អន្តរជាតិ
លោក ត្រាំ នឹង​គ្មាន​មុខ​ក្នុងជំនួប​កំពូល​អាស៊ាន​នៅ​ថៃ ខណៈ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​កាន់តែខ្លាំង​
30, Oct 2019 , 4:22 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ រូបទី៣ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយមេដឹកនាំផ្សេងទៀត អំឡុងពេលបើកកម្មវិធីជំនួបកំពូលអាស៊ានលើកទី ៣១ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃ ១៣ វិច្ឆិកា ២០១៧ (AFP)
ពីឆ្វេងទៅស្តាំ៖ រូបទី៣ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយមេដឹកនាំផ្សេងទៀត អំឡុងពេលបើកកម្មវិធីជំនួបកំពូលអាស៊ានលើកទី ៣១ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃ ១៣ វិច្ឆិកា ២០១៧ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងមិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) សម្រាប់​ពេល​២​ឆ្នាំ​ផ្ទួនៗ​គ្នា ។ អវត្តមាន​របស់​មេដឹកនាំ​អាមេរិក​រូបនេះ កើតឡើង​ស្រប​ពេលដែល​អង្គការ​តំបន់​នេះ ទទួលរង​បញ្ហា​ប្រឈម​ទាំង​ផ្នែក​សន្តិសុខ​និង​សេដ្ឋកិច្ច ដែល​ក្នុងនោះ រឿង​ដ៏​ក្តៅគគុក​គឺ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។



​សេត​វិមាន​អាមេរិក បានប្រកាស នៅ​ថ្ងៃទី​២៩ ខែតុលា ថា លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង​លោក Wilbur Ross រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក នឹង​តំណាង​ឲ្យ​លោក​ត្រាំ នៅ​ជំនួប​កំពូល​ប្រចាំឆ្នាំ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ក្នុង​រាជធានី បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​៣ ដល់ទី​៤ ខែវិច្ឆិកា ខាងមុខ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ រៀបចំ​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​រដ្ឋមន្ត្រី Ross ក៏​នឹង​តំណាង​ឲ្យ​សហរដ្ឋអាមេរិក​នៅ​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុងប្រទេស​ថៃ​ផងដែរ ហើយ​លោក​ក៏​ដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​មួយ​ទៅកាន់​ប្រទេស​ថៃ ឥណ្ឌូណេស៊ី និង​វៀតណាម​។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​រប​ស់​សេត​វិមាន​អាមេរិក ពុំបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អវត្តមាន​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងជំនួប​កំពូល​ប្រចាំឆ្នាំ​នៅ​អាស៊ី​នេះឡើយ ហើយក៏​ពុំ​បញ្ជាក់​ផងដែរ​ថា ហេតុអ្វី​បានជា​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) នឹង​គ្មាន​វត្តមាន​ក្នុង​ក្រុង​បាងកក​។

​គេ​មើលឃើញថា អវត្តមាន​របស់លោក ត្រាំ អាចជា​ការមើលស្រាល​ដ​ល់​ម្ចាស់ផ្ទះ​នៃ​ជំនួប​អាស៊ាន​ក្នុងឆ្នាំនេះ គឺ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ផ្ទាល់​តែម្តង​។ ដូចគ្នា​អ៊ីចឹង​ដែរ លោក ដូ​ណា​ល់ ត្រាំ ក៏​ខកខាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក កាលពី​ឆ្នាំ​២០១៨ ក្នុងប្រទេស​សិង្ហ​បុរី ដោយ​ចាត់​ឲ្យ​លោក​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន (Mike Pence) ទៅ​ជំនួស​។ ក្នុង​ឆ្នាំ​ទីមួយ​នៃ​អាណត្តិ​ប្រធានាធិបតី លោក ត្រាំ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ម្តងគត់ ដែល​បាន​រៀបចំឡើង​ក្នុង​រដ្ឋធានី ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៧​។ សម្រាប់​ឆ្នាំ​នេះដែរ រដ្ឋធានី​នេះ ក៏​ជាទី​តាំង​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់ APEC នៅពេល​ជាមួយគ្នា​ផងដែរ​។

