ជាតិ
សេដ្ឋកិច្ច
​ទូត​អាមេរិក រំពឹង​កម្ពុជា​អាច​ទាញ​ប្រយោជន៍​ពី​«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​នៅ​ថៃ​នា​ដើមខែ​វិច្ឆិកា​
31, Oct 2019 , 5:03 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy អះអាងថា កម្ពុជា​នឹង​អាច​ទាញយក​ប្រយោជន៍​ពី​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក តាមរយៈ​ការបង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន ដើម្បី​ទាក់ទាញ​វិនិយោគ​ថ្មីៗ​ពី​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​។​


 
​គណៈប្រតិភូ​កម្ពុជា ដែលជា​តំណាង​ក្រុមហ៊ុន​នានា និង​អ្នកកាសែត  នឹង​ទៅ​ចូលរួម​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​ខាងមុខនេះ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវបាន​រំពឹងថា​នឹងចូលរួម​ក្នុង​វេទិកា​នេះដែរ​។ មុន​ដល់​ថ្ងៃ​វេទិកា​នេះ​មកដល់ ទូត​អាមេរិក ដែលជា​អ្នកដឹកនាំ​គណៈប្រតិភូ​ពី​កម្ពុជា បានរៀបចំ​កម្មវិធី​ណែនាំ​មួយ (Pre-Event) នៅ​ថ្ងៃទី​៣០​ខែតុលា ម្សិលមិញ​។ ក្នុងឱកាស​នេះ អ្នកកាសែត​កម្ពុជា​បាន​សាកសួរ​អំពី​ការយល់ឃើញ​របស់លោក​អគ្គរដ្ឋទូត​ថ្មី​រូបនេះ​ជុំវិញ​វេទិកា​ធុរកិច្ច​នេះ និង​អត្ថប្រយោជន៍​ដែល​កម្ពុជា​អាច​ទទួលបាន​។ 
 
​លោក W. Patrick Murphy អះអាងថា វេទិកា​ធុរកិច្ច​ដ៏​ធំ​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​កម្ពុជា​បង្ហាញ​ពី​ខ្លួនឯង​លើ​ឆាក​តំបន់ ដើម្បី​ស្រូបយក​ការវិនិយោគ និង​ពាណិជ្ជកម្ម​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​វា​មិន​ត្រឹមតែ​ជា​កាលានុវត្តភាព​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ផ្ដល់ឱកាស​ដល់​កម្ពុ​ជាមាន​មុខ​ក្នុង​ឆាក​តំបន់​ដើម្បី​បង្ហាញ​ឱកាស​ផ្សេងៗ​ដូចជា​ការវិនិយោគ និង​ពាណិជ្ជកម្ម​ដែល​បើកចំហ តម្លាភាព និង​គោរព​តាម​បទបញ្ញត្តិ​ច្បាប់ ព្រមទាំង​ការដើរតាម​បទដ្ឋាន​ស្ដង់ដារ​អន្តរជាតិ​»​។​


 
​ក្នុង​កិច្ច​សម្ភាស​ដំបូង​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​អាណត្តិ​ដែល​លោក​ចូល​បំពេញការងារ​នៅ​កម្ពុជា​នេះ លោក W. Patrick Murphy មានប្រសាសន៍ថា  វិស័យ​ឯកជន​របស់​កម្ពុជា ក៏​អាចបង្កើត​បណ្ដាញ​ទំនាក់ទំនង​ធុរកិច្ច​ជាមួយ​វិនិយោគិន​អាមេរិក និង​បណ្ដា​ប្រទេស​ជាង​២០​ទៀត​ក្នុង​តំបន់​ផងដែរ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ឱកាស​ជាច្រើន ព្រោះ​នឹងមាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់ ដែល​តំណាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល មកពី​ជាង​២០​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ ហើយ​គណៈប្រតិភូ​អាមេរិក​នឹង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក អមដំណើរ​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​របស់​អាមេរិក​មួយចំនួន ដែល​នឹង​បង្កើត​ឱកាស​ដ៏​ធំធេង​សម្រាប់​បង្កើត​បណ្ដាញ​ធុរកិច្ច និង​រៀនសូត្រ​ពី​យន្ត​ការដែល​រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ក្នុងការ​ពង្រីក​វិនិយោគ​»​។​
 
​គួរ​បញ្ជាក់ថា វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific Business Forum, IPBF) នឹង​ប្រព្រឹត្ត​ទៅក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ក្នុង​ទីក្រុង​បាងកក ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អាមេរិក និង​សភាពាណិជ្ជកម្ម​ថៃ​។ វេទិកា​នេះ​អាចនិយាយបាន​ថា​ជា​វេទិកា​របស់​វិស័យ​ឯកជន ដែល​ធ្វើឡើង​ក្នុង​គោលដៅ​លើកកម្ពស់​ពាណិជ្ជកម្ម វិនិយោគ និង​សហប្រតិបត្តិការ នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ កិច្ចពិភាក្សា​ក្នុង​វេទិកា​នេះ​នឹង​ផ្ដោតលើ​វិស័យ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ឌីជីថល​។ 
 
​លោក W. Patrick Murphy ឲ្យ​ដឹងថា ក្នុង​វេទិកា​នេះ អាមេរិក​នឹង​លើកឡើង​ពី​យន្តការ និង​គំនិត​ផ្ដួចផ្ដើម​នានា ដែល​ជួយ​វិស័យ​ឯកជន​ពង្រីក​ខ្លួន​។ លោក​គូសបញ្ជាក់​ដូចនេះ​ថា​៖«​ក្នុង​វេទិកា​នេះ ប្រមុខ​ប្រតិភូ​របស់​អាមេរិក​នឹង​លើកឡើង​ពី​យន្តកា​ថ្មីៗ និង​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​ក្នុង​តំបន់​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​វិស័យ​ឯក​ទទួលបាន​សមភាព​វិនិយោគ ការធានា ដែលជា​យន្តការ ដែល​ក្រុមហ៊ុន​ត្រូវការ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ថ្មី​»​។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​យន្តការ​ទាំងអស់​ហ្នឹង ជួយ​ឲ្យ​វិស័យ​ឯកជន​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ដែល​ចង់​ធ្វើការ​ក្នុង​ទីផ្សារ​តូច​។ ហើយក្រោម​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក យើង​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អាទិភាពដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ឌីជីថល​»៕



Tag:
 វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​
 ​ទូត​អាមេរិក​
  IPBF
  W. Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com