អន្តរជាតិ
រដ្ឋមន្ត្រី​ជប៉ុន​ម្នាក់ទៀត លាលែង​ពី​តំណែង ព្រោះ​ប្រពន្ធ​បំពាន​ច្បាប់​
31, Oct 2019 , 11:04 am        
រូបភាព
រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន កាស៊ូយូគិ កាវ៉ាអ៊ិ បានសុំលាលែងពីតំណែង។ រូបភាព Kyodo
រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន កាស៊ូយូគិ កាវ៉ាអ៊ិ បានសុំលាលែងពីតំណែង។ រូបភាព Kyodo
​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៣១ ខែតុលា បាន​បាត់បង់​រដ្ឋមន្ត្រី​ម្នាក់ទៀត បន្ទាប់ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សុំលាលែង​ដោយសារ​រឿង​ផ្ដល់​លុយកាក់​ខុសច្បាប់​បោះឆ្នោត​។ លោក កា​ស៊ូ​យូ​គិ កា​វ៉ា​អ៊ិ (Katsuyuki Kawai) បាន​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌ បន្ទាប់ពី​មាន​ព័ត៌មាន​ថា ភរិយា​របស់លោក​ផ្ដល់​អំណោយ​ឲ្យ​ប្រជាជន​ក្នុង​មណ្ឌលបោះឆ្នោត​នា​ការបោះឆ្នោត​ព្រឹទ្ធសភា​ខែកក្កដា និង​ការផ្ដល់​លុយ​ឲ្យ​បុគ្គលិក​លើស​ច្បាប់​កំណត់​។ ប៉ុន្តែ​លោក​ថា មិនដឹង​រឿងនេះ​ឡើយ​។​

 
​មិន​ដល់​មួយ​សប្ដាហ៍​ផង រដ្ឋមន្ត្រី​ជប៉ុន​ពីរ​នាក់ បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​។ ក្រោយ​លោក អ៊ី​ស៊ូ ស៊ូ​ហ្កា​វ៉ា​រ៉ា បាន​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កាលពី​៦​ថ្ងៃមុន ដោយ​រង​ការចោទប្រកាន់ថា ផ្ដល់​លុយ​ឲ្យ​ប្រជាជន​ក្នុង​មណ្ឌលបោះឆ្នោត​ដែល​លោក​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដែល​ក្រោយមក​ក៏មាន​ការបកស្រាយ​ថា លុយ​នេះ​ជា​លុយ​ចូល​បុណ្យសព​ប៉ុណ្ណោះ​។ លោក​ក៏ត្រូវ​ជាប់​សង្ស័យថា បានផ្ដល់​ក្ដាម និង​ឪឡឹក​ឲ្យ​ប្រជាជន​ក្នុង​មណ្ឌល​របស់លោក​ដែរ​។​
 
​មកដល់​ថ្ងៃទី​៣១ ខែតុលា លោក កា​ស៊ូ​យូ​គិ កា​វ៉ា​អ៊ិ ក៏​លាលែង​ពី​រដ្ឋមន្ត្រី​យុត្តិធម៌​ទៀត​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន Japan Today ដែល​ស្រង់​ប្រភពពី​ទស្សនាវដ្ដី Shukan Bunshun ការិយាល័យ​អ្នកស្រី អាន់​រី កា​វ៉ា​អ៊ិ ភរិយា​លោក កា​វ៉ា​អ៊ិ បានផ្ដល់​អំណោយ​ដល់​មណ្ឌល​ដែល​លោក​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​។ អ្នកស្រី កា​វ៉ា​អ៊ិ ក៏​ជាប់​សង្ស័យថា ចាយលុយ​លើ​បុគ្គលិក​បម្រើ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​លើស​ច្បាប់​កំណត់​ផងដែរ​។​
 
​ទាក់ទិន​រឿងនេះ លោក កា​វ៉ា​អ៊ិ អះអាងថា លោក និង​ភរិយា​មិនបាន​ដឹង​រឿង​អ្វី​ទេ​។ ប៉ុន្តែ​លោក​លាលែង​ពី​តំណែង​ដើម្បី​បញ្ចៀស​ការធ្លាក់ចុះ​ទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌ អំឡុងពេល​ការស៊ើបអង្កេត​ដែល​កំពុង​ធ្វើឡើង​។​
 
​ចំណែកឯ​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ក៏​ចេញមុខ​សុំទោស​ជា​លើក​ទី​ពីរ​ផងដែរ ហើយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការតែងតាំង​លោក ស៊ូ​ហ្កា​វ៉ា​រ៉ា និង​លោក កា​វ៉ា​អ៊ិ ជា​រដ្ឋមន្ត្រី​ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​មុន​។ «​ខ្ញុំ​សុំទោស​ប្រជាជន​ជា​សាធារណៈ​។ ខ្ញុំ​នឹង​បំពេញ​ការទទួលខុសត្រូវ​ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​ប្រជាជន​ឡើងវិញ​។​» នេះ​ជាការ​សន្យា​របស់លោក អា​បេ ដែល​បានប្រកាស​តែងតាំង​លោក ម៉ាសា​កុ ម៉ូ​រី ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី​៕ 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ​
  Katsuyuki Kawai
© រក្សាសិទ្ធិដោយ thmeythmey.com