ជាតិ
សម្តេច ស ខេង ជំ​រុញឱ្យ​វិនិយោគ​ការងារ​ក្នុងស្រុក​កាន់តែច្រើន ទប់ស្កាត់​ពលរដ្ឋ​ចំណាកស្រុក​
30, Oct 2019 , 7:39 pm        
រូបភាព
​សៀមរាប​៖ កម្ពុជា​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២ កម្រិត​ថ្នាក់ដឹកនាំ​បច្ចេកទេស​នៃ​ប្រទេស​បញ្ជូន​ទាំង​៣ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា (CLM) ស្ដីពី​តួនាទី​ប្រទេស​បញ្ជូន​ដើម្បី​ពង្រឹង​កិច្ចការពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​។ ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​ជំរុញឱ្យមាន​ការវិនិយោគ​ឱកាស​ការងារ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​។​



​នេះ​ជា​លើក​ទី​២​ហើយ ដែល​គណៈប្រតិភូ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ជួបពិភាក្សា​លើ​កិច្ចការពារ​ពលករ​ទេស​ន្ដ​រ​ប្រវេសន៍ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតឡើង លើ​ពលករ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ទៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) លោកស្រី ជូ ប៊ុន​អេង បានឱ្យដឹងថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​លើក​ទី​២​នេះ ធ្វើឡើង​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព និង​ទំនោរ​នៃ​ទេសន្ដរប្រវេសន៍​បច្ចុប្បន្ន​ដើម្បី​រិះរក​វិធានការ​លុបបំបាត់​ការធ្វើ​ទេសន្ដរប្រវេសន៍​មិន​ប្រក្រតី ការជួញដូរ​មនុស្ស និង​រាល់​ទម្រង់​នៃ​អំពើ​កេងប្រវ័ញ្ច និង​ការលើកកម្ពស់​ទេសន្ដរប្រវេសន៍​ដោយ​សុវត្ថិភាព និង​ស្របច្បាប់​។ ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​នឹង​កំណត់​រក​បញ្ហា​រួម​និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ល្អៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា តាមរយៈ​ការពង្រឹង​កិច្ចសហការ​ក្នុងការ​ឆ្លើយតប​ការបង្ការ​ទប់ស្កាត់ ការអនុវត្ត​ច្បាប់ និង​កិច្ចការពារ​ជនរងគ្រោះ​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ក៏ដូចជា​ប្រទេស​គោលដៅ​។​



​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​ប​.​ជ សម្ដេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​គឺ​ដៅ​ខ្ពស់​លើ​ការការពារ​ទេសន្ដរប្រវេសន៍ ហើយ​បញ្ហា​នេះ​មាន​ភាពស្មុគស្មាញ​បើ​គេ​ស្វែងរក​មូលហេតុ​ដែល​ធ្វើឱ្យ​កើតមាន​ទេសន្ដរប្រវេសន៍​ឬ​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ​។  បញ្ហា​ដែល​រដ្ឋមន្ដ្រី​មហាផ្ទៃ​លើក​មក​និយាយ​នោះ​មានដូចជា​ការអភិវឌ្ឍ​មុខរបរ​មិនទាន់​រីកចម្រើន បញ្ហា​ការរស់នៅ​។​ល​។​

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៣០ តុលា សម្ដេច ស ខេង ជំ​រុញឱ្យ​ប្រទេស​ទាំង​៣​ដែល​កំពុង​ជួបប្រជុំគ្នា ត្រូវ​ជំរុញ​ការវិនិយោគ​ឱកាស​ការងារ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ជា​ជម្រើស​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ និង​អាច​ទាញ​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ ជៀសវាង​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​។ យ៉ាងណាក៏ដោយ សម្ដេច ស ខេង ពន្យល់ថា ការ​ចំណាកស្រុក​គឺមាន​ស្ទើរ​គ្រប់​ប្រទេស​លើកលែងតែ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ខ្ពស់​តែប៉ុណ្ណោះ ក្នុងនោះ​ប្រជាជន​ថៃ​ផ្ទាល់​ក៏មាន​ប្រជាពលរដ្ឋ​ចេញទៅ​ធ្វើការ​នៅ​បរទេស​ដែរ​។



​បន្ថែម​ពីនេះ ប្រធាន គ​.​ជ​.​ប​.​ជ ក៏​មិន​ចង់ឱ្យ​ប្រទេស​ទាំងបី មាន​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា  យក​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​នេះ​ទៅ​សង្កត់ក​ថៃ​រឿង​ពលក​របស់ខ្លួន​នោះដែរ​។ តាម​យោបល់​សម្ដេច ស ខេង ប្រទេស​ទាំងបី​គួរ​យល់​ពី​ស្ថានភាព​របស់​ថៃ ដ្បិតថា​ប្រទេស​នេះ​ក៏​រង​សម្ពាធ​ខ្លាំង​ពី​អន្ដរជាតិ​ច្រើន​ដែរ​ទាក់ទង​នឹង​រឿងនេះ ពិសេស​ពលករ​ធ្វើការ​លើ​ទូក​នេសាទ​តែម្ដង​។ សម្ដេច​បញ្ជាក់ថា គួរ​មាន​កិច្ចប្រជុំ​បួន​ភាគី​ម្ដង​ដើម្បី​ជជែក​ដោយផ្ទាល់​ជាមួយ​ថៃ ហើយ​ការ​រិះរក​ដំណោះស្រាយ​ផ្សេងៗ​សម្រាប់​ជួយ​ទេសន្ដរប្រវេសន៍​នេះ ក៏​ជា​ចំណែក​ជួយប្រមូល​នូវ​ធាតុ​ចូល​ល្អៗ ថ្មីៗ​ដើម្បី​ជា​ជំនួយស្មារតី​ដល់​ភាគី​ថៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ផងដែរ​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ ប្រទេស​ទាំងបី​នឹងធ្វើ​កំណត់ហេតុ​រួមមួយ​ដែល​បាន​ចុះហត្ថលេខា​រួម ដោយ​ដាក់ចេញ​នូវ​អនុសាសន៍​ជា​សំណើរ​សំខាន់ៗ ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី ក្នុងការ​ផ្តួចផ្តើម​ជា​ដំណោះស្រាយ​រួមគ្នា និង​សម្រាប់​ការពិភាក្សា​ជាមួយ​ប្រទេស​ថៃ ដែលជា​ប្រទេស​គោលដៅ ដើម្បី​លើកកម្ពស់ កិច្ចការពារ​ពលករ​ទេសន្តរប្រវេសន៍​ឲ្យ​មាន​សុវត្ថិភាព និង​ទទួលបាន​ផលប្រយោជន៍​ដោយ​ស្របច្បាប់ ព្រមទាំង​ការចែករំលែក​ប្រកបដោយ​សមធម៌ នូវ​ការទទួលខុសត្រូវ លើ​ការដោះស្រាយ​ភាព​ប្រឈម និង​ផលប្រយោជន៍ រវាង និយោជក និង​និ​យោ​ជិ​ក និង​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​៕

Tag:
 ពលករ​
  ចំណាកស្រុក​
  ទេសន្ដរប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com