អន្តរជាតិ
អឺរ៉ុប សម្រេច​ពន្យារពេល Brexit ៣​ខែ​បន្ថែមទៀត​ឲ្យ​អង់គ្លេស​
29, Oct 2019 , 8:39 pm        
រូបភាព
អ្នកប្រឆាំងនឹងBrexit ម្នាក់កំពុងកាន់ទង់ជាតិសហភាពអឺរ៉ុបនៅពីក្រៅសភាអង់គ្លេស, រូបភាព៖ Reuters
អ្នកប្រឆាំងនឹងBrexit ម្នាក់កំពុងកាន់ទង់ជាតិសហភាពអឺរ៉ុបនៅពីក្រៅសភាអង់គ្លេស, រូបភាព៖ Reuters
​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២៨ ខែតុលា បានសម្រេច​ពន្យារពេល​ចាកចេញ​របស់​អង់គ្លេស (Brexit) ចំនួន​៣​ខែ​បន្ថែមទៀត ខណៈពេល​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន កំពុង​ខិតខំ​បញ្ចប់​ភាពជា​ប់​ត្រឹង​នយោបាយ​របស់​អង់គ្លេស​តាមរយៈ​ការស្នើ​រៀបចំ​បោះឆ្នោត​មុន​អាណត្តិ​នៅ​ថ្ងៃទី​១២ ខែធ្នូ​ខាងមុខ ប៉ុន្តែ​សភា​សព្វថ្ងៃ​មិន​ការគាំទ្រ​ឡើយ​។



​មកទល់ពេលនេះ អ្នកនយោបាយ​អង់គ្លេស​នៅតែ​ជជែក​ដេញដោល​ពី​បញ្ហា Brexit  និង​តែងតែ​ចោទ​ជា​សំណួរ​ថា​តើ​ពេលណា​អង់គ្លេស​ដាច់ស្រេច​ជាមួយ​សហភាព​អឺរ៉ុប​? ការ​ចោទ​ជា​សំណួរ​នេះ គ្មានអ្វី​ចម្លែក​ទេ ព្រោះ​មកទល់ពេលនេះ គម្រោង​ដើរចេញ​របស់​អង់គ្លេស​នៅ​ថ្ងៃទី​៣១ ខែតុលា ត្រូវបាន​ពន្យារពេល ៣​ខែ​បន្ថែមទៀត តាមរយៈ​ការសម្រេច​របស់​សហភាព​អឺរ៉ុប​។

​ក្រោយ​ការពន្យារពេល​៣​ខែ​របស់​អឺរ៉ុប​នេះ លោក បូរី​ស ច​ន​សុន ចង់​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់​នៅ​ថ្ងៃទី​១២ ខែធ្នូ ក្នុង​ក្តី​សង្ឃឹមថា​បក្ស​អភិរក្សនិយម​របស់ខ្លួន​នឹង​ទទួលបាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​។ បើសិន​ទទួលបាន​សម្លេង​ភាគ​ច្រើ​នៅក្នុង​សភា​មែន​នោះ អ្វីៗ​វា​នឹង​ល្អ​។ វា​ល្អ ព្រោះ​អង់គ្លេស​អាច​លែងលះ​ពី​សហភាព​អឺរ៉ុប​បាន​យ៉ាង​ស្រួល ដោយសារ​លោក​អាចមាន​សំឡេង​ច្រើនជាង​មុន​។

​ប៉ុន្តែ​វា​មិនមែនជា​ការងាយស្រួល​ទេ​។ ការប៉ុនប៉ង​លើកទីមួយ​ដើម្បី​ស្នើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ ត្រូវបាន​សភា​បដិសេធ ដោយ​សំណើ​របស់លោក ច​ន​សុន ទទួលបាន​សម្លេងគាំទ្រ​នៅក្នុង​សភា​ត្រឹមតែ ២៩៩​ប៉ុណ្ណោះ ខណៈ​លោក​ត្រូវការ​យ៉ាងហោចណាស់​សម្លេង​គាំទ្រ ៤២៤ ឬ ២ ភាគ​៣​នៃ​សភា​ដែរ​។ យ៉ាងណាមិញ លោក​នឹង​ដាក់សំណើ​រៀបចំ​ការបោះឆ្នោត​ទៅ​សភា​ម្ដងទៀត តែ​នឹង​ស្ថិតក្រោម​រូបភាព​ជា​សេចក្ដីព្រាងច្បាប់​វិញ​ម្ដង​។ ជា​សេចក្ដីព្រាងច្បាប់ លោក ច​ន​សុន ត្រូវការ​សំឡេង​ភាគច្រើន​ធម្មតា​ប៉ុណ្ណោះ​។  

​ប្រាប់​ទៅ​សមាជិកសភា​អង់គ្លេស​ទាំងអស់ លោក ច​ន​សុន បាន​លើកឡើងថា​៖ «​យើង នឹងមិន​អនុញ្ញាត​ឲ្យ​ភាពជាប់គាំង​នៅតែ​បន្ត​បែបនេះ​ទេ ហើយ​ផ្លូវ​បន្ទាប់ យើង​ត្រូវតែ​បន្ត​សំដៅ​ទៅរក​ការបោះឆ្នោត​។ សភា មិនអាច​ឃុំ​ប្រទេសមួយ​នេះ​ជា​ចំណាត់​ខ្មាំង​តទៅទៀត​ទេ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ក្នុងន័យនេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​វ័យ​៥៥​ឆ្នាំ ចង់​ចង្អុល​បង្ហាញថា បើទោះបី​សភា​មិន​គាំទ្រ​ការបោះឆ្នោត​មុន​អាណត្តិ​ក៏ដោយ លោក​នឹង​ព្យាយាម​រក​វិធី​ផ្សេងទៀត​។ ពោលគឺ​តាមរយៈ​ផ្លូវ​ចរចា​វិញ​ម្តង បានន័យថា លោក បូរី​ស ច​ន​សុន ត្រូវតែ​ចរចា​ជាមួយ​គណបក្ស​ដទៃទៀត ដូចជា​គណបក្ស Scottish National និង Liberal Democrats ជាដើម ដើម្បី​ឲ្យ​ពួកគេ​គាំទ្រ​ការបោះឆ្នោត​មុន​កាលកំណត់​។

​សូមបញ្ជាក់ថា បើតាម​ការកំណត់ អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី ៣១ ខែតុលា​ខាងមុខនេះ ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ ប៉ុន្តែ​សមាជិកសភា​អង់គ្លេស បាន​បោះឆ្នោត​ឲ្យ​មានការ​ពន្យារពេល​សម្រាប់ Brexit ។ ការណ៍​នេះ បាន​បង្ក​ឲ្យ​លោក ច​ន​សុន មិន​ពេញចិត្ត​ជាខ្លាំង តាមរយៈ​ការសរសេរ​សំបុត្រ​ស្នើសុំ​ទៅ​សហភាព​អឺរ៉ុប ដោយ​មិនបាន​ចុះហត្ថលេខា​អី្វ​ទាំងអស់​៕


Tag:
 ​អង់គ្លេស​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com