អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្រួសារជនជាតិវៀតណាមដែលសង្ស័យថាមានកូនស្លាប់នៅអង់គ្លេស កំពុងវ័ណ្ណកបំណុលនៅស្រុកកំណើត
30, Oct 2019 , 2:57 pm        
រូបភាព
លោក ង្វៀនឌិញយ៉ា (Nguyen Dinh Gia) ដែលជឿជាក់ថា កូនប្រុសលោក គឺង្វៀនឌិញឡុង (Nguyen Dinh Luong) ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រ ក្នុងប្រទេសអង់គ្លេស អះអាងថា លោកនៅជំពាក់បំណុលគេជិត ៨៦០០ដុល្លារទៀត (ប្រភពរូប៖ AFP)
លោក ង្វៀនឌិញយ៉ា (Nguyen Dinh Gia) ដែលជឿជាក់ថា កូនប្រុសលោក គឺង្វៀនឌិញឡុង (Nguyen Dinh Luong) ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រ ក្នុងប្រទេសអង់គ្លេស អះអាងថា លោកនៅជំពាក់បំណុលគេជិត ៨៦០០ដុល្លារទៀត (ប្រភពរូប៖ AFP)
ដោយ:
ជារឿងអនិច្ចាបំផុត បាត់ទាំងមនុស្ស ហើយនៅជំពាក់បំណុលវ័ណ្ណកទៀត។ ឪពុកម្តាយ ឬអាណាព្យាបាល បានខ្ចីបុលរាប់ពាន់ដុល្លារផ្គត់ផ្គង់ការធ្វើដំណើរខុសច្បាប់របស់កូនៗពួកគេទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដោយប្រាថ្នាជីវភាពល្អប្រសើរជាងមុន។ ក៏ប៉ុន្តែឥឡូវនេះ គ្រួសាររបស់ជនជាតិវៀតណាមដែលបាត់ខ្លួនហើយសង្ស័យថាស្លាប់ក្នុងចក្រភពអង់គ្លេស គ្មានមធ្យោបាយដោះបំណុលរួចឡើយ ព្រោះភាគច្រើន គឺសុទ្ធតែជាកសិករ និងអ្នកនេសាទ។



ក្រុមគ្រួសារដែលរស់នៅក្នុងវៀតណាមភាគកណ្តាល គិតថា កូនៗពួកគេ ប្រហែលស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រក្លាសេ នៅអង់គ្លេស។ បន្ថែមពីការបាត់បង់អ្នកដែលពួកគេស្រឡាញ់ហើយ ពួកគេនៅជាប់បំណុលវ័ណ្ណករ ដែលខ្ចីបុលពីសាច់ញាតិ ឬស្ថាប័នហិរញ្ញវត្ថុ។ លុយដែលខ្ចីទាំងនេះ ត្រូវប្រគល់ដល់ដៃមនុស្សដែលជួយបង្កើតលិខិតឆ្លងដែនខុសច្បាប់ ទិញសំបុត្រយន្តហោះ និងជួលឡានធុនធំដឹកជនអន្តោប្រវេសន៍ទាំងនោះចូលទៅកាន់ទឹកដីអឺរ៉ុប។ សម្រាប់ពួកគេ អឺរ៉ុបគឺជាទិសដៅចម្បងមួយដើម្បីគេចចេញពីភូមិដាច់ស្រយាល និងប្រមាញ់ក្តីសុបិនសម្រាប់ការរស់នៅប្រសើរជាងមុននៅបរទេស។

កូនៗរបស់ឪពុកម្តាយជនជាតិវៀតណាមខ្លះ កំពុងធ្វើការរួចហើយក្នុងប្រទេសក្នុងតំបន់អឺរ៉ុប ហើយអ្នកទាំងនោះ បានផ្ញើលុយរាប់ពាន់ដុល្លាររៀងរាល់ខែ ត្រលប់មកឲ្យក្រុមគ្រួសារក្នុងតំបន់ក្រីក្រនៃប្រទេសវៀតណាម ដែលភាគច្រើន គឺជាកសិករ អ្នកនេសាទ ឬកម្មកររោងចក្រជាដើម។ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Nguyen Dinh Gia ដែលជឿជាក់ថា កូនប្រុសលោក គឺNguyen Dinh Luong ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រ ក្នុងប្រទេសអង់គ្លេស អះអាងថា លោកនៅជំពាក់បំណុលគេជិត ៨៦០០ដុល្លារទៀត។

គ្រួសារជនជាតិវៀតណាមរូបនេះ បានខ្ចីបុលពីសាច់ញាតិដើម្បីផ្គត់ផ្គង់ដំណើរផ្លូវឆ្ងាយរបស់ប្រុស។ ដំបូងយុវជន Luong បានទៅដល់រុស្ស៊ី ក្រោយមកប្រទេសបារំាង ទីដែលរូបគេបានរស់នៅ ហើយធ្វើការជាអ្នករត់តុ ចាប់តំាងពីឆ្នាំ២០១៨មក។ តាម AFP Luong តែងតែបញ្ជូនលុយត្រលប់មកកាន់គ្រួសារចន្លោះពី ២៥០ និង៤៣០ដុល្លារក្នុងមួយខែ ដើម្បីសងបំណុល ។ ព្រោះចង់ផ្ញើលុយច្រើនបន្ថែម រូបគេបានសន្យាជាមួយគ្រួសារថា ស្វែងរកការងារថ្មីដែលផ្តល់លុយច្រើនជាងមុន។ លោក សង្ឃឹមថា លោកអាចរកចំណូលច្រើនបន្ថែមក្នុងចក្រភពអង់គ្លេស ម្ល៉េះហើយខ្លួនបានសុំឲ្យគ្រួសារជួយរកលុយ១៤០០០ដុល្លារផ្សេងទៀតដើម្បីបញ្ជូនលោកទៅកាន់ទីនោះ។ ក៏ប៉ុន្តែគ្រួសារ Luong គិតថា កូនប្រុសមិនអាចសម្រេចដល់គោលដៅឡើយ ហើយម្យ៉ាងគឺគ្មានអ្នកហៅទូរសព្ទមកកាន់ពួកគេសម្រាប់ថ្លៃធ្វើដំណើររបស់ឡុងទៅកាន់ទឹកដីអង់គ្លេសឡើយ។

