កីឡាជាតិ
ជាតិ
ក្រសួងអប់រំ ជ្រើសរើសកីឡាករ គ្រូបង្វឹក ទៅសិក្សាជំនាញកីឡាអត្តពលកម្មនៅអាល្លឺម៉ង់
× ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសកីឡាករកីឡាការិនី គ្រូបង្វឹក និងគ្រូអប់រំកាយ ដើម្បីទៅសិក្សាជំនាញកីឡាអត្តពលកម្ម នៅសាកលវិទ្យាល័យ Mainz នៅប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៩។
ការជ្រើសរើសនេះ ធ្វើឡើងក្រោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់អាហារូបករណ៍ដល់កម្ពុជា ដើម្បីសិក្សាជំនាញកីឡាអត្តពលកម្មរយៈពេល១៣ខែ នៅប្រទេសរបស់ខ្លួនកាលពីពេលថ្មីៗ។ យ៉ាងណាក៏ដោយ ក្រសួងអប់រំ មិនបានបញ្ជាក់ពីចំនួនបេក្ខជនដែលត្រូវជ្រើសរើសឡើយ ខណៈការសិក្សាចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ភាគីអាល្លឺម៉ង់ នឹងរ៉ាប់រងការចំណាយលើទិដ្ឋការ អាហារ និងការស្នាក់នៅ។ ប៉ុន្តែការចំណាយលើសំបុត្រយន្តហោះជាបន្ទុករបស់កីឡាករ គ្រូបង្វឹក និងគ្រូអប់រំកាយរបស់កម្ពុជា។
តាមលក្ខខណ្ឌតម្រូវ បេក្ខជនត្រូវមានអាយុក្រោម៤០ឆ្នាំ សញ្ជាតិខ្មែរ ចេះភាសាអង់គ្លេស ជាកីឡាករ គ្រូបង្វឹក និងគ្រូអប់រំកាយផ្នែកកីឡាអត្តពលកម្ម និងមានលិខិតទទួលស្គាល់ពីសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត៕
Tag:
អត្តពលកម្ម
ក្រសួងអប់រំ
អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com