ជាតិ
សង្គមជាតិ
សមត្ថកិច្ច ប្រើឧទ្ធម្ភាគចក្រ កាណូត អ្នកមុជទឹក និង សុនខ ស្វែងរកនារីអង់គ្លេស ដែលបាត់ខ្លួន
31, Oct 2019 , 12:42 pm        
រូបភាព
រូបពី BTV
រូបពី BTV
សមត្ថកិច្ច នៅតែបន្តស្វែងរកនារីជនជាតិអង់គ្លេស Bambridge Amelia Louise ដែលបានបាត់ខ្លួននៅកោះរ៉ុងសន្លឹម ដោយបានប្រើប្រាស់ស្ទើរតែគ្រប់មធ្យោបាយហើយ ដែលរួមមាន តាមផ្លូវទឹក ផ្លូវគោក រួមទាំងបានប្រើប្រាស់ឧទ្ធម្ភាគចក្រផងដែរ។



ចំពោះវិធាការស្វែងរកនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងស្វែងរកលើគោក កម្លាំងជំនាញស៊ើបតាមបទព្រហ្មទណ្ឌ អ្នកមុជទឹក កាណូត ឧទ្ធម្ភាគចក្រ និងសត្វសុនខ ដើម្បីស្វែងរកឲ្យឃើញនិងដឹងមូលហេតុជុំវិញករណីបាត់ខ្លួនរបស់ Bambridge Amelia Louise នៅកោះរ៉ុងសន្លឹម។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

លោក គួច ចំរើន បានបញ្ជាក់ថា កាលពីថ្ងៃទី៣០នេះ សមត្ថបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីស្វែងរកនារីអង់គ្លេសនោះ បន្ទាប់ពីក្រុមគ្រួសាររបស់នាង បានស្នើឲ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ ដែលឪពុកម្ដាយរបស់នាង ក៏ជិះស្វែងរកជាមួយដែរ។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រើសត្វសុនខ ដើម្បីស្វែងរកលើគោក តាមការស្នើសុំពីគ្រួសាររបស់នាងដដែល។

ចាប់តាំងពីថ្ងៃបាត់ខ្លួននារីអង់គ្លេស កម្លាំងជំនាញបានចុះស្វែងរកតាមតំបន់ដែលមានពលរដ្ឋរស់នៅ តំបន់ព្រៃភ្នំនៃកន្លែងកើតហេតុ រួមទាំងប្រើកាណូតនិងអ្នកមុជទឹកទៀតផង។ បើទោះបីមានការសាកសួរលើបុរសខ្មែរ៦នាក់ហើយក៏ដោយ ក៏នៅតែមិនទាន់រកឃើញនារីជនជាតិអង់គ្លេសនោះដែរ។ ចំពោះបុរស៦នាក់មិនបានឃាត់ខ្លួនទេ គឺគ្រាន់តែហៅទៅសាកសួរជុំវិញករណីបាត់ខ្លួនរបស់នារីជនជាតិអង់គ្លេស។ នេះជាការលើកឡើងរបស់លោក គួច ចំរើន។

ជុំវិញតម្រុយដែលទទួលបាន លោក គួច ចំរើន បានឲ្យដឹងថា មានអ្នកនេសាទ បានប្រទះឃើញសាកសពអណ្ដែតនៅក្បែរកោះស្ដេច កាលពីថ្ងៃទី២៧តុលា។ អ្នកនេសាទថា សាកសពដែលប្រទះឃើញ អាចជាសពមនុស្សស្រីព្រោះអណ្តែតផ្ងារ សក់ពណ៌លឿង។ សូមបញ្ជាក់ថា នារី​ដែល​បាត់​ខ្លួន បាន​ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​កោះរ៉ុង​សន្លឹម កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែតុលា ហើយ​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach​។

កម្លាំង​ជំនាញ​ថា គេ​ប្រទះឃើញ​នាង​លើកចុងក្រោយ​នៅក្នុង​កម្មវិធី​ជប់លៀង នៅ​ឆ្នេរ​កោះរ៉ុង​សន្លឹមម៉ោងប្រមាណ​៣​កន្លះ​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤​តុលា ឆ្នាំ​២០១៩​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​រកឃើញ​កាបូប និង​សម្ភារ​មួយចំនួន នៅលើ​ផ្ទាំង​ថ្ម​ក្បែរ​ឆ្នេរ​ជិត​កន្លែង​ជប់លៀង​៕

Tag:
 នារីអង់គ្លេស
  បាត់ខ្លួន
  កោះរ៉ុងសន្លឹម
  បាត់ខ្លួនជនជាតិអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com