អន្តរជាតិ
ស្ត្រី​ចិន​ម្នាក់​អាយុ​៦៧​ឆ្នាំ ទើប​សម្រាល​បានកូន​ស្រី ក្រោយ​ពពោះ​តាមបែប​ធម្មជាតិ​
29, Oct 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ចិន​ម្នាក់​អាយុ​៦៧​ឆ្នាំ​ដែល​រស់នៅ​ខេត្ត Shandong  ទើប​ប្រសូត​បានកូន​ស្រី​ដ៏​ស្រស់ស្អាត ក្រោយ​ពពោះ​តាមបែប​ធម្មជាតិ ដូចជា​ស្ត្រី​វ័យក្មេង​។ តាម​បណ្តាញ​ព័ត៌មាន​របស់​ចិន អ្នកស្រី Tian ក៏បាន​ក្លាយជា​ស្ត្រី​ដ៏​ចំណាស់​ជាងគេ​ផងដែរ​នៅក្នុង​ប្រទេស ដែល​ទើប​សម្រាលកូន​ក្នុង​អាយុ​ជិត​៧០​ឆ្នាំ​។​



​អ្នកស្រី Tian ដែល​រស់នៅ​ក្រុង Zoazhuang ខេត្ត Shandong បានប្រសូត​កូន​កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា កន្លងមក ដោយ​ការវះកាត់​។ គាត់​បាន​បញ្ជាក់ថា គាត់​មិនដឹងថា ខ្លួន​មាន​គ័ភ៌​នោះឡើយ ដោយ​ទើប​ទាក់ទង​ទៅ​មន្ទីរពេទ្យ នៅពេល​ពោះ​ខ្ទាត​ធំ ខុសពី​ធម្មតា​។​



​ស្វាមី​របស់​អ្នកស្រី Tian ដែលមាន​អាយុ​៦៨​ឆ្នាំ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន guancha.cn ថា​៖ «​កូន​នេះ គឺជា​អំណោយ​ពីលើ​មេឃ​សម្រាប់​ពួកយើង​ទាំងពីរ​»​។ ពួកគាត់​សម្រេចចិត្ត​ដាក់ឈ្មោះ​ទារិកា​នោះ​ថា Tianci ដែល​មានន័យថា «​អំណោយ​ពីលើ​មេឃ​»​។​

​គេ​អាច​និយាយបានថា អ្នកស្រី Tian ជា​ម្តាយ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ដែល​ពពោះ​តាមបែប​ធម្មជាតិ ប៉ុន្តែ​គាត់​មិនមែនជា​ម្ចាស់​កំណត់ត្រា​នោះឡើយ​។ តាម Guinness World Records ស្ត្រី​អង់គ្លេស​ម្នាក់ កាលពី​ឆ្នាំ​១៩៩៧ បាន​បង្កើត​តាមបែប​ធម្មជាតិ​ក្នុង​អាយុ​៥៩​ឆ្នាំ រីឯ​ស្ត្រី​អេ​ស្ប៉ា​ញ Maria del Carmen Bousada Lara បានប្រសូត​កូនភ្លោះ​កូន​ពី​ឆ្នាំ​២០០៦ តាមរយៈ​ការចាក់​ថ្នាំ​ក្នុង​អាយុ​៦៧​ឆ្នាំ ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយមក គាត់​បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក​។​

​កាសែត Jian Times បាន​បញ្ជាក់ថា អ្នកស្រី Tian មានកូន​២​នាក់​រួចទៅហើយ ដោយ​កូនប្រុស​ច្បង​កើត​កាលពី​ឆ្នាំ​១៩៧៧​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​សម្តែង​ការព្រួយបារម្ភ​ទាក់ទង​នឹង​អនាគត​របស់​ទារិកា Tianci ដែលមាន​ឪពុក​សុទ្ធតែ​ចាស់ៗ ដោយ​អ្នកខ្លះ​យល់ថា វា​នឹង​ក្លាយជា​បន្ទុក​កូន​ពីរ​របស់​ពួកគាត់ ខណៈ​ពួកគេ​សុទ្ធតែ​មានគ្រួសារ​រៀងៗ​ខ្លួន​រួចទៅហើយ​៕

Tag:
 ​គ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com