សម្តេចសង្ឃ ព្រះធម្មលិខិត លាស់ ឡាយ បានសោយព្រះទិវង្គតនៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា ដោយព្រះជរាពាធ។ ពេញមួយព្រះជន្មដែលមានរយៈពេលជាង១សតវត្ស សម្តេចព្រះធម្មលិខិត រួមចំណែកយ៉ាងធំធេងក្នុងព្រះពុទ្ធសាសនា តាមរយៈព្រះរាជតួនាទី ជាសម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាសង្ឃ និងជាសម្តេចព្រះចៅអធិការវត្តសន្សំកុសល។
ខាងក្រោមនេះជាព្រះរាជប្រវត្តិសង្ខេបរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ៖
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅឆ្នាំ១៩១៤ នៅភូមិធ្យូង ស្រុកពញាឮ ខេត្តកណ្តាល។ សម្តេចជាកូនទី៥ ក្នុងគ្រួសារដែលមានកូនសរុប១០នាក់ (ប្រុស៧នាក់ ស្រី៣នាក់) ដោយមានបិតានាម ល័ក្ខ លាស់ (អាចារ្យលាក់) និងមាតានាម ស៊ូ អ៊ូច។ ព្រះអង្គបានបួសជាសាមណេរក្នុងអាយុ១២ឆ្នាំ ហើយបន្តរៀនសូត្រ និងគង់នៅវត្តព្រះពុទ្ធមានបុណ្យ និងវត្តឧណ្ណាលោម មុនលាចាកសិក្ខាបទវិញក្នុងអាយុ១៩ឆ្នាំ។។
តាមសៀវភៅ «មហាបុរស: ពុទ្ធសាសនានៅប្រទេសខ្មែរ» ដែលរៀបរៀងដោយលោក ស៊ិន សុវណ្ណនិ សម្តេច លាស់ ឡាយ បានបួសជាភិក្ខុ ក្នុងអាយុ២១ឆ្នាំ នៅវត្តសំរោង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់មាតា ហើយបន្តរៀនព្រះបរិយត្តិធម៌នៅវត្តមហាមន្ត្រី រាជធានីភ្នំពេញ។
នៅឆ្នាំ១៩៤៩ ភិក្ខុ លាស់ ឡាយ ទទួលបានប្រកាសនិយបត្រពីសម្តេចសង្ឃ ហួត តាត ជាអាចារ្យបង្រៀនផ្លូវការនៅពុទ្ធិកបឋមសិក្សានៅវត្តមហាមន្ត្រី ក្រោយបំពេញបានបទពិសោធន៍បង្រៀនបរិយត្តិធម៌រយៈពេល១ឆ្នាំនៅវត្តកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។ នាអំឡុងឆ្នាំ១៩៦៥ ព្រះអង្គទទួលបានការតែងតាំងងារជាព្រះគ្រូឃោសាភិរ័ត្នក្នុងឋាននុក្រមសង្ឃ ហើយ៥ឆ្នាំក្រោយមកព្រះអង្គ ក្លាយជាប្រធានគណៈសង្ឃប្រចាំវត្តមហាមន្ត្រី។
នៅឆ្នាំ១៩៧៥ ព្រះអង្គត្រូវរបបខ្មែរក្រហម និរទេស និងចាប់ផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៩ ព្រះអង្គបានវិលចូលភ្នំពេញវិញ និងគង់នៅវត្តសន្សំកុសល ដោយបំពេញភិក្ខុភារៈឡើងវិញនៅវត្តឧណ្ណាលោម ដោយមានព្រះវិន័យធរ ទេព វង្ស ជាព្រះឧបជ្ឈាយ៍។
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តែងតាំងជាព្រះអង្គ លាស់ ឡាយ ជា «សម្តេចព្រះធម្មលិខិត» តាមរយៈព្រះរាជក្រឹត្យមួយកាលពីឆ្នាំ១៩៩៥។ យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ធម្មលិខិត» មានន័យថា អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្ដេចក៏មាន : សម្ដេចព្រះធម្មលិខិត ។
ឈានដល់ឆ្នាំ២០០១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ។ នៅឆ្នាំ២០០៦ ព្រះអង្គក្លាយជាប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា។ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ សម្តេចសង្ឃ លាស់ ឡាយ ត្រូវបានតម្លើងឋានៈពីព្រះសង្ឃនាយករងទីមួយ ទៅជា «សម្តេចសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា» ដោយស័ព្ទប្រើចំពោះព្រះអង្គ ជា «រាជស័ព្ទ» ហើយព្រះអង្គមានសិទ្ធិប្រើផ្លិតយសពិសេស។
ឯកសារស្រាវជ្រាវបានបង្ហាញផងដែរថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ មានចំណេះដឹងផ្នែកភាសាបារាំង ភាសាថៃ ហើយអាចសន្ទនា និងសម្រាយភាសាបាលីបាន។ បើតាមដូនជីរក្សាសីលនៅវត្តសន្សំកុសល សម្តេចព្រះធម្មលិខិត ឆាន់យ៉ាងទៀតទាត់នៅពេលព្រឹក និងថ្ងៃត្រង់។
ស្នាព្រះហស្ដដែលសម្ដេចព្រះធម្មលិខិត លាស់ ឡាយ បានចងក្រងរួមមាន៖ ១-អន្តរធានកថា, ២-អច្ឆរិយកថា, ៣-សច្ចប្បរិយាល, ៤-ទុល្លភកថា ឬច្បាប់ល្អក្ររកបាន, ៥-សង្គ្រាមអមនុស្សថ្មីចាស់, ៦-សង្ខារប្បរិយាល, ៧-ប្រវត្តិព្រះពុទ្ធសាសនា ក្រោយបរិនិពាន្វ, ៨-កាយកថាសតិកម្មដ្ឋាន, ៩-សីមាវណ្ណនា, ១០-រំឭកគុណព្រះ, ១២-ប្រវត្តិព្រះកច្ចាយនត្ថេរ, ១៣-ប្រែមាឃ និងវិសាខបូជា, ១៤-រឿងទហរភិក្ខុ, រឿងដដិលខុសមាត់, រឿងជោតិកត្តេរភិក្ខុ, រឿងសម្ពហុលភិក្ខុ ។
បន្ថែមពីលើនេះ សម្តេចបានបន្សល់នូវស្នាព្រះហស្ត និងសមិទ្ធផលជាច្រើនក្នុងពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមានដូចជាការបង្កើតពុទ្ធិកវិទ្យាល័យសម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល ជាដើម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងសាររំលែកទុក្ខថា ព្រះអនិច្ចធម្មរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ គឺជាការបាត់បង់សមាណសង្ឃជាពហុសូត្រដ៏ឆ្នើមបំផុតក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងជាព្រះកវីពោរពេញដោយព្រះពុទ្ធិជ្រៅជ្រះ។
«សម្តេចព្រះធម្មលិខិត លាស់ ឡាយ បានបន្សល់នូវស្នាព្រះហស្តច្រើនឥតគណនាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ និងរួមចំណែកព្រះបរិច្ចាគ ទ្រទ្រង់ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ដោយព្រះសទ្ធាជ្រះថ្លាបរិសុទ្ធ»។ នេះជាសំណេររបស់សម្តេច ហ៊ុន សែន ថ្វាយដល់សម្តេចព្រះអគ្គមហាសង្ឃរាជរ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា៕