កីឡាជាតិ
ជាតិ
អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ង៉ែត ភា​រ័ត្ន ធ្វើអត្តឃាត​នៅ​អាយុ​២៦​ឆ្នាំ​
31, Oct 2019 , 11:19 am        
រូបភាព
កីឡាករ ង៉ែត ភារ័ត្ន ពេលចូលរួមប្រកួតលក្ខណៈអន្តរជាតិកន្លងមក
កីឡាករ ង៉ែត ភារ័ត្ន ពេលចូលរួមប្រកួតលក្ខណៈអន្តរជាតិកន្លងមក
ដោយ:
​អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ង៉ែត ភា​រ័ត្ន បានធ្វើ​អត្តឃាត​ក្នុង​អាយុ​២៦​ឆ្នាំ ដោយសារ​វិបត្តិ​ផ្លូវចិត្ត កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​ផ្ទះជួល​មួយកន្លែង​ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បាត់បង់​ធនធាន​កីឡាអត្តពលកម្ម​ដ៏​ឆ្នើម​មួយរូប ដ្បិត​បច្ចុប្បន្ន​រូបគេ​ជា​គ្រូបង្វឹក​កីឡាអត្តពលកម្ម​។

 
​ក្រោយ​ធ្វើ​កោសល្យវិច័យ​សមត្ថកិច្ច​សន្និដ្ឋានថា អតីត​កីឡាករ ង៉ែត ភា​រ័ត្ន ពិតជា​បានធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​រប​ស់​គេ ត្រូវបាន​សាច់ញាតិ​ដឹកនាំ​យកទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់លាវ ស្រុក​កំពង់​លេង ខេត្តកំពង់ឆ្នាំង​។ 
 
​គួររំលឹកថា ង៉ែត ភា​រ័ត្ន មិន​ត្រឹមតែ​ជា​កីឡាករ​រត់​ល្បឿន​ឆ្នើម​កម្រិត​ជាតិ​ប៉ុណ្ណោះ​ទេ តែ​រូបគេ ក៏​ជា​កីឡាករ​លេចធ្លោ​មួយរូប​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ ក្នុងអំឡុង​ជាប់​ជា​កីឡាករ​ជម្រើសជាតិ កីឡាករ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ តែង​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​បញ្ជូនទៅ​ចូលរួម​ប្រកួត​នានា​លើ​ឆាក​អន្តរជាតិ​។ 
 
​ភា​រ័ត្ន បាន​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី​និង​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Universiade នៅ​ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង និង​ព្រឹត្តិការណ៍ World Championship នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន និង​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ផងដែរ លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​៕ 



Tag:
 អត្តពលកម្ម​
  ង៉ែត ភា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com