ជាតិ
UNDP អំពាវនាវ​ឲ្យ​គាំទ្រ​ការវិនិយោគ​ដំឡូង​មី ដោយ​រំពឹងថា​ចំណេញ​ដូច​ស្រូវ​ដែរ​
02, Nov 2019 , 3:29 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម
រូបភាពពីក្រសួងកសិកម្ម
​របាយការណ៍ UNDP បង្ហាញថា កម្ពុជា​អាច​ទទួល​ចំណូល​ពន្ធ​រហូតដល់ ១៣០​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ឆ្នាំ ពី​ដំឡូង​មី និង​ផលប្រយោជន៍​គុណ​នឹង​បី ប្រសិនបើ​មានការ​គាំទ្រ​និង​វិនិយោគ​ពី​សាធារណៈ​ឲ្យ​កាន់តែច្រើន​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​គោ​លន​យោគ​បាយ​ជាតិ​លើ​វិស័យ​ដំឡូង​មី ដោយ​រំពឹងថា​នឹង​ទទួលបាន​ផលចំណេញ​។


 
​របាយការណ៍​សិក្សា​បាន​រកឃើញថា ការចាប់ផ្ដើម​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​ក្នុង​ពេលនេះ នឹង​អាច​ផ្ដល់​ប្រយោជន៍​គុណ​នឹង​បី ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ដែល​ជួយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កើន​តាមរយៈ ការកើនឡើង​នៃ​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​កសិករ ដែល​មិនសូវមាន​ជំនាញ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកតំណាង UNDP ប្រចាំ​កម្ពុជា លោក Nick Beresford នៅក្នុង​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ របាយការណ៍​ស្ដីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូង​មី នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​ទន្ទឹមនេះ រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​កម្ម លោក ម៉ៅ ថូ​រ៉ា បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​លើ​ការរៀបចំ​គោលនយោបាយ​ជាតិ​ដំឡូង​មី ដោយ​ទទួលបាន​ឯកភាព លើ​ខ្លឹមសារ​ពី​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត​ហើយ​។ 
 
​ចំណែក ប្រធាន​គម្រោង UNDP  លោក លាង រ័ត្ន​ម៉ា​ណា បាន​បញ្ជាក់ថា តម្រូវការ​ដំឡូង​មី​នៅលើ​ពិភពលោក កំពុងតែ​កើនឡើង​រួមទាំង​តម្លៃ ហើយ​ចិន​ជាទី​ផ្សារ​ទទួល​ទិញ​ធំជាងគេ​។ ប៉ុន្តែ​នៅ​កម្ពុជា ការកើនឡើង​នៃ​ដំឡូង​មី ធ្វើ​ឲ្យ​ដំណើរការ​ផលិក​ម្ម​នេះ ស្ថិតក្នុង​ស្ថានភាព​ព្រួយបារម្ភ ហើយ​ស្ថានភាព​ឧស្សាហកម្ម​ក៏​ធ្លាក់ចុះ​។ រីឯ ប្រទេស​ថៃ​និង​វៀតណាម ជា​ប្រទេស​ដែល​ទទួល​បានការ​ចំណេញ​ពី​វិស័យ​ដំឡូង​មី ហើយ​មកដល់ពេលនេះ កម្ពុជា​គួរតែ​ចាប់ផ្ដើម​អភិវឌ្ឍ​វិញ​ម្ដង​។ 
 
«​ការបោះ​ទុនវិនិយោគ​លើ​វិស័យ​ដំឡូង​មី​ចំនួន ២៩៤​លាន​ដុល្លារ វិស័យ​ដំឡូង​មី​នឹង​រីកចម្រើន​ជាង​វិស័យ​ចិញ្ចឹមសត្វ ស្បៀងអាហារ និង​ទេសចរណ៍​។ ចំពោះ​លទ្ធផល គឺ​ទទួលបាន​ដូច​ការវិនិយោគ​លើ​ស្រូវ​អង្គ​រដែរ ហើយ​ផលចំណេញ​ទទួលបាន​ទៅដល់​បី​ដង ដូច្នេះ​ផលចំណេញ​សេដ្ឋកិច្ច​គឺ​មិនតិចជាង​៩៤០​លាន​ដុល្លារ​នោះទេ​ក្នុង​រយៈពេល​១០​ឆ្នាំ​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់ លោក លាង រ័ត្ន​ម៉ា​ណា​។ 
 
​របាយការណ៍​របស់​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បង្ហាញថា នៅ​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ ដំឡូង​មី​ក្រៀម និង ដំឡូង​មី​ស្រស់ ជាង​២​លាន​តោន ដែល​ក្នុងនោះ​ថៃ​និង​វៀតណាម ជាទី​ផ្សារ​ធំជាងគេ​របស់​កម្ពុជា​៕ 

Tag:
 UNDP
  ដំឡូង​មី
© រក្សាសិទ្ធិដោយ thmeythmey.com