ជាតិ
សង្គមជាតិ
ហុង​គ្រី នឹង​បញ្ជូន​អ្នកជំនាញ មកជួយ​កម្ពុជា​លើ​បញ្ហា​សំរាម​
29, Oct 2019 , 11:27 am        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Janos Ader ប្រធានាធិបតីហុងគ្រី នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Janos Ader ប្រធានាធិបតីហុងគ្រី នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​តាម​ការស្នើសុំ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Janos Ader ប្រធានាធិបតី​ប្រទេស​ហុកគ្រី យល់ព្រម​ថា នឹង​បញ្ជូន​អ្នកជំនាញ​របស់​ហុង​គ្រី មកជួយ​កម្ពុជា ក្នុងការ​សិក្សា​ពី​បញ្ហា​ទឹកស្អាត​និង​បញ្ហា​សំរាម (​ទាំង​សំរាម​សំណល់​រឹង ទាំង​សំណល់​រាវ​) និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ទីក្រុង​។ ជំនួប​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​។​



​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បាន​សរសេរ​ពីស​ម្តី​របស់​ប្រធានាធិបតី​ហុង​គ្រី យ៉ាង​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ការសិក្សា​ហើយ ក្រុម​អ្នកជំនាញ​របស់​ហុង​គ្រី នឹង​ផ្តល់ជូន​បច្ចេកវិទ្យា រួមទាំង​ដំណោះស្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត បញ្ហា​សំណល់​រឹង និង សំណល់​រាវ​នៅ​កម្ពុជា​»​។ 

​លើសពីនេះ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​រយៈពេល​វែង លោក Janos Ader បានលើកឡើង​ជាថ្មី​ថា ហុង​គ្រី នៅតែ​បន្ត​គាំទ្រ​កម្ពុជា និង​ស្នើសុំ​មិន​ឲ្យ​សហភាព​អឺរ៉ុប ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះទេ​។ 

​សម្ដេច ហ៊ុន សែន អរគុណ​លោក Janos Ader ចំពោះ​ការលើកឡើង​ខាងលើ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា តប​នឹង​លោក Janos Ader ថា កម្ពុជា ត្រូវ​ផ្តល់​អាទិភាព​លើ​បញ្ហា​សំណល់​រឹង និង​សំណល់​រាវ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទីក្រុង​ផ្សេងៗ​ទៀត តាម​ដង​សមុទ្រ និង​តាម​ដង​ទន្លេមេគង្គ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រគល់​ការងារ​នេះ​ទៅ​ក្រសួងបរិស្ថាន ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​ហុង​គ្រី​លើ​បញ្ហា​នេះ​។​

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី លោក Janos Ader បាន​សរសើរ​រាជធានី​ភ្នំពេញ​ថា មានការ​អភិវឌ្ឍ​លឿន​។
​ក្រោយ​ចូលគាល់​ព្រះមហាក្សត្រ​និង​ជួប​មេដឹកនាំ​កម្ពុជា​រួច លោក Janos Ader និង គណៈប្រតិភូ បាន​ទៅ​ទស្សនា​ប្រាសាទ​នានា​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៩ ខែតុលា​នេះ​។ ទស្សនកិច្ច​របស់លោក នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែតុលា​៕

Tag:
 កម្ពុជា​-​ហុង​គ្រី​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com