ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ កើនឡើង ៣៤​ភាគរយ​
02, Nov 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លើកឡើងថា​វិស័យ​សំណង់​នៅតែមាន​សុខុមាល​ភាពល្អ នៅក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា បាន​ដើរតួនាទី​ជា​ចលករ​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។​

 
​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នេះ ក្រសួង​យល់ថា បានបង្ហាញ​ពី​ការវិវត្ត​ឈានឡើង នៃ​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ស្ថេរភាព និង​និរន្តរភាព ពិសេស​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ គឺជា​ការបង្ហាញ​នូវ​ការជឿជាក់​របស់​អ្នក​អភិវឌ្ឍ​អចលនវត្ថុ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
 
​ការលើកឡើង​នេះ​ត្រូវបាន​បង្ហាញឡើង តាមរយៈ​ស្តីពី​បូកសរុប​លទ្ធផល​ការងារ ៩ ខែ ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។​
 
​របាយការណ៍​នោះបាន​ឱ្យដឹងថា គិត​ត្រឹម​រយៈពេល ៩ ខែ ដើមឆ្នាំ​នេះ សំណង់​នៅ​ទូទាំងប្រទេស​មាន​ចំនួន​សរុប ៣,៤៣៣ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង ១៣ លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៦,៤៩៤ លាន​ដុល្លារ​អាមេរិក​។ តួលេខ​នេះ​កើនឡើង ៣៤.៧៣% បើ​ធៀប​នឹង​រយៈពេល ៩ ខែ​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ដែលមាន ២,៥៤១ គម្រោង និង​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ  ៤,៨២០ លាន​ដុល្លារ​អាមេរិក​។​
 
​របាយការណ៍​ដដែល ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​គម្រោង​ទាំងអស់ ក្នុងនោះ​សម្រាប់​សមត្ថកិច្ច​ក្រសួង បានផ្តល់​លិខិតអនុញ្ញាត​សាងសង់​ប្រមាណ ២៧៤ គម្រោង មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ជាង ៥,៧៥២ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ មាន ២២៤ គម្រោង មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ៤,៤៧៥ លាន​ដុល្លារ​អាមេរិក គឺមាន​ការកើនឡើង ២៨.៥៣%​។ ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត មាន ១៥៩ គម្រោង មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៧៤២ លាន​ដុល្លា​អាមេរិក  ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​មាន ៣៤៤ លាន​ដុល្លារ​អាមេរិក ពោល​កើនឡើង​ជាង ១១៥%»​។​
 
​ស្របពេល​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ កើនឡើង​ជាង ៣៤% វិស័យ​មួយ​នេះ ក៏បាន​បង្កើត​ការងារ​ជាច្រើន ជូន​ប្រជាពលរដ្ឋ​ជិត ១៥ ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​។ 
 
​ពាក់ព័ន្ធ​វិស័យ​សំណង់​កម្ពុជា លោក ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ធ្លាប់មាន​ប្រសាសន៍​កាល​ពី​ពេល​កន្លងទៅ​ថា​៖«​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ​២០០៧ គម្រោង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នៅលើ​វិស័យ​សំណង់​មានតែ ៣,២០០ លាន​ដុល្លារ​អាមេរិក ពី​ឆ្នាំ​២០០៨ ដល់ ២០១១ ឡើងដល់ ១.២ លា​នុដ​ល្លារ​អាមេរិក តែ​មកដល់​ឆ្នាំ​២០១២ ដល់​២០១៨ ចាប់ផ្តើម​ឡើង​កំ​ហុក ឡើង​រហូតដល់ ៥,៧៥៥ លាន​ដុល្លារ​»​។​
 
​លោក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា ក្នុង​វិស័យ​សំណង់​កម្ពុជា ក្រុមហ៊ុន​ចិន​បាន​បោះទុន​វិនិយោគ ២,៨៦៥ លាន​ដុល្លារ​អាមេរិក​ជាប់​ចំណាត់ថ្នាក​ទី​១ ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក​ទី​២ បាន​បោះទុន​វិនិយោគ ១,៦៥០ លាន​ដុល្លារ និង​ប្រទេស​ជប៉ុន ជាប់​ចំណាត់ថ្នាក់​ទី​៣ បាន​បោះទុន​វិនិយោគ ៣៨២ លាន​ដុល្លារ​។​
 
​ពាក់ព័ន្ធ​នឹង​កំណើន​ទុន​វិយោគ​ក្នុង​វិស័យ​សំណង់​នេះដែរ យោងតាម​ការវិភាគ​លើ​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ពី​សុខុមាលភាព​វិស័យ​អចលនទ្រព្យ របស់​អ្នកជំនាញ​អ​ល​ចនទ្រ​ព្យ​នៅ​កម្ពុជា បាន​បង្ហាញឡើង​កាលពីពេល​ថ្មីៗ​នេះដែរ វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាពរឹងមាំ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ​២០១៩​នេះ ហើយនឹង​បន្ត​កើនឡើង​ចន្លោះ​ពី ១០ ភាគរយ ទៅ ១៥ ភាគរយ​ក្នុង​មួយឆ្នាំ ដែលជា​អត្រាកំណើន​ល្អ​មួយ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា នៅតែមាន​ឱកាសល្អ​ក្នុងការ​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ​ពី​ការរីកចម្រើន​នេះ​៕
 
 
​(អត្ថបទពាណិជ្ជកម្ម)

Tag:
 សំណង់​
 ​វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com