ជាតិ
អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា ស្នើ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការចុះ​កម្មសិទ្ធិ​ដី​សមូហភាព​
30, Oct 2019 , 9:39 pm        
រូបភាព
​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ដំណើរ​ការចុះ​កម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​។ លោក ហ៊ាន ប៊ុន​ហៀ​ង នាយក​ប្រតិបត្តិ​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា បាន​លើកឡើងថា ភាពយឺតយ៉ាវ​នៃ​ការចុះ​កម្មសិទ្ធិ​ដី​សមូហភាព បាន​បង្ក​ឲ្យ​កើតមាន​បញ្ហាដីធ្លី ដែល​ភាគច្រើន​បណ្តាលមកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​។ បញ្ហាដីធ្លី កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់ វប្បធម៌ ប្រពៃណី ធនធានធម្មជាតិ និង​ប្រភព​ចំណូល​ជនជាតិដើម​ភាគតិច​ផងដែរ​។​

 
​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា កំពុង​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​«​របប​អាហារ​ដែល​គិតពី​សុខភាព ដើម្បី​ពិភពលោក​គ្មាន​ភាពអត់ឃ្លាន​» ពីថ្ងៃ​ទី​២៩ និង​ទី​៣០ ខែតុលា នៅ​មជ្ឈមណ្ឌល​កំសាន្ត​លី​ឡា​។ អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា ក៏បាន​បញ្ចូល​យុ​ន្ធ​នា​ចំនួន​៣ របស់ខ្លួន យុទ្ធនាការ​ដីធ្លី​ស្ដីពី​សុវត្ថិភាព​ស្បៀងអាហារ​ជនជាតិដើម​ភាគតិច​, យុទ្ធនាការ​លុបបំបាត់​ករណី​ចាប់​រំលោក​សេពសន្ថវ​: និង​ការផ្តល់​ពានរង្វាន់​ដល់​ស្ត្រី​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​លើក​ទី​១​។ 


អ្នកស្រី ចក់ សុភាព ថ្លែងសុន្ទរកថានៅទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ នៃកម្មវិធីយុទ្ធនាការដីធ្លីស្តីពីសុវត្ថិភាពស្បៀងអាហារ។ រាប់ពីស្ដាំទីពីរ លោក ហ៊ាន ប៊ុនហៀង ពាក់អាវក្រហម៕
 
​លោក ហ៊ាន ប៊ុន​ហៀ​ង នាយក​ប្រតិបត្តិ​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា បាន​ឲ្យ​ដឹងថា ជនជាតិ​ភាគ​ដើម​តិច កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស​គឺ​បញ្ហាដីធ្លី​ដែល​បណ្តាលមកពី ការ​ឈូសឆាយ​យក​របស់​ក្រុមហ៊ុន​ធំៗ​។ បញ្ហាដីធ្លី បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ការគោរព​បូជា បាត់បង់​ប្រភព​ស្បៀង​ដែល​ភាគច្រើន​មាននៅ​ក្នុងព្រៃ  បាត់បង់​មុខរបរ​ប្រពៃណី ដែល​បានមកពី​អនុផល​ព្រៃឈើ​។ នេះ​បើតាម​លោក ប៊ុន​ហៀ​ង ដែល​បន្ត​ឲ្យ​ដឹង​ទៀតថា តំបន់​ដែល​រងគ្រោះ​ខ្លាំង​ពី​ការឈូសឆាយដី​របស់​ក្រុមហ៊ុន​ធំៗ មាននៅ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ​។ 
 
​ជនជាតិដើម​ភាគតិច មកពី​ខេត្តរតនគិរី មណ្ឌលគិរី  ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ស្ពឺ កំពង់ធំ និង​ពោធិ៍សាត់ សុទ្ធតែ​លើកឡើងថា​បញ្ហាដីធ្លី​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជនជាតិដើម​ភាគតិច​។ 
 
