អន្តរជាតិ
អាមេរិក យក​សព​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ទៅ​បោះ​ក្នុង​សមុទ្រ​ដូច​មេដឹកនាំ​អាល់​កៃ​ដា​
29, Oct 2019 , 9:39 pm        
រូបភាព
ប្រមុខក្រុមរដ្ឋឥស្លាម អាប៊ូ អាកើ អាល់-បាក់ដាឌី, រូបភាព៖ AP
ប្រមុខក្រុមរដ្ឋឥស្លាម អាប៊ូ អាកើ អាល់-បាក់ដាឌី, រូបភាព៖ AP
​សាកសព​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី (Abu Bakr al-Baghdadi) ត្រូវបាន​ទៅ​បោះ​នៅក្នុង​សមុទ្រ​ដូច អូ​សា​ម៉ា ប៊ិន​ឡា​ឌិន ដែរ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​មន្ទីរ​បញ្ច​កោណ​អាមេរិក​នៅ​ថ្ងៃទី ២៨ ខែតុលា​។



​ប្រមុខ​ក្រុម​រដ្ឋ​ឥស្លាម អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន និង​កូន​ចំនួន​បីនាក់​ទៀត​ក្នុង​រូង​ក្រោម​ដី​មួយកន្លែង​ក្នុង​ទឹកដី​ស៊ី​រី ខណៈ​រត់គេច​ពី​ប្រតិបត្តិការ​របស់​យោធា​ពិសេស​អាមេរិក​។ ចំណែក​បំណែក​សាកសព​ទាំងអស់​របស់​អាល់​-​បាក់​ដា​ឌី ត្រូវគេ​យកទៅ​ពិនិត្យ DNA ដើម្បី​ប្រាកដថា​ជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​។

​លោក ម៉ាក មី​លី (Mark Milley) នាយអគ្គសេនាធិការ​ក​ង​ទ័ព​អាមេរិក បាន​លើកឡើងថា ការ​ទុកដាក់​បំណែក​សាកសពរ​បស់ អាល់​-​បាក់​ដា​ឌី បានធ្វើ​រួចរាល់​ហើយ និង​បានរៀបចំ​យ៉ាង​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ស្តីពី​ជម្លោះ​ប្រដាប់អាវុធ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។

​បើតាម​ការអះអាង​រប​ស់​មន្ត្រី​មន្ទី​បញ្ច​កោណ សាកសព​របស់​ប្រមុខ​ក្រុម​រដ្ឋ​ឥស្លាម អាល់​-​បាក់​ដា​ឌី ត្រូវបាន​គេ​យកទៅ​បោះ​នៅក្នុង​សមុទ្រ ដែល​មិនមាន​បញ្ជាក់​ទីតាំង​ច្បាស់លាស់​។ ពិតណាស់ថា ករណី​មួយ​នេះ គឺ​ស្រដៀង​គ្នា​ទៅនឹង​ទៅនឹង​មេដឹកនាំ​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន ឡា​ឌិន​(Osama Bin Laden) ដែល​កាលនោះ​សាកសព​របស់គាត់ ក៏ត្រូវ​បាន​គេ យកទៅ​ចោល​នៅក្នុង​សមុទ្រ​ផងដែរ​។​

​តាមរយៈ​ប្រតិបត្តិ​តាម​កម្ចាត់  អាល់​-​បាក់​ដា​ឌី អាមេរិក​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដ តាំងពី​ថ្ងៃទី​១៥ ខែឧសភា មក​ម្លេះ​។ ជាការ​កត់សម្គាល់​មេដឹកនាំ​ក្រុម​រដ្ឋ​រូបនេះ តែង​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​ជានិច្ច​។ ដើម្បី​ឲ្យ​ប្រតិបត្តិ​ការសម្លាប់​លោក អាល់​-​បាក់​ដា​ឌី បាន​ជោគជ័យ​គេ អាមេរិក​បាន​បញ្ជូន​ក្រុម​ស៊ើបអង្កេត​ទៅក្នុង​តំបន់ ដើម្បី​សិក្សា​ពី​យុទ្ធសាស្ត្រ និង​ការវាយប្រហារ​។ អ្វីៗ​ក៏​ទទួលបាន​ជោគជ័យ​ដូច​អ្វីដែល​អាមេរិក​បានគិត​ទុក ព្រោះ​ប្រតិបត្តិ​ការលើក​នេះ ទីក្រុង​វ៉ាស៊ីនតោន បាន​ប្រើ​ឆ្កែ មនុស្ស​យន្ត និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​។

​បើទោះបីជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម អា​ប៊ូ អា​កើ អាល់​-​បាក់​ដា​ឌី បាន​បាត់​បង់ជីវិត​ក៏ពិតមែន តែ​សង្គ្រាម​នៅក្នុង​នៅ​ប្រទេស​ស៊ី​រី​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ហើយ​ក្រុម​ជ្រុលនិយម​នៅលើ​ពិភពលោក ក៏​មិនទាន់​លុបបំបាត់ចោល​អស់​ដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ការពា​ជាតិ​អាមេរិក ម៉ាក អេ​ស្ពើ​៕

Tag:
 អាមេរិក​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com