​ទោះជា​មិន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ថៃ​មែន លោក​ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ នឹងមាន​វត្ត​មាននៅ​ជំនួប​កំពូល APEC ក្នុងប្រទេស​ស៊ី​លី ចាប់ពី​ថ្ងៃ ១៦ ដល់ ១៧ វិច្ឆិកា ។ ផ្ទុយ​ពី​លោក​ត្រាំ លោក បា​រ៉ា​ក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​ទី​៤៤ បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ អំឡុង​អាណត្តិ​៨​ឆ្នាំ​របស់លោក ដោយ​លើកលែងតែ​ក្នុង​ឆ្នាំ​២០១៣ មួយ​ចេញ​ប៉ុណ្ណោះ​។ កាលនោះ លោក​ត្រូវ​បង្ខំ​ឲ្យ​លុបចោល​វិញ​ព្រោះតែ​រដ្ឋាភិបាល​អាមេរិក​បិទទ្វារ​។

​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែមាន​កម្តៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​


​គ្មានអ្វី​ប្រែប្រួល​ឡើយ​! បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នៅតែ​សំណុំរឿង​ក្តៅគគុក​បំផុត​មួយ​លើ​តុ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ ក្នុងពេល​១៥​ឆ្នាំ​មកនេះ អង្គការ​តំបន់​អាស៊ាន​ដែលមាន​សមាជិក​១០​ប្រទេស ពិបាក​នឹង​ឈានដល់​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ពាក់ព័ន្ធ​បញ្ហា​នេះ​។ ក្រុង​ប៉េកាំង ទាមទារ​ផ្នែក​ស្ទើរ​ទាំងស្រុង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្លូវទឹក​ដ៏​មមាញឹក​បំផុត​មួយ​លើ​ពិភពលោក ជាមួយនឹង​អ្វីដែល​ចិន​ហៅថា «​បន្ទាត់​៩​ឆ្នូត​»​។ រដ្ឋ​ជា​សមាជិក​អាស៊ាន​ដូចជា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ព្រុយ​ណេ ក៏​ទាមទារ​ផ្នែក​ខ្លះ​នៃ​តំបន់​សមុទ្រ​ជម្លោះ​នេះ​រៀងៗ​ខ្លួន​ផងដែរ ដូចគ្នា​សម្រាប់​កោះ តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់ខ្លួន​។

​គិត​មកដល់ពេលនេះ រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ចិន​បាន​បរាជ័យ​ក្នុងការ​ព្រមព្រៀងគ្នា​លើ​ក្រម​ប្រតិបត្តិ​មួយ ដែល​នឹង​ក្លាយ​ឯកសារ​ណែនាំ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ទាមទារ ហើយ​ចិន​កំពុង​ព្យាយាម​អូសទាញ​សមាជិក​អាស៊ាន​ទាំងអស់​បើក​ការចរចា​លើ​បញ្ហា​ទាមទារ​នេះ​ក្នុង​ទម្រង់​ទ្វេភាគី​។

​លោក David Stilwell ដែលជា​ឧបការី​រង​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក នឹងមាន​វត្តមាន​ក្នុង​ទីក្រុង​បាងកក ក៏ប៉ុន្តែ​គណៈប្រតិភូ​អាមេរិក នឹង​មិនអាច​ប្រៀបផ្ទឹម​នឹង​តួអង្គ​តំបន់​ផ្សេងទៀត ដូចជា ចិន ជប៉ុន និង​ឥណ្ឌា​។ យោងតាម​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី ចិន លី ខឹ​ឈាំ​ង (Li Keqiang) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន រំពឹងថា​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី បាងកក​។ យ៉ាងណាមិញ វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី មិនទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​។

