កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ថា Bale មិនដែល​សុំ​ចេញពី Real ដូច​កាសែត​អេ​ស្ប៉ា​ញ​ផ្សាយ​ឡើយ​
30, Oct 2019 , 7:19 pm        
រូបភាព
​លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ Real Madrid បាន​ចេញមុខ​អះអាងថា ខ្សែប្រយុទ្ធ Gareth Bale មិនដែល​ហាមាត់​សុំ​លោក​ចាក​ចេញពី​ក្លិប​ម្តងណា​ឡើយ​។ ការលើកឡើង​របស់​គ្រូ​សញ្ជាតិ​បារាំង​បែបនេះ បន្ទាប់ពី​មាន​អ្នកកាសែត​អេ​ស្ប៉ា​ញ​មួយ​បាន​ផ្សាយ​ព័ត៌មាន​ដែលថា ប្រធាន​ក្រុម​ជម្រើសជាតិ​វេ​លស៍​រូបនេះ ខឹងសម្បារ និង​ធុញទ្រាន់​ក្នុងការ​ស្នាក់នៅ​ក្លិប​ស្តេច​សរ​ហូត​ចង់​ចាកចេញ​។​



Bale អាយុ​៣០​ឆ្នាំ គ្រោង​ផ្លាស់​ទៅ​ចូលរួម​ក្រុម Jiangsu Suning នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ចិន (Chinese Super League) ទៅហើយ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ នៅ​ដើមរដូវ​កាល​នេះ​ជាមួយ​ថ្លៃឈ្នួល ១.២ លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។ យ៉ាងណា Real បដិសេធ​វិញ ដោយសារ​ក្លិប​ចង់បាន​ការផ្ទេរ ដែលមាន​តម្លៃ​សមរម្យ​មួយ​។

អត្ថបទទាក់ទង

​អ្វីដែល​គួរ​ចាប់អារម្មណ៍ ខណៈ​ការចរចា​លើ​ការផ្ទេ Bale កំពុងដំណើរការ លោក Zidane ធ្លាប់បាន​អះអាងថា លោក​សង្ឃឹមថា អតីត​កី​សមាជិក​ក្រុម Tottenham Hotspur រូបនេះ នឹង​ចាក​ចេញពី Santiago Bernabéu ឆាប់ៗ​។ ប៉ុន្តែ​ផ្ទុយទៅវិញ ចាប់តាំងពី​ពេលនោះ​មក Bale បាន​លេង​ជា​ច្រើ​ប្រកួត ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង ពោលគឺ ៧ លើក​មកហើយ សម្រាប់​រដូវ​កាល ២០១៩-២០ នេះ ដោយ​រកបាន ២​គ្រាប់​ផង​។​



«​ប្រសិនបើ​គាត់ (Bale) អាច​ហ្វឹកហាត់ គាត់​អាច​ហ្វឹកហាត់​បាន ហើយ​ប្រសិនបើ​គាត់​អាច​លេង គាត់​នឹង​លេង​។ តាមពិតទៅ គាត់​លេង​បានជា​ច្រើន​ប្រកួត ហើយ​គាត់​មិនដែល​និយាយ​អំពី​ការចាកចេញ​ទេ​។ Bale ជា​កីឡាករ​ម្នាក់​ដែល​ខិតខំ​ប្រឹងប្រែង​និង​ហ្វឹកហាត់​បានល្អ​។ គាត់​សំខាន់​សម្រាប់​សមាជិក​ក្រុម និង​ក្លិប​។ នេះ​ជាការ​បញ្ជាក់​របស់លោក Zidane​។ អ្នកចាត់ការ​វ័យ​៤៧​ឆ្នាំ​ថែមទាំង​សរសើរ Bale ថា​បាន​ផ្តោតលើ​ការលេង​សម្រាប់​ក្រុម​បានល្អ ហើយ​រូបគេ​បាន​ត្រៀមខ្លួន​រួចស្រេច ១០០% ដើម្បី​ជួយ​ក្រុម​។​

Real បាន​ចំណាយ​ប្រាក់​ជា​កំណត់ត្រា​ពិភពលោក ១១០ លាន​ដុល្លារ​អាមេរិក​ដើម្បី​នាំយក Bale ពី Tottenham Hotspur កាលពី​ខែកញ្ញា ឆ្នាំ ២០១៣​។ នៅ​ទឹកដី Bernabeu ៤​រដូវ​កាល Bale បាន​ជួយ Real ឈ្នះ Champions Leageu ៤​ដង La Liga និង Copa del Rey ១​លើក UEFA Super Cups ៣ ដង និង Club World Cups ៣​ដង រួមទាំង​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​លើសពី ១០០ គ្រាប់​ផង​៕

Tag:
 Gareth Bale
  Zinedine Zidane
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com