កីឡាជាតិ
ជាតិ
មន្ត្រី FFC៖ ការពិន័យ​របស់ AFC ជា​មេរៀន​ដើម្បី​បញ្ចៀស​បញ្ហា​លើក​ក្រោយៗ​ទៀត​
29, Oct 2019 , 9:19 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ចោទប្រកាន់​ពីបទ​បំពាន Club Licensing ដោយ​តម្រូវ​ឲ្យ​បង់​ថវិកា​ចំនួន​៣៥,០០០​ដុល្លារ​។ ការចោទប្រកាន់​នេះ ធ្វើឡើង​ក្រោយ FFC ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្លិប​ណាហ្គា​វើ​ល ដែល​ពុំមាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019​។ បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រប់​ក្លិប​ទាំងអស់​អាចមាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ដែល​រៀបចំ​ដោយ AFC គឺ​លុះត្រា​តែមាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី AFC​។



​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​ក្នុង​តំបន់​អាស៊ី​ចំនួន​៤០ ដែល​បាន​បំពាន​នឹង​បទបញ្ញត្តិ​។ កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​សហព័ន្ធ ដែល​រង​ពិន័យ​ទាំងនេះ​ផងដែរ​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន AFC ចោទប្រកាន់​ពីបទ​បំពាន​បញ្ញត្តិ​ស្តីពី AFC Cup Club Licensing និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣៥,០០០​ដុល្លារ​។

​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា ការសម្រេច​របស់ AFC ធ្វើឡើង​ក្រោយ​សហព័ន្ធ ចេញ​អាជ្ញាប័ណ្ណ​ទទួលស្គាល់ និង​ជួយ​សម្រប​ស​ម្រួ​ប​ឯកសារ​មួយចំនួន​ឲ្យ​ក្លិប​ណាហ្គា​វើ​ល ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៨ ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019 កាលពីពេល​កន្លងទៅ​។ ការពិន័យ​នេះ ក្រោយពេល AFC ពិនិត្យឃើញថា ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​ពុំទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​ត្រូវ​ទទួលបាន​អាជ្ញាប័ណ្ណ​។

​បើតាម​សេចក្តីសម្រេច​ខាងលើ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវ​បង់​ឲ្យ AFC តែ​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ រីឯ​ថវិកា​ចំនួន​២៥,០០០​ដុល្លារ​ទៀត​ត្រូវបាន​ព្យួរ​រយៈពេល​២​ឆ្នាំ​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំនេះ បើ FFC បាន​បង្កកំហុស​ដូច​ករណី​ខាងលើ នោះ​ថវិកា​ទាំងនេះ​នឹង​តម្រូវ​ឲ្យ​ពួកគេ​បង់​ដោយ​ស្វ័យប្រវត្តិ​ឲ្យ AFC ជាមួយនឹង​ពិន័យ​ថ្មី​មួយទៀត​។ ផ្ទុយទៅវិញ បើ FFC មិនបាន​បង្កកំហុស​ក្នុង​រយៈពេល​២​ឆ្នាំ​ទេ នោះ​ថវិកា​២៥,០០០​ដុល្លារ​នឹង​ទុកជា​អសារ​បង់​។

​លោក កែវ សារ៉េត ទទួលស្គាល់ថា សហព័ន្ធ​ពិតជា​បានធ្វើ​ដូច​ទៅនឹង​អ្វីដែល AFC បាន​ចោទប្រកាន់​ពិតមែន ហើយ​លោក​ចាត់ទុក​ការពិន័យ​នេះ គឺជា​មេរៀន​សម្រាប់​សហព័ន្ធ​ក្នុងការ​កែលម្អរ ដើម្បី​បញ្ចៀស​បញ្ហា​នៅ​លើក​ក្រោយៗ​ទៀត​។ លោក​ចាត់ទុក​ការពិន័យ​ដោយ​តម្រូវ​ឲ្យ​បង់​តែ​១​ម៉ឺន​ដុល្លារ​នេះ​ថា វា​ជាការ​សម្រាល​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​បើតាម​អគ្គលេខាធិការ​រូបនេះ ក្លិប​ទាំងអស់​អាច​ចូលរួម​ការប្រកួត​ក្នុង​ពានរង្វាន់ ដែល​រៀបចំ​ដោយ AFC បាន គឺ​លុះត្រា​តែមាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពីស​ហ​ព័ន្ធ​សា​ម៉ី និង AFC ជាមុនសិន​។ នៅ​កម្ពុជា​មានតែ​ក្លិប​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​តែប៉ុណ្ណោះ ដែលមាន​អាជ្ញាប័ណ្ណ Club Licensing ទទួលស្គាល់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​។

​មិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បីតែ​សហព័ន្ធ​កីឡាបាល់ទាត់​ឡាវ និង​នេ​ប៉ាល់ ក៏​រង​ពិន័យ​ថា​បាន​បំពាន Club Licensing នេះដែរ​។ ក្នុងនោះ​សហព័ន្ធ​បាល់ទាត់​ឡាវ AFC ពិន័យ​ជា​ប្រាក់​ចំនួន​៣០,០០០​ដុល្លារ ខណៈ​នេ​ប៉ាល់ ៣៥,០០០​ដុល្លារ ដូច​កម្ពុជា​៕

Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  AFC
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com