លោក Nguyen Dinh Gia ដែលជាឪពុក និយាយថា លោកចាត់ទុកថា មានសំណាងហើយ ព្រោះថា បំណុលគឺគ្មានការប្រាក់ ប៉ុន្តែនៅបារម្ភថា គ្មានលទ្ធភាពសងបំណុល។ ជាឪពុកមានកូនដល់ទៅ៧នាក់ ដែលស្ថិតក្រោមបន្ទុក លោកត្អូញត្អែរបែបនេះ៖«យើងគឺជាកសិករ យើងគ្មានមធ្យោបាយរកលុយច្រើននោះទេ។ ម្យ៉ាងយើងត្រូវចិញ្ចឹមកូនៗយើងផងដែរ»។

ខេត្តភាគខាងកណ្តាលរបស់វៀតណាម ជាយូរមកហើយ ជាប់គាំងក្នុងភាពក្រីក្រ, ប្រឈមមុខនឹងគ្រោះធម្មជាតិ  និងពុំសូវមានការអភិវឌ្ឍ។ ប្រការទាំងនេះ ប៉ះពាល់ខ្លាំងដល់ពលរដ្ឋវៀតណាមដែលរស់នៅទីនេះ។  ក្នុងខេត្ត ហា ទីន (Ha Tinh) ចំណូលប្រចាំឆ្នាំរបស់ប្រជាជន ស្មើនឹង ២២០០ដុល្លារ ដោយទាបជាងមធ្យមភាគជាតិ ដែលស្មើនឹងជិត ២៦០០ដុល្លារ។ ក្នុងខេត្តក្បែរខាងនោះ ង៉ែអាន (Nghe An) ទទួលបានត្រឹមតែ ១២០០ដុល្លារប៉ុណ្ណោះ។

ម្យ៉ាងកត្តាភាពក្រីក្រនេះ ក៏បង្ខំឲ្យក្រុមគ្រួសារវៀតណាមជាច្រើនសុំខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ។ ទង្វើនេះ ចាត់ទុកថា ជារឿងធម្មតាទៅហើយក្នុងតំបន់ជនបទរបស់វៀតណាម ហើយការខ្ចីបុលបែបនេះមានភាពងាយស្រួល និងមានការប្រាក់ទាប។ អ្នកខ្លះ យកលុយកម្ចីនេះទៅសាងផ្ទះ ឬបើកហាងលក់ដូរ។ ខុសពីអ្នកផ្សេង លោក Hoang Lanh ប្រើលុយដើម្បីបញ្ជូនកូនលោកទៅកាន់ធ្វើការនៅបរទេស។ បើតាម AFP លោក ចំណាយលុយបញ្ជូនកូនប្រុសលោក ឈ្មោះថា Hoang Van Tiep ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដោយរូបគេបានរស់នៅក្នុងប្រទេសបារាំង មួយឆ្នាំមកហើយ។ ឥឡូវនេះ លោក ភ័យខ្លាចថា កូនប្រុសលោករូបនោះ ស្ថិតក្នុងចំណោមអ្នកដែលស្លាប់ក្នុងទូរកុងតឺន័រនៅអង់គ្លេស។

ទោះបីកូនរបស់ខ្លួន បានផ្ញើលុយទៀងទាត់ដែលរកបានពីការងារលាងចាន តែឪពុក នៅជំពាក់លុយធនាគារ ៤៣០០ដុល្លារទៀត។ មានមុខរបរជាអ្នកនេសាទម្នាក់ ដែលរកចំណូលសឹងតែមិនបាន២០០ដុល្លារក្នុងមួយខែផងនោះ លោក Lanh អះអាងថា លោកមិនដឹងថាមានវិធីណាអាចរកលុយដោះបំណុលរួចទេ។

អត្ថបទទាក់ទង
 

សូមបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីវៀតណាម និងអង់គ្លេស ពុំទាន់បញ្ជាក់ច្បាស់ពីអត្តសញ្ញាណសពទាំង៣៩នាក់ដែលរកឃើញក្នុងទូរកុងតឺន័រ ក្នុងក្រុង Essex ប្រទេសអង់គ្លេស កាលពីសប្តាហ៍ នៅឡើយទេ។ យ៉ាងណាមិញ មន្ត្រីនៃប្រទេសទាំងពីរ កំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចរឿងនេះ។ ក្នុងហេតុការណ៍រកឃើញសាកសពមនុស្ស៣៩នាក់នៅក្នុងចក្រភពអង់គ្លេស ពីដំបូងឡើយត្រូវបានសមត្ថកិច្ចអង់គ្លេស កំណត់អត្តសញ្ញាណថា គឺជាជនជាតិចិន។ ប៉ុន្តែមានជនជាតិវៀតណាមបួនទៅប្រាំគ្រួសារ ជឿថា សាច់ញាតិរបស់ពួកគេក៏នៅបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះដែរ៕

Tag:
 វៀតណាម
  ចក្រភពអង់គ្លេស
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com