ជាតិ
សង្គមជាតិ
នារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង នៅមិនទាន់រកឃើញនៅឡើយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ កាលពីថ្ងៃទីថ្ងៃទី២៧ ខែតុលា។ (រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)
× នារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង នៅមិនទាន់រកឃើញនៅឡើយ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែតុលានេះ។ នេះបើតាម លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដែលបានអះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី២៩ តុលា។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឃាង ភារម្យ បានបន្តថា បច្ចុប្បន្ន អាជ្ញាធរកំពុងតែមមាញឹក ស្វែងរកជនរងគ្រោះតាមផែនការដែលបានគ្រោងទុក និងរង់ចាំសុនខជំនាញដែលបញ្ជូនពីរាជធានីភ្នំពេញ ដើម្បីជ្រោមជ្រែងក្នុងប្រតិបត្តិការនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តព្រះស៊ីហនុ ក៏បានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចខេត្តកោះកុង ដើម្បីពង្រីកដែនស្វែងរកជនរងគ្រោះផងដែរ។ លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«យើងបានទំនាក់ទំនងស្នើសុំសុនខជំនាញពីរាជធានីភ្នំពេញ ហើយគេកំពុងរៀបចំតាមការស្នើ។ យើងសង្ឃឹមថា សុនខនឹងមកដល់លឿន»។
ដ្បិតតែគ្មានពន្លឺជនរងគ្រោះនៅឡើយ ប៉ុន្តែអាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ប្តេជ្ញារកជនរងគ្រោះឲ្យទាល់តែឃើញ។ នេះជាការលើកឡើងរបស់លោក ឃាង ភារម្យ។
សូមជម្រាបថា ប្រតិបត្តិការស្វែងរកជនរងគ្រោះបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែតុលា ដោយការស្វែងរកតាមផ្លូវទឹក ក្នុងព្រៃ និងនៅតាមផ្ទះប្រជាជននៅតំបន់នោះ។ ជនរងគ្រោះ ត្រូវបានប្រទះឃើញចុងក្រោយ នៅម៉ោងប្រមាណ ៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ក្នុងកម្មវិធីជប់លៀងមួយ នៅឆ្នេរកោះរ៉ុងសន្លឹម។ ក្រោយកើតហេតុ សមត្ថកិច្ច រកឃើញកាបូប និងសម្ភារមួយចំនួន នៅលើផ្ទាំងថ្មក្បែរកន្លែងជប់លៀងនោះ៕
Tag:
ជនជាតិអង់គ្លេស
កោះរ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com