ក្រៅពីជួយឲ្យឆ្អឹងរឹងមាំហើយនោះ កាល់ស្យូមក៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ សារធាតុចិញ្ចឹមនេះ គឺចាំបាច់ណាស់សម្រាប់ក្រចក ធ្មេញ សាច់ដុំ និងសូម្បីតែប្រព័ន្ធភាពស៊ាំរាងកាយ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗ ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជាប្រចាំ គឺសំខាន់ណាស់។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជាប្រភពធម្មជាតិដ៏ប្រសើរនៃជាតិកាល់ស្យូម?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ៖
១. បន្លែបៃតង
បន្លែបៃតងក៏ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូមដូចទៅនឹងម្សៅធញ្ញជាតិដែរ។ ក្រៅពីជួយពង្រឹងសុខភាពឆ្អឹងហើយនោះ ការទទួលទានបន្លែបៃតងក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចំពោះសុខភាពរាងកាយផងដែរ។ ដូច្នេះការបន្ថែមបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូល រួមទាំងឆ្អឹងល្អប្រសើរចៀសផុតពីបញ្ហាផ្សេងៗ។
២. ទឹកដោះគោ
ការទទួលទានទឹកដោះគោស្រស់មួយកែវអាចផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមចាំបាច់ប្រចាំថ្ងៃដល់ទៅ ៣១ ភាគរយឯណោះ។
៣. ត្រីសាឌីននិងត្រីសាលម៉ុនកំប៉ុង
ចង់ដឹងមែនទេថាអ្វីទៅដែលធ្វើត្រីសាឌី ឬត្រីសាលម៉ុនកំប៉ុងក្លាយជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូមហើយនោះ ត្រីសាលម៉ុនថែមទាំងមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុននិងត្រីសាឌីនក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថាការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។
៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ត្រឹមមួយពែងនៃផ្កាខាត់ណាខៀវអាចផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមចាំបាច់ប្រចាំថ្ងៃដល់ទៅ ៤ ភាគរយ។ អ្វីដែលកាន់តែពិសេសនោះ គឺផ្កាខាត់ណាខៀវមានផ្ទុកសមាសធាតុ sulfuric ដែលជួយបន្សាបជាតិពុលផ្សេងៗពីក្នុងរាងកាយទៀតផង។
៥. គ្រាប់អាល់ម៉ុន
មួយពែងនៃគ្រាប់អាល់ម៉ុនអាចផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមចាំបាច់ប្រចាំថ្ងៃច្រើនដល់ទៅ ៣៨ ភាគរយ។ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន សារធាតុ folate វីតាមីន B2 វីតាមីន B3 និងវីតាមីន B6 ផងដែរ។
៦. គ្រាប់ល្ង
ក្រៅពីមានផ្ទុកសម្បូរទៅដោយកាល់ស្យូមហើយនោះ គ្រាប់ល្ងក៏មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាម ទប់ស្កាត់ជំងឺមហារីក និងកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមគ្រាប់ល្ងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៧. សណ្ដែកសៀង ឬទឹកសណ្ដែក
សម្រាប់អ្នកដែលមិនចូលចិត្តទទួលទានទឹកដោះគោ ហេតុអ្វីមិនសាកល្បងទទួលទានទឹកសណ្ដែកជំនួសវិញ? ភេសជ្ជៈនេះសាកសមបំផុតសម្រាប់អ្នកចាញ់ឡាក់តូស។ សណ្ដែកសៀង ឬទឹកសណ្ដែកជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម និងមានផ្ទុកប្រូតេអ៊ីនច្រើនជាងទឹកដោះគោផ្សេងៗផង៕
ត្រួតពិនិត្យដោយ www.health.com.kh