​ការ​រសាត់​បន្តិច​ម្តងៗ​នៃ​វត្តមាន​អាមេរិក​ក្នុង​តំបន់​អាស៊ី​


​ទោះជា​ប្រកាស​ក្តែ​ង​ថា ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​តំបន់​ដ៏​មាន​សារសំខាន់​បំផុត​តែមួយគត់​សម្រាប់​អនាគត​របស់​អាមេរិក ក្នុង​របាយការណ៍​យុទ្ធសាស្ត្រ​មន្ទីរ​បញ្ច​កោណ​ក្នុង​ឆ្នាំ​២០១៩​េ​នះ  រដ្ឋបាល​លោក​ត្រាំ បន្ត​កាត់បន្ថយ​វត្តមាន​អាមេរិក បន្តិច​ម្តងៗ នៅ​ជំនួប​នៃ​បណ្តា​មេដឹកនាំ​អាស៊ី​។ មន្ត្រីការទូត​អាស៊ី​ខ្លះ លើកឡើងថា ការមិន​ចូលរួម​ពី​សំណាក់​អ្នកតំណាង​អាមេរិក​កម្រិត​ខ្ពស់​ក្នុង​ទីក្រុង បាងកក នឹងធ្វើ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​ខកចិត្ត ខណៈ​កង្វល់​ចេះតែ​បន្ត​កើនឡើង​ចំពោះមុខ​ឥទ្ធិពល​វាតទី​ដ៏​លឿន​រហ័ស​របស់​ចិន​។ ទាំង​អ្នកវិភាគ​នយោបាយ​អន្ត​រ​ជាតិ​និង​មន្ត្រី​ទូត អះអាង​ដូចគ្នា​ថា អវត្តមាន​របស់លោក​ត្រាំ ក្នុង​ក្រុង បាងកក នឹង​លើក​ឡើងជា​សំណួរ​ពាក់ព័ន្ធ​ការតាំង​ចិត្ត​អាមេរិក​សម្រាប់​តំបន់​អាស៊ី ជាពិសេស​ក្រោយ​លោក​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​(TPP) ក្នុង​ឆ្នាំ​២០១៧ ភ្លាមៗ​ក្រោយ​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​។

​លោក Kivi Chongkittavorn អ្នកកាសែត​ជើងចាស់​ម្នាក់​តាមដាន​កិច្ចការ​តំបន់ បាន​សរសេរ​ក្នុង​កាសែត បាងកក​ប៉ុស្តិ៍ ថា​៖«​ជា​រឿង​ប្រកែក​មិនបាន ដោយ​គ្មាន​វត្តមាន​លោក​ត្រាំ មុខមាត់​របស់​កិច្ចប្រជុំ​កំពូល (​អាស៊ាន​) នឹង​ពុំ​ត្រូវបាន​វាយតម្លៃ​ខ្ពស់ យ​»​។ លោក សង្កត់ធ្ងន់ថា ប្រសិនបើ ប្រធានាធិបតី​អាមេរិក​រូបនេះ បន្ត​មិន​ចូលរួម​ជំនួប​កំពូល​ពាក់ព័ន្ធ​អាស៊ាន ជាពិសេស ជំនួប​កំពូល​អាស៊ាន​-​អាមេរិក នា​ឆ្នាំក្រោយ​ទៀត​នោះ វា​នឹង​ប៉ះពាល់​ដល់​ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​តំបន់ ដែល​នឹងធ្វើ​ឲ្យ​ភាពប្រាកដប្រជា​របស់​អា​មេ​រិ​ក​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ត្រូវ​បាត់បង់​។​

​ចំណែក លោកស្រី Amy Searight ដែល​ធ្លាប់ជា​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​ក្រោម​អាណត្តិ​លោក អូ​បា​ម៉ា ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​របស់​អាមេរិក (CSIS) អះអាងថា កិច្ចប្រជុំ​អាស៊ាន បាន​ក្លាយជា​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ដ៏​ចម្បង​មួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​អូសទាញ​មេដឹកនាំ​មកពី​ចិន ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង ក៏ដូចជា​ប្រទេស​ទាំង​១០​របស់​អាស៊ាន​។  លោកស្រី លើកឡើងថា វា​នឹង​ឡើង​ទំព័រមុខ​នៃ​សារព័ត៌មាន​ធំៗ​ក្នុង​តំបន់ ដែល​ចុះផ្សាយ​ថា គ្មាន​មេដឹកនាំ​អាមេរិក​ជាន់ខ្ពស់​រូប​ណាមួយ ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​១៧​នាក់​ផ្សេងទៀត​មកពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

Tag:
 ថៃ​
  សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com