធរខេត្ត និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្តេជ្ញា​រក​ជនរងគ្រោះ​ឲ្យ​ទាល់តែ​ឃើញ​។ នេះ​ជាការ​លើកឡើង​របស់លោក ឃាង ភារ​ម្យ។​

អត្ថបទទាក់ទង

​សូមជម្រាបថា  ប្រតិបត្តិ​ការស្វែងរក​ជនរងគ្រោះ​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៤ ខែតុលា ដោយ​ការស្វែងរក​តាមផ្លូវ​ទឹក ក្នុងព្រៃ និង​នៅតាម​ផ្ទះ​ប្រជាជន​នៅ​តំបន់​នោះ​។  ជនរងគ្រោះ ត្រូវបាន​ប្រទះឃើញ​ចុងក្រោយ នៅ​ម៉ោង​ប្រមាណ ៣​កន្លះ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤​តុលា ក្នុង​កម្មវិធី​ជប់លៀង​មួយ នៅ​ឆ្នេរ​កោះរ៉ុង​សន្លឹម​។ ក្រោយ​កើតហេតុ សមត្ថកិច្ច រកឃើញ​កាបូប និង​សម្ភារ​មួយចំនួន នៅលើ​ផ្ទាំង​ថ្ម​ក្បែរ​កន្លែង​ជប់លៀង​នោះ​៕

Tag:
 ជនជាតិ​អង់គ្លេស​
 ​កោះរ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com