​កញ្ញា ផឹក ភា​រុំ ជា​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​អះអាងថា ការផ្ដល់​ដី​ឲ្យ​ក្រុមហ៊ុន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ការប្រកបមុខរបរ និង​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​។ កញ្ញា ផឹក ភា​រុំ បន្ថែមថា​៖«​បច្ចុប្បន្នភាព​ជនជាតិដើម​ភាគតិច​ក្នុង​តំបន់ គឺ​ជួប​រឿង​បញ្ហាដីធ្លី​ដោះស្រាយ​មិន​ងាយ​ចប់ ជាហេតុ​នាំ​ខាត​ពេលវេលា និង​ថវិកា នាំ​ប៉ះពាល់​ស្ទើរ​គ្រប់ផ្នែក​នៃ​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​»​។ 


អ្នកស្រី ផឹក ភារុំ កំពុងផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានថ្មីៗ នៅលីឡា រាជធានីភ្នំពេញ។
 
​អ្នកស្រី សៀន សុខ​នី ជា​ជន​ជ​តិ​ដើម​ភាគតិច​ព័រ នៅ​តំបន់​ភ្នំក្រវាញ ឃុំ​សំរោង ស្រុក​សំរោង ខេត្តពោធិ៍សាត់ ក៏​លើកឡើង​ដូចគ្នា​ដែរ​ថា បញ្ហាដីធ្លី គឺជា​បញ្ហា​ចម្បង​នៅក្នុង​សហគមន៍​ខ្លួន​។ អ្នកស្រី សុខ​នី វ័យ​៣២​ឆ្នាំ បញ្ជាក់​បន្ត​៖«​ខ្ញុំ និង​បងប្អូន​ជនជាតិដើម​ភាគតិច ក្នុង​តំបន់​ភាគច្រើន​កំពុង​ជំពាក់​លុយ​គេ ដោយសារ​ការ​អស់​ធនធាន​នៃ​ប្រភព​ចំណូល​»​។ 
 
 
​អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​យល់ស្រប​ថា  បញ្ហាដីធ្លី ពិតជា​បង្ក​ឲ្យ​បាត់បង់​មុខរបរ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្រី្ត​ជនជាតិភាគតិច និង​ធ្វើ​ឲ្យ​មាន​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​។ 
 
​លោក ហ៊ាន ប៊ុន​ហៀ​ង បាន​ឲ្យ​ដឹងថា សមាគមន៍​ចំនួន ២៤ បាន​ចុះ​កម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិដើម​ភាព​តិច ខណៈ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា មាន​ជាង ៥០០ សហគមន៍​។ កម្មសិទ្ធិសហគមន៍​ជនជាតិដើម ជា​ដី​ដែល​ប្រើប្រាស់​ដោយ​សហគមន៍​ជនជាតិដើម ហើយ​សហគមន៍ អាច ស្នើសុំ​បណ្ណ​កម្មសិទ្ធិ​ជា​សមូហភាព​លើដី​បាន​។ ដី​សមូហភាព គឺជា​ប្រភេទ​ដី​ដែល​កើតឡើង​ពី​ដី​ដាច់ដោយឡែក​ច្រើន ដែល​ដី​នីមួយៗ​ទទួលបាន​កម្មសិទ្ធិ​ដោយឡែកៗ ហើយ​ដី​ចុះ​ជា​ដី​សមូហភាព និង​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​លក់ដូរ ឬ​បញ្ចាំ​នោះទេ​។ នេះ​គឺ​វិធី​ការពារ​ព្រៃ​អារក្ស ដី​កប់ខ្មោច និង​ដី​ដូនតា​សំខាន់ៗ​សម្រាប់​កូនចៅ​ជនជាតិដើម​ភាគតិច​ជំនាន់​ក្រោយ​។  ប៉ុន្តែ​ការស្នើ​កម្មសិទ្ធិ​ដី​សមូហភាព គឺ​អាជ្ញាធរ​ដំណើរការ​យឺត ដែល​ធ្វើ​សមាគមន៍ និង​អង្គការ​ពាក់ព័ន្ធ ទទូច​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការងារ​នេះ​។  នេះ​ជាការ​បន្ថែម​របស់ លោក ហ៊ាន ប៊ុន​ហៀ​ង​៕


អ្នកស្រី សៀន សុខនី មកពីខេត្តពោធិ៍សាត់ ចូលរួមក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩។


Tag:
 ជនជាតិដើម​ភាគតិច​
  កម្មសិទ្ធិ​ដី​សមូហភាព
© រក្សាសិទ្ធិដោយ thmeythmey.com