ជាតិ
សាសនា / ធម៌
សមាជិក​រៀបចំ​បុណ្យ​៖ សព​សម្តេច លាស់ ឡាយ តម្កល់ទុក​១០០​ថ្ងៃ មុន​បូជា​
30, Oct 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​ព្រះ​សព​សម្តេច​ធម្មលិខិត លាស់ ឡាយ អះអាងថា ព្រះ​សព​សម្តេច លាស់ លាយ នឹងត្រូវ​តម្កល់ទុករ​យៈ​ពេល​១០០​ថ្ងៃ នៅក្នុង​វត្ត​សន្សំ​កុសល​។ លោក លើកឡើងថា ការសម្រេច​នេះ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​រៀបចំ​បុណ្យ​ព្រះ​សព​សម្តេច លាស់ ឡាយ ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ខាង​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ លោក សេង សុ​មុនី បញ្ជាក់​ដូច្នេះ​ថា​៖«​រយៈពេល​១០០​ថ្ងៃ​ហ្នឹង យើង​ធ្វើបុណ្យ​ជា​ហូរហែ​អ៊ីចឹងទៅ ទៅតាម​ព្រះពុទ្ធសាសនា​»​។ លោក បន្ថែ​ថា នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ ព្រះ​សព​សម្តេច លាស់ ឡាយ នឹងត្រូវ​ដង្ហែ​ចេញពី​វត្ត​សន្សំ​កុសល យកទៅ​បូជា​នៅមុខ​វត្ត​បទុម​វ​ត្តី​។ 
 
​សម្តេច លាស់ ឡាយ សោយ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះ​វង្សា នៅ​វត្ត​សន្សំ​កុសល កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​។ សម្តេច ជា​សម្តេចព្រះ​សង្ឃនាយក​រង​ទីមួយ ជា​ប្រធាន​ថេរ​សភា​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា និង ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល​។ សម្តេច លាស់ ឡាយ ជា​អ្នកចេះដឹង​មួយអង្គ តាំងពី​ជំនាន់​សម្តេច​សង្ឃ ជួន ណាត​៕

Tag:
 សម្តេច លាស់ ឡាយ​
© រក្សាសិទ្ធិដោយ thmeythmey.com