កីឡាជាតិ
ជាតិ
កីឡា​បាញ់កាំភ្លើង ដាក់​គោលដៅ​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
29, Oct 2019 , 5:34 pm        
រូបភាព
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បាញ់កាំភ្លើងក្នុងថ្ងៃបើកការប្រកួតជើងឯកថ្នាក់ជាតិ
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បាញ់កាំភ្លើងក្នុងថ្ងៃបើកការប្រកួតជើងឯកថ្នាក់ជាតិ
ដោយ:
​កីឡាករ​កីឡាការិនី​ត្រូវខិតខំ​ធ្វើយ៉ាងណា​ដណ្តើម​មេដាយមាស​ឲ្យ​បាន​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​ជាការ​ដាក់​គោលដៅ​របស់លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ដែល​ជំរុញ​ឲ្យ​កីឡាករ ត្រូវ​បង្កើន​ការហ្វឹកហាត់ អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​



​នា​ពិធី​បិទ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បានដាក់​គោលដៅ​ឲ្យ​កីឡាករ​ធ្វើយ៉ាងណា ដណ្តើមយក​មេដាយមាស​ឲ្យ​បាន​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការដាក់​គោលដៅ​បែបនេះ ព្រោះ​លោក​ចង់​ឲ្យ​សាក​សម​នឹង​តម្លៃ​ក្នុងឋានៈ​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។​



​ជាមួយ​ការដាក់ចេញ​នូវ​គោលដៅ​នេះ លោក សុផាន់​ណា បាន​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំង​ទទួលបាន​ជ័យលាភី និង​មិន​ជ័យលាភី​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​ទាំងអស់ ត្រូវ​បង្កើន​ការហ្វឹកហាត់​ក្នុងការ​ពង្រឹង​និង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​តែ​ប្រសើរ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ និង​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​។

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ការរៀបចំ​ការប្រកួត​ជើង​ថ្នាក់ជាតិ​ថា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​បញ្ចប់​ដោយ​ជោគជ័យ​។ បច្ចេកទេស និង​សមត្ថភាព​កីឡាករ​ទៀតសោត មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ ជាពិសេស​កីឡាករ​គ្រប់រូប មានការ​យល់ដឹង​កាន់តែច្បាស់​ពី​ច្បាប់ និង​បទបញ្ជា​ការប្រកួត​។  

​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ នៅ​ទីលាន​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១ ក្រុម​អត្ត​ព​លិ​ក​ក្រសួងការពារជាតិ​ដណ្តើមបាន​មេដាយមាស​៥ ដោយ​ឈ្នះ​លើ​វិញ្ញាសា​២២Long​វែង​ឯកត្តជន​បុរស​-​នារី​, ៩​មី​លី​ម៉ែត្រ​នារី​ជា​ក្រុម​, ២២Long​ខ្លី​នារី និង​វិញ្ញាសា​២២Long​វែង​បុរស​ជា​ក្រុម​។ ជ័យជម្នះ​ជួយ​ឲ្យ​ពួកគេ​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ដែលមាន​អត្ត​ពលិកម​ក​ពី​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ឈរ​លេខ​២ ក្រោយ​ឈ្នះ​មេដាយមាស​ពីរ​។ 

​បើតាម​របាយការណ៍​ដែល​អាន​ដោយ​លោកស្រី ស៊ុំ សុខា អនុប្រធាន​សហព័ន្ធ ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចំនួន​៧៧​នាក់​មកពី​៩​ក្លិប​-​សមាគម​ចូលរួម​។ ពួកគេ​ប្រកួតប្រជែង​លើ​៣​វិញ្ញាសា គឺ​កាំភ្លើងខ្លី 22Long(​បាញ់​ចម្ងាយ​២៥​ម៉ែត្រ​), កាំភ្លើង​វែង 22Long(​បាញ់​ចម្ងាយ​៥០​ម៉ែត្រ​) និង​កាំភ្លើងខ្លី​កម្លាំង 9mm(​បាញ់​ចម្ងាយ​២៥​ម៉ែត្រ​)៕

Tag:
 បាញ់កាំភ្លើង​
  មៀ​ច សុផាន់​ណា​
  ជើងឯក​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com