អន្តរជាតិ
ជប៉ុន​៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ប្រាសាទ Shuri ដែលមាន​អាយុច្រើនជាង​៥០០​ឆ្នាំ​
31, Oct 2019 , 9:50 am        
រូបភាព
អគ្គិភ័យ កំពុងលេបត្របាក់ប្រាសាទShuri, រូបភាព៖ Reuters
អគ្គិភ័យ កំពុងលេបត្របាក់ប្រាសាទShuri, រូបភាព៖ Reuters
​នាពេល​ព្រឹក​ថ្ងៃទី​៣១ ខែតុលា អគ្គិភ័យ​មួយ បាន​លេប​ត្របាក់​ប្រាសាទបុរាណ​ជប៉ុន ដែល​ស្ថិតនៅ​ភាគខាងត្បូង​កោះ​អូ​គី​ណា​វ៉ា​។ ហេតុការណ៍​នេះ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​របស់​ប្រាសាទ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​តំបន់​។


 
​ប្រាសាទ Shuri គឺជា​សំណង់​ប្រាសាទ​ដ៏​សំខាន់​មួយ ដែល​ត្រូវបាន​គេ​កសាងឡើង​នៅក្នុង​សម័យ​អាណាចក្រ Ryukyu និង​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ប្រហែល​នៅក្នុង​ឆ្នាំ​១៤០០ ។ ដោយសារ​មានការ​ខូ​ត​ខាត  និង​បាក់បែក​ផ្នែក​ខ្លះ​នៃ​ស្នាដៃ​ស្ថាបនកម្ម​មួយ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ស្ថាបនា​ឡើងវិញ តាម​គម្រោង​ដើម ដោយ​ផ្អែក​ទៅតាម​រូបថត​នៃ​ប្រាសាទ​។ 
 
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា នា​វេលា​ប្រមាណ​ជា​ម៉ោង ៣​ទាបភ្លឺ ប្រាសាទ​Shuri ត្រូវបាន​អ​ភ្គិ​ភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ហើយ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរ​ជប៉ុន មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ឡើង​ទាក់ទិន​ទៅនឹង​ឧបទ្ទវ​ហេតុនេះ​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP អ្នកនាំពាក្យ​របស់​ប៉ូលិស​ខេត្ត​អូ​គី​ណា​វ៉ា បាន​អះអាងថា មកទល់ពេលនេះ មន្ត្រីប៉ូលិស មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ ប៉ុន្តែ​សញ្ញា​អាសន្ន​បាន​រោទ៍​ឡើង​ប្រហែលជា​នៅ​ម៉ោង ២ និង​៣០​នាទី​ព្រឹក​។ ប្រាសាទ​សំខាន់​ជាងគេ ត្រូវបាន​ភ្លើង​ឆេះ និង​រីក​រាលដាល​យ៉ាង​លឿន​ទៅលើ​ប្រាសាទ​ផ្សេងៗ​ទៀត ហើយ​ពេលនេះ​ក្រុម​ពន្លត់​អគ្គិភ័យ កំពុង​ព្យាយាម​ពន្លត់ ។ 
 
​លោកស្រី Mikiko Shiroma អភិបាលក្រុង បានបង្ហាញ​ក្ដី​ភ័យ​បារម្ភ​ពី​បញ្ហា​នេះ​។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ដែល​ផ្សាយ​ដោយ​ទូរទស្សន៍​ជប៉ុន NHK លោកស្រី​អភិបាលក្រុង Naha បាន​លើកឡើងថា​៖ «​ខ្ញុំ​មានការ​ភ័យរន្ធត់​ជាខ្លាំង ដោយសារតែ​របាយការណ៍​ភ្លើង​ឆេះ​ប្រាសាទ Shuri»​។ លោកស្រី និង​ប្រជាជន​ទាំងអស់ សន្យាថា​នឹង​ព្យាយាម​ជួយ​ពន្លត់​អគ្គិភ័យ​មួយ​នេះ​ឲ្យ​ទាល់តែ​បាន​។ 
 
​សូមបញ្ជាក់ថា ប្រាសាទ Shuri ត្រូវបាន​បំផ្លាញ​យ៉ាងខ្លាំង​នៅក្នុង​សង្គ្រាមលោកលើកទីពីរ ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​ជួសជុល​ឡើងវិញ និង​បើក​ជា​ឧទ្យាន​ជាតិ​សារជាថ្មី​នៅក្នុង​ឆ្នាំ​១៩៩២​។ រហូតមកដល់​ឆ្នាំ​២០០០ ស្នាដៃ​ស្ថាបត្យកម្ម​មួយ​នេះ និង​ប្រាសាទ​ផ្សេងទៀត​នៅ​ជុំវិញ​តំបន់​នោះ ត្រូវបាន​គេ​ចុះបញ្ជី​ដាក់ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ AFP ៕

Tag:
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com