អន្តរជាតិ
ថៃ​ចង់​ចរចា​ក្រោយ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP លើ​ទំនិញ​១,៣​ពាន់​លាន​ដុល្លារ​
29, Oct 2019 , 10:46 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រា (ស្តាំ) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា អំឡុងជំនួបនៅសេតវិមានអាមេរិក កាលពីថ្ងៃ២ តុលា ២០១៧ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រា (ស្តាំ) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា អំឡុងជំនួបនៅសេតវិមានអាមេរិក កាលពីថ្ងៃ២ តុលា ២០១៧ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក (AFP)
ដោយ:
​រដ្ឋាភិបាល​ថៃ រៀបចំ​ផែនការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​ការសម្រេចចិត្ត​បញ្ចប់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​មួយចំនួនធំ ដែល​ក្នុងនោះ​ក៏មាន គ្រឿង​សមុទ្រ​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់​មន្ត្រី​ថៃ នៅ​ថ្ងៃ​ចន្ទ ២៨ តុលា ។  ការដកហូត​ពន្ធ​លើ​ទំនិញ​នាំចេញ​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​១,៣​ពាន់​លាន​ដុល្លារ គឺ​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ (GSP) អាមេរិក​ឲ្យ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ ។​



​អគ្គនាយក​ស្តីទី​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ Keerati Rushchano លើកឡើងថា ការិយាល័យ​លោក បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុននាំចេញ​ថា សហរដ្ឋអាមេរិក​ប្រហែល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​សម្រាប់​ផលិតផល​ខ្លះ ។ ទោះជា​បែបនេះ​ក្តី លោក Keerati បញ្ជាក់ទៀតថា ភាគី​ថៃ នឹង​ព្យាយាម​ចរចា​ជុំវិញ​បញ្ហា​នេះ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន មុន​ការសម្រេចចិត្ត​នេះ​ចូល​ជា​ធរមាន​នា​ខែមេសា ឆ្នាំ​២០១៩ ។ នេះ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​

​កាលពី​ថ្ងៃ​សុក្រ ២៥ តុលា ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បានប្រកាស​ផ្អាក​ការអនុគ្រោះ​ពន្ធ​គិត​ជា​ទឹកប្រាក់ ១,៣​ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​ថៃ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ​ហៅ​កាត់​ថា «GPS» ។ ហេតុផល​នោះ​គឺថា ប្រទេស​ថៃ បរាជ័យ​ការពារ​សិទ្ធិ​ពលករ​។ យ៉ាងណាមិញ ការប្រកាស​ដដែល​នេះ សង្កត់ធ្ងន់ថា សិទ្ធិ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស​ថៃ គឺ​បើកចំហ​សម្រាប់​ការពិនិត្យ​ឡើងវិញ​ជា​ទៀងទាត់​។​

«​ទោះបីជា​មានការ​ចូលរួម​អស់​រយៈពេល ៦ ឆ្នាំ​មកហើយ​ក្តី ប្រទេស​ថៃ​មិនទាន់​ចាត់វិធានការ​ដើម្បី​ផ្តល់​សិទ្ធិ​ការងារ​ដល់​ពលករ​ដែ​ល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​ដែល​ត្រូវ​បានកំណត់​នៅក្នុង​ញត្តិ​ឆ្នាំ ២០១៥ ពី​សហព័ន្ធ​ការងារ​អាមេរិក​និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) ដូចជា កិច្ចការពារ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម​និង​ការចរចា​ជា​សមូហភាព​»​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​។​

​ម្យ៉ាងទៀត តាមរយៈ​សេចក្តីប្រកាស​ដដែល សហរដ្ឋអាមេរិក បញ្ជាក់ថា បញ្ជី​ផលិតផល​ដែល​ត្រូវ​ដកចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ផ្តោតលើ​ផលិតផល​ដែល​ថៃ​នាំចេញ​ច្រើន​ទៅ​ទីផ្សារ​អាមេរិក​។ ដោយសារតែ​បញ្ហា​សិទ្ធិ​កម្មករ​ដែលមាន​ជា​យូរ​មកហើយ​ក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​និង​ការដឹកជញ្ជូន​តាម​នាវា សិទ្ធិ​ទទួលបាន GSP នឹងត្រូវ​ដកហូត​វិញ​សម្រាប់​ផលិតផល​អាហារ​សមុទ្រ​ទាំង​អស់ពី​ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា ចំណាត់ការ​របស់​សហ​រដ្ឋ​អាមេរិក​នេះ​ទទួល​ការចាប់​អា​ម្មណ៍​ខ្លាំង ព្រោះតែ​សកម្មភាព​នេះ កើតឡើង​ភ្លាមៗ​ក្រោយ​រដ្ឋាភិបាល​ថៃ​បានប្រកាស​គម្រោង​ហាមឃាត់​ការប្រើ​ថ្នាំ​សម្លាប់​ស្មៅ​គ្លី​កូ​ស៊ា​ត (Glyphosate) ដែល​ត្រូវបាន​លក់​ក្រោម​ឈ្មោះ Roundup ដោយ​ក្រុមហ៊ុន​អាមេរិក Monsanto ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​របស់​អាល្លឺម៉ង់ Bayer ។​

​ក្នុង​លិខិត​បែកធ្លាយ​ទៅកាន់​រដ្ឋាភិបាល​ថៃ ពី​ក្រសួងកសិកម្ម​អាមេរិក​និង​តំណាង​របស់ខ្លួន​នៅ​ស្ថានទូត​អាមេរិក ក្រុង​វ៉ាស៊ីនតោន បាន​ជំរុញឱ្យមាន​ការពន្យា​ពេល​លើ​ការហាមឃាត់​នេះ ។ ត្រង់ចំណុច​នេះ ពួកគេ បកស្រាយ​ថា គ្រោះថ្នាក់​ដល់​សុខភាព​នៃ​សារធាតុ​គីមីកសិកម្ម​ត្រូវបាន​គេ​បំផ្លើស ហើយ​ការហាមឃាត់​អាច​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ពី អាមេរិក​ទៅ​ថៃ​៕

Tag:
 ថៃ​
  សហរដ្ឋអាមេរិក​
  GPS
© រក្សាសិទ្ធិដោយ thmeythmey.com