ជាតិ
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​លទ្ធផល​សំណាក​អង្ករ​ល្អ​ជាងគេ សម្រាប់​យកទៅ​ប្រកួត​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក
02, Nov 2019 , 5:29 pm        
រូបភាព
រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបង្ហាញ​ពី​លទ្ធផល​នៃ​ការជ្រើសរើស​សំណាក​អង្ករ​ល្អ​ជាងគេ​របស់​កម្ពុជា យកទៅ​ប្រកួតប្រជែង​អង្ករ​ល្អ​ជាងគេ​បំផុត​របស់​ពិភពលោក នៅ​ប្រទេស​ហ្វីលីពីន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


 
​ការប្រកួត​អង្ករ​ល្អ​ជាងគេ​នៅ​កម្ពុជា បានរៀបចំ​ឡើង នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​គ្រឿង ហ្គា​ដិ​ន ដែលមាន​ការចូលរួម​ពី​លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​ក្ពុ​ជា និង​សហប្រតិបត្តិការ​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា មាន​សមាសភាព​គណៈកម្មកា​រ​ចុងភៅ​ទាំង​ខ្មែរ និង​បរទេស ចំនួន​៩​រូប រួមទាំង​ក្រុមហ៊ុន​ពិនិត្យ​គុណភាព​អង្ករ​អន្តរជាតិ​ចំនួន​២ គឺ​ក្រុមហ៊ុន OMIC និង ក្រុមហ៊ុន CCIC​។​
 
​កម្មវិធី​នេះ មាន​ក្រុមហ៊ុន​ចំនួន​៩ និង​អង្គការ​សហគមន៍​ចំនួន​១ បានប្រគល់​នូវ​ផលិតផល​អង្ករ​ជា​សំណាក​ចំនួន​១៨​ចