ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ សរសើរ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla ថា​ចាស់​ហើយ​តែ​ខ្លាំង​
01, Nov 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡា​កា​រិ​និជ​ម្រើ​ស​ជាតិ​កម្ពុជា នៅ ស្រី​ពៅ ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ បាន​សរសើរ​កីឡាការិនី​ជើងចាស់​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ថា​មាន​វ័យ​ចំណាស់​ហើយ​តែ​នៅ​។ ការលើកសរសើរ​នេះ​បន្ទាប់ពី ស្រី​ពៅ ចាញ់​ក្រោម​កណ្ដាប់​របស់ Priscilla កាល​ខែ​ដើម​ឧសភា ហើយ​បន្ត​ឈ្នះ​កីឡាការិនី​មី​យ៉ាន់​ម៉ា Bozhena Antoniyar កាល​ថ្ងៃទី ២៥ ខែ តុលា​កន្លងទៅ​ថ្មីៗ​នេះ​ក្នុង​កម្មវិធី ONE:DAWN OF VALOR​។

 
Priscilla Hertati Lumban Gaol បច្ចុប្បន្ន​មាន​វ័យ ៣១ ឆ្នាំ​ទៅហើយ​ប៉ុន្តែ​នៅតែ​បង្ហាញ​ក្បាច់គុន​ទាក់ភ្នែក និង ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​។ Priscilla ជា​កីឡាការិនី​ម្នាក់​មាន​ក្បាច់គុន​បាត វូ​ស៊ូ បន្ទាប់ពី​ហ្វឹកហាត់​តាំងពី​អាយុ ១៧​ឆ្នាំ​មក​។ កីឡាការិនី​មកពី​ក្លិប Siam Tigershark រូបនេះ​ចុះហត្ថលេខា​ប្រកួត​ជា​ផ្លូវការ​ឲ្យ​សង្វៀន ONE Championship តាំងពី​ដើមឆ្នាំ ២០១៧ មក​។ កីឡាការិនី​ម្ចាស់​មេដាយ​ពិភពលោក Wushu World Championship  រូបនេះ​ឡើង​សង្វៀន ONE បាន​ចំនួន ១១ លើក ក្នុងនោះ​ឈ្នះ ៧ លើក​និង​ចាញ់ ៤ លើក​ប៉ុណ្ណោះ​។ 
​កីឡាការិនី​ជើង​ខ្លាំង​កម្ពុជា​បាន​សរសើរ​ថា​៖«​បង​! ខ្ញុំ​នៅ​សរសើរ​គាត់​មាន​ចំណុច​ល្អ​ច្រើនណាស់​។ គាត់ [Priscilla] មានកូន​មាន​ប្ដី ប៉ុន្តែ​កម្លាំង​របស់គាត់​រក្សាបាន​ល្អ​ដដែល​។ និយាយ​រួម​កីឡាការិនី​ខ្លះទៀត​មានកូន​មាន​ប្ដី គេបោះបង់​ចោល​ហើយ និង កម្លាំង​ធ្លាក់ចុះ​ខ្លាំង​។ ខ្ញុំ​មើលទៅ​គាត់ ...​គាត់​ចាស់​មែន​ប៉ុន្តែ​ខ្ញី​ចាស់​តែម្ដង​»​។ ស្រី​ពៅ បញ្ជាក់ថា កីឡាការិនី Priscilla ស្អិត​ខាង​ក្បាច់​ចាប់​ឃ្លេ​ជាង​កីឡាការិនី​ថៃ Rika Ishige ដែល​គេ​ធ្លាប់​យកឈ្នះ​នៅ​សង្វៀន ONE ទៅទៀត​។ 


 
​នៅ ស្រី​ពៅ ដែល​ឈ្នះ​ពាន​ក្នុងនាម​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​នៅ​មី​យ៉ាន់​ម៉ា ២០១៨ បាន​រំលឹកថា ពេល​ប្រកួត​ប៉ះ Priscilla គឺ​ចាញ់​បច្ចេកទេស​ចូលចាប់ បោក និង ក្បាច់​ឃ្លេ​ព្រោះ​ហ្វឹកហាត់​បាន​តិច​មុន​ចេញទៅ​ប្រកួត ហើយ​ម្យ៉ាងវិញទៀត​ក្បាច់​បាត​របស់ ស្រី​ពៅ គឺ ក្បាច់គុន​ខ្មែរ​មិនមែន​ក្បាច់ MMA ដូច​វីរនារី​ឥណ្ឌូណេស៊ី​នោះឡើយ​។ មុន​ប្រកួត​ជាមួយ Priscilla នៅ ស្រី​ពៅ ហ្វឹកហាត់​ត្រៀម​បាន​ប្រហែល​មួយ​សប្ដាហ៍​ដោយសារ​មានឈ្មោះ​ទៅ​ប្រកួត​ប្រដាល់​នៅ​ថៃ មិន​ដូច កាល​រូបគេ​ត្រៀម​បានល្អ​ពេល​ឈ្នះ Riga នោះឡើយ​។ 
 
​កីឡាការិនី វ័យ ២៤ ឆ្នាំ​របស់​កម្ពុជា​បាន​ប្រៀបធៀប​ខ្លួនឯង​ថា​៖«​បើ​ខ្ញុំ​មានគ្រួសារ​នៅ​ថ្ងៃមុខ បើ​គេ​បន្ត​ឲ្យ​ប្រកួត​ទៀត ខ្ញុំ​នឹង​ដើរ​តាម​គន្លង​របស់​Priscilla ខ្ញុំ​បានដាក់​ចិត្ត​ស្រលាញ់​ក្បាច់គុន​ទៅហើយ​។ ខ្ញុំ​មិន​ខ្លាច​រឿង​ឈឺ​សាច់ ខ្ញុំ​នៅតែ​ចង់​វ៉ៃ​ទៅ​ថ្ងៃ​អនាគត បើ​គ្រួសារ​ខ្ញុំ​ផ្ដល់ឱកាស​ឲ្យ​»​។ 
 
​គួរ​ដឹងថា កីឡាការិនី Priscilla Hertati Lumban Gaol មាន​វ័យ ៣១ ឆ្នាំ ហើយ​រូបគេ​ចូល​ហាត់​ក្បាច់គុន​ដំបូង គឺ វូ​ស៊ូ ដែល​ស្ថិតក្នុង​វ័យ ១៧ ឆ្នាំ​គ្រានោះ​។ រំលឹក​ទៅ​រឿង​ដើម Priscilla ធ្លាប់​គេច​សាលា​រយៈពេល មួយ​សប្ដាហ៍​ដើម្បី​ទៅសំងំ​ហ្វឹកហាត់​ក្បាច់គុន វូ​ស៊ូ មិន​ឲ្យ​ឳ​ពុក​ម្ដាយ​ដឹង​។ Priscilla តែងតែ​ដាក់ចិត្ត​ចង់​ក្លាយជា​កីឡា​ការ​នី​ផង និង ជា​អ្នក​រៀនសូត្រ​ផង បន្ទាប់ពី​ឳ​ពុក​ម្ដាយ​យល់ព្រម​។ កូនសិស្ស​ប្រចាំ​ក្លឹប Siam Tigershark ជា​ជើងឯក​កីឡា​វូ​ស៊ូ ថ្នាក់ជាតិ​ឥណ្ឌូណេស៊ី និង ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​Wushu World Championship ទៀតផង​៕ 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE
​នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕



© រក្សាសិទ្ធិដោយ thmeythmey.com