អន្តរជាតិ
​ចិន​ព្រមាន​ថា ការរិះគន់​របស់​អាមេរិក​លើ​បញ្ហា​វី​ហ្គ័​រ អាច​បំផ្លាញ​កិច្ចចរចា​ពាណិជ្ជកម្ម​
30, Oct 2019 , 8:19 pm        
រូបភាព
លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ, រូបភាព៖ Reuters
លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ, រូបភាព៖ Reuters
​អាមេរិក និង​ប្រទេស​២២​ផ្សេងទៀត នៅឯ​អង្គការសហប្រជាជាតិ នា​ថ្ងៃទី​២៩ ខែតុលា បាន​ជំរុញ​ឲ្យ​ចិន​បញ្ឈប់​ឃុំឃាំង​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ផ្សេងទៀត​នៅ​ខេត្ត​ស៊ីន​ជាំ​ង​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ប្រតិភូ​តំណាង​ចិន​នៅ​អង្គការសហប្រជាជាតិ ក្តៅស្លឹកត្រចៀក​ជាខ្លាំង និង​ព្រមាន​ថា ការរិះគន់​របស់​អាមេរិក មិនមាន​ផល​ល្អ​ឡើយ​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​។



​ចិន បាន​រង​ការរិះគន់​ពី​បណ្តាល​ប្រទេស​មួយចំនួន នៅឯ​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​វិជ្ជាជីវៈ នៅក្នុង​តំបន់​ស៊ីន​ជាំ​ង ដើម្បី​លុបបំបាត់​ភាពជ្រុលនិយម និង​បង្រៀន​ជំនាញ​ថ្មីៗ​។ ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការសហប្រជាជាតិ ធ្លាប់បាន​អះអាងថា យ៉ាងហោចណាស់​មាន​ជន​ជាតិ​ភាគតិច​វី​ហ្គ័​រ និង​ជនជាតិ​ឥស្លាម​ផ្សេងទៀត ១​លាន ត្រូវបាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចាប់​ឃុំឃាំង​។

​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ចាង ជុន (Zhang Jun) បាន​ព្រមាន​យ៉ាងច្បាស់ៗ​ថា នៅ​ម្ខាង​អាមេរិក​ព្យាយាម​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ចិន ប៉ុន្តែ​នៅ​ម្ខាង​ទៀត អាមេរិក ខំ​រករឿង​ចិន​ទៅវិញ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​រឿង​សិទ្ធិមនុស្ស​។ ប្រសិនបើ​អាមេរិក នៅតែ​ធ្វើបែបនេះ​ទៀត ចិន​ពិបាក​ធានា​ណាស់ ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​ចំណែក​ភាគី​អាមេរិក លោកស្រី Kelly Craft អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ឆ្លើយតប​ទៅវិញ​ថា មិន​ថា​ចិន ឬ​ប្រទេស​ណាក៏ដោយ ឲ្យ​តែមាន​ការរំលោភ​សិទ្ធិមនុស្ស អាមេរិក នឹង​ការពារ​ជន​ដែល​រង​ការឈឺចាប់​ទាំងនោះ​។ គាំទ្រ​ទៅនឹង​សេចក្តីប្រកាស​របស់​អាមេរិក អគ្គរាជទូត​អង់គ្លេស តំណាង​ឲ្យ​ប្រទេស​២៣​ផ្សេងទៀត បាន​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង គោរព​ច្បាប់​ជាតិ​របស់ខ្លួន ច្បាប់​អន្តរជាតិ គោរព​សិទ្ធិមនុស្ស រួមទាំង​សេរីភាព​នៃ​ជំនឿ​សាសនា នៅក្នុង​តំបន់​ស៊ីន​ជាំ​ង និង​នៅក្នុង​ប្រទេស​ចិន​ទាំងមូល​។ ជាពិសេស​ក្រុម​ប្រទេស​ទាំងនេះ មិន​ភ្លេច​ឡើយ​ក្នុងការ​ជំរុញ​ឲ្យ​ចិន​ប្រតិបត្តិ​ទៅតាម​អនុសាសន៍​របស់​អ្នកជំនាញ​ឯករាជ្យ​អង្គការសហប្រជាជាតិ​ជាបន្ទាន់​។​

​បើជា​បី​ជា​ប្រទេស​ខាងលើ​រិះគន់​រដ្ឋាភិបាល​ចិន​ក៏ដោយ ប៉ុន្តែ​ក៏មាន​ក្រុម​ប្រទេស គាំទ្រ​ទៅលើ​ចំណាត់ការ​របស់​ទីក្រុង​ប៉េកាំង​ដែរ​។ ជាក់ស្តែង​អគ្គរដ្ឋទូត​បេឡា​រុស Valentin Rybakov តំណាង​ឲ្យ​ប្រទេស​ទាំង​៥៤ នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​លើកសរសើរ​ពី​ការគោរព​សិទ្ធិមនុស្ស និង​ការការពារ​សិទ្ធិមនុស្ស ជាពិសេស​គឺ​ការដោះស្រាយ​ជាមួយ​ក្រុម​ជ្រុលនិយម​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​សូមបញ្ជាក់ថា ការលើកឡើង​របស់​ក្រុម​ប្រទេស​ទាំង ៥៤​នេះ គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ឡើង ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន កាលពី​ខែកក្កដា ដែល​បានដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បន្ទាប់ពី​ក្រុម​ប្រទេស​ចំនួន ២២ ដូចជា​អង់គ្លេស និង​អាមេរិក បាន​អំពាវនាវ​ឲ្យ​ចិន​បញ្ឈប់​ការឃុំខ្លួន​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ផ្សេងទៀត​៕

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com