កីឡាអន្តរជាតិ
អន្តរជាតិ
EFL៖ Man Utd ទម្លាក់ Chelsea ឯ Liverpool ឈ្នះ Arsenal ដោយប៉េណាល់ទី ដើម្បីឡើងទៅវគ្គ៨ក្រុម
× ក្រុម Manchester United បានយកឈ្នះ Chelsea ក្នុងលទ្ធផល ២-១ នៃការប្រកួតពានរង្វាន់ EFL Cup នៅយប់ថ្ងៃទី៣០ ខែតុលា ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ Liverpool ក៏បានទម្លាក់ Arsenal ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ៥-៤ ក្រោយក្រុមទាំងពីរបញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទី ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាសរុបចំនួន ១០គ្រាប់។
ក្នុងជំនួបនៅកីឡដ្ឋាន Stamford Bridge ខ្សែប្រយុទ្ធវ័យក្មេងឆ្នើម Marcus Rashford បានបង្ហាញទេពកោសល្យដ៏អស្ចារ្យ ដោយរកបានដល់ទៅ២គ្រាប់ម្នាក់ឯង។ គ្រាប់ទី១ធ្វើបានដោយការទាត់ប៉េណាល់ទីនៅនាទី២៥ និងគ្រាប់ទី២ តាមរយៈការស៊ុតបាល់ពិន័យ (Free kick) ពីចម្ងាយយ៉ាងល្អនៅនាទី៧៣ ពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធ Michy Batshuayi រកគ្រាប់តាមស្មើឲ្យ Chelsea នៅនាទី៦១។
ជ័យជម្នះនេះបានជួយក្រុម Man Utd ដែលមានលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅឈានទៅកាន់វគ្គ១/៤ ផ្តាច់ព្រ័ត្រក្របខណ្ឌ EFL Cup។
ដោយឡែកជំនួបក្រុមខ្លាំងមួយគូទៀត គឺរវាង Livperpool និង Arsenal ដែលអាចស៊ុតបញ្ចូលទីគ្នាសរុបដល់ទៅ១០គ្រាប់ ពោលគឺក្នុងលទ្ធផល ៥-៥ មុនឈានដល់ការទាត់បាល់កាត់សេចក្តីប៉េណាល់ទី។
នាកីឡដ្ឋាន Anfield ម្ចាស់ផ្ទះហង្សក្រហមរកបានគ្រាប់នាំមុខមុន តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Shkodran Mustafi នៅ៦នាទីដំបូង មុនពេលកាំភ្លើងធំតាមបាន៣គ្រាប់វិញនៅត្រឹមនាទី៣៦ ដែលធ្វើបានដោយ Lucas Torreira នៅនាទី១៩ និងខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli ២គ្រាប់នៅនាទី២៦, ៣៦។ នៅចុងតង់ទី១ទៅហើយ ខ្សែបម្រើ James Milner តាមបាន១គ្រាប់វិញ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ដែលនាំឲ្យ Arsenal នាំមុខ Liverpool នៅវគ្គទីមួយ ៣-២។
ចូលដល់វគ្គទី២ នាទី៥៤ Ainsley Maitland-Niles បន្ថែមគ្រាប់ទី៤ឲ្យកាំភ្លើងធំ មុនពេល Alex Oxlade-Chamberlain និង Divock Origi ស៊ុតតាមស្មើឲ្យ ហង្សក្រហមវិញក្នុងនាទី៥៨ និង៦២។ ៨នាទីបន្ទាប់ទៀត Joseph Willock សម្រេចគ្រាប់បាល់នាំមុខសាជាថ្មីសម្រាប់ក្រុមលោក Unai Emery និងជាគ្រាប់បាល់ទី៥ផង។ ភាពសប្បាយរីករាយរបស់ក្រុមភ្ញៀវបានរលត់ទៅវិញ ក្រោយពេលខ្សែប្រយុទ្ធ Origi ប្រើក្បាច់ទាត់ថយក្រោយដើម្បីបញ្ជូនបាល់ចូលសំណាញ់ទី Arsenal នៅនាទី៩០ ដើម្បីឲ្យក្រុមទាំងពីបញ្ចប់ទៅក្នុងលទ្ធផល ៥-៥។
ក្រុមទាំងពីរ តម្រូវឲ្យកាត់សេចក្តីដោយការទាត់បាល់ពិន័យប៉េណាល់ ដោយក្នុងនោះ ហង្សក្រហមឈ្នះ កាំភ្លើងធំ ៥-៤។ ដូច្នេះក្រុមរបស់លោក Jürgen Klopp ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយក្រុម៧ទៀតដែលរួមមាន Leicester City, Colchester United, Everton, Manchester City, Oxford United, Aston Villa និង Man Utd៕
© រក្សាសិទ្ធិដោយ thmeythmey.com