អន្តរជាតិ
លោក អាសាដ​៖ លោក ត្រាំ ជា​ប្រធានាធិបតី​មាន​តម្លាភាព​បំផុត​របស់​អាមេរិក
02, Nov 2019 , 3:09 pm        
រូបភាព
ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ។ រូបភាព AP
ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ។ រូបភាព AP
​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​-​អាសាដ (Bashar al-Assad) ចាត់ទុក​លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​មាន​តម្លាភាព​បំផុត បើ​ធៀប​នឹង​ប្រធានាធិបតី​អាមេរិក​ឯទៀត​។ សម្រាប់​លោក អាសាដ លោក ត្រាំ មាន​តម្លាភាព​ជាង​មេដឹកនាំ​អាមេរិក​នានា​ត្រង់​ថា លោក​និយាយ​ដោយ​ឥត​លាក់លៀម​ពី​ការចង់បាន​ប្រេង​ពី​មជ្ឈិមបូព៌ា​។

 
​ក្នុង​ក្រសែភ្នែក​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​-​អាសាដ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន គឺ​លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​ល្អ​ជាងគេ​។ ប៉ុន្តែ​មិនមែន​មកពី​លោក ត្រាំ មាន​គោលនយោបាយ​ល្អ​ឡើយ តែ​លោក​ជា​ប្រធានាធិបតី​មាន​តម្លាភាព​បំផុត​។​
 
​បើតាម​ទូរទស្សន៍​អាមេរិក CNBC ដែល​ស្រង់​សម្ដី​លោក អាសាដ ពី​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​នៅ​ថ្ងៃទី​៣១ ខែតុលា​កន្លងទៅ ប្រធានាធិបតី​ដែល​កំពុង​តស៊ូ​នឹង​ការ​ងើប​តវ៉ា​របស់​ប្រជាជន​ខ្លួនឯង និយាយថា​៖ «​ខ្ញុំ​ប្រាប់​អ្នក​ទៅ​ចុះ​។ គាត់​ជា​ប្រធានាធិបតី​អាមេរិក​ល្អ​ជាងគេ​។ ហេតុអ្វី​ទៅ​? ពុំមែន​ដោយសារ​គោលនយោបាយ​គាត់​ល្អ​ទេ តែ​មកពី​គាត់​ជា​ប្រធានាធិបតី​មាន​តម្លាភាព​បំផុត​។​»
 
​លោក អាសាដ រៀបរាប់ថា គ្រប់​ប្រធានាធិបតី​អាមេរិក ប្រព្រឹត្ត​បទឧក្រិដ្ឋ តែ​បែរជា​ទទួលពាន Nobel ទៅវិញ ហើយ​ក្លាយទៅជា​អ្នកការពារ​សិទ្ធិមនុស្ស និង​គុណ​តម្លៃ​អាមេរិក ឬ​លោកខាងលិច​ទៅទៀត​។ លោក​បន្តថា មេដឹកនាំ​ទាំងនោះ គ្រាន់តែ​តំណាង​ឲ្យ​ផលប្រយោជន៍​ក្រុមហ៊ុន​អាមេរិក​ដែល​ចង់បាន​ប្រេង និង​រកស៊ី​អាវុធ​ប៉ុណ្ណោះ​។ 
 
​ចំពោះ​លោក ត្រាំ វិញ មេដឹកនាំ​ស៊ី​រី​រូបនេះ​អះអាងថា លោក ត្រាំ និយាយ​ដោយមាន​តម្លាភាព «​យើង​ចង់បាន​ប្រេង​» តែម្ដង​។ លោក​សួរ​បែប​ឌឺដង​ថា តើ​យើង​ចង់បាន​អ្វី​ជាង​សត្រូវ​មាន​តម្លាភាព​ទៀត​នោះ​។​
 
​លោក អាសាដ ទំនង​ចង់​សំដៅ​ដល់​ការប្រកាស​របស់លោក ត្រាំ កាលពី​សប្ដាហ៍​មុន​ដែល​បញ្ជា​ឲ្យ​រក្សា​ទ័ព​អាមេរិក​មួយចំនួន​នៅក្នុង​ខេត្ត Deir ez-Zor ដែល​សម្បូរ​ប្រេង​របស់​ស៊ី​រី ខណៈ​លោក​បាន​បញ្ជា​ឲ្យ​ដកទ័ព​ចេញពី​តំបន់​ដែល​កាន់កាប់​ដោយ​សកម្មជន​ឃើ​ដ​ស៊ី​រី​នោះ​។ មន្ទីរ​បញ្ច​កោណ ក៏​ចាប់ផ្ដើម​ពង្រាយ​យោធា​អាមេរិក​ខ្ទង់រយ​នាក់ និង​យុទ្ធោបករណ៍​នានា​ទៅ​ការពារ​អណ្ដូងប្រេង​តាម​បញ្ជា​របស់លោក ត្រាំ ដែរ​ហើយ​៕ 

Tag:
 ស៊ី​រី​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Bashar al-Assad
© រក្សាសិទ្ធិដោយ thmeythmey.com