ជាតិ
វីដេអូ
ក្មេងៗអាយុក្រោម១០ឆ្នាំ នៅលើភ្នំគូលែន ជួយបណ្ដុះ និងដាំកូនឈើឡើងវិញ 
×![]()
សៀមរាប៖ សាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែន បានបង្ហាត់បង្រៀនសិស្សឲ្យចេះបណ្ដុះកូនឈើប្រណិត និងឈើជិតផុតពូជ ដើម្បីដាំបន្ថែមនៅលើភ្នំគូលែន និងចែកចាយទៅឲ្យក្រុមហ៊ុនទឹករ៉ែធម្មជាតិអូគូលែន។ សិស្សតូចៗ ដែលមានអាយុ៧ឆ្នាំឡើងទៅ អាចបណ្ដុះកូនឈើ និងថែរក្សាកូនឈើបានយ៉ាងល្អ។ ស្ថិតក្នុងទីតាំងថ្នាលបណ្ដុះកូនឈើដែលគាំទ្រដោយក្រុមហ៊ុន Kulara Water កុមារី នីសា និង កុមារី ឃុន បញ្ជាក់ថា៖ «ការបណ្ដុះ និងដាំកូនឈើនេះ ដើម្បីធ្វើឲ្យភូមិមានកូនឈើ, កុំឲ្យក្ដៅហួតហែង និងកុំឲ្យខ្វះទឹក»។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយសិស្សសាលាបឋមសិក្សាភូមិសង្កែឡាក់ លើខ្នងភ្នំគូលែន ដែលចូលរួមបណ្ដុះកូនឈើដូចតទៅ៖
ថ្នាលបណ្ដុះកូនឈើសង្កែឡាក់ ជាថ្នាលមួយក្នុងចំណោមថ្នាលបណ្ដុះកូនឈើចំនួន ៣នៅលើភ្នំគូលែន។ ថ្នាលបណ្ដុះកូនឈើទាំង៣នេះ ត្រូវបានជួយទំនុកបម្រុងពីក្រុមហ៊ុន Kulara Water ដើម្បីផ្ដល់ពូជឈើយកទៅដាំនៅតាមទីតាំងដែលត្រូវដាំដើមឈើឡើងវិញ ជាពិសេសបំផុសគំនិតយុវជននៅក្នុងតំបន់ឲ្យយល់ដឹងពីការការពារបរិស្ថាន និងជីវចម្រុះ។ កូនឈើដែលបណ្ដុះរួមមាន គគីរ, ធ្នង់, គ្រញូង, ព្រហូត, បេង, នាងនួន, ច្រេស និងកូនឈើជាច្រើនទៀត។
នៅឆ្នាំ២០១៨ ក្រុមហ៊ុន Kulara Water បានចាប់ផ្ដើមគម្រោងដាំដើមឈើឡើងវិញនៅតំបន់ភ្នំគូលែន ដោយសហការជាមួយមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ (ADF)។ ជាមួយគ្នានេះ គម្រោង ADF បានដាំដើមឈើលើភ្នំគូលែនចំនួន ១៣០០០ដើមផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨-៣០ តុលាកន្លងទៅ ក្រុមហ៊ុន Kulara Water ដែលផលិតទឹករ៉ែធម្មជាតិអូគូលែន បានអញ្ជើញអ្នកសារព័ត៌មានចំនួន ១១ស្ថាប័ន រួមទាំងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ទៅទស្សនកិច្ចពីការផលិតទឹក និងការចូលរួមជួយសង្គមតាមរយៈការដាំដើមឈើ និងការជួយសហគមន៍៕
Tag:
បរិស្ថាន
ដើមឈើ
ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com