ជាតិ
ទូត​កាណាដា​៖ ការផ្តល់ GSP ដល់​ប្រទេស​កំពុង​អភិវឌ្ឍ មិន​ភ្ជាប់​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ
01, Nov 2019 , 2:21 pm        
រូបភាព
រូបភាពពី ក្រសួងការបរទេស
រូបភាពពី ក្រសួងការបរទេស
​ក្នុងជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា​ដែល​នឹងត្រូវ​ចប់​អាណត្តិ បាន​លើកឡើងថា ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដល់​ប្រទេស​កំពុង​អភិវឌ្ឍ គឺ​មិន​ភា្ជ​ប់​នឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។


 
​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោកស្រី Donica Pottie បាន​ជួប​សម្តែង​ការគួរសម​និង​ជម្រាបលា​លោក ប្រាក់ សុខុន ដែល​លោកស្រី នឹង​ចប់​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​។ ជំនួប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​
 
​លោក ប្រាក់ សុខុន បានលើកឡើង​ពី​ការខិតខំ​នៃ​ការ​សហប្រតិបត្តិរ​រវាង​ប្រទេស​ទាំងពីរ គឺ​កំណើន​យ៉ាង​លឿន​នៃ​ទំហំ​ពាណិជ្ជកម្ម វិស័យ​កម្ចាត់មីន អប់រំ បេសកកម្ម​ថែរក្សា​សន្តិភាព និង​ការប្រែប្រួល​អាកាសធាតុ​។ ចំណែក​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) អាស៊ាន​-​កាណាដា ។ 
 
​ចំពោះ FTA អាស៊ាន​-​កាណាដា អ្នកស្រី Donica Pottie សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹងមាន​ការវិវត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស​។ ចំពោះ​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ បាន​កើនឡើង​រហូតដល់​៨០០​ភាគរយ កាលពី​ឆ្នាំ​២០១៦​។ ពាក់​ពន្ធ​នឹង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) វិញ លោកស្រី Donica Pottie បាន​សង្កត់ធ្ងន់ថា កាណាដា​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​មិន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។ 
 
​ទន្ទឹមនឹងនេះ លោកស្រី  Donica Pottie បាន​ឲ្យ​ដឹងថា កាណាដា​បាន​បង្កើត​មូលនិធិ​សម្រាប់​ការបញ្ជូន​កងកម្លាំង​ស្ត្រី ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហើយ​តាមរយៈ​មូលនិធិ​នេះ លោកស្រី សង្ឃឹមថា កម្ពុជា នឹង​ទទួលបាន​មូលនិធិ​បន្ថែម​សម្រាប់​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស អះអាងថា កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា នៅក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព ដែលមាន​ចំនួន​សរុប​ជាង​៣០០​នាក់​៕

Tag:
 កម្ពុជា​-​កាណាដា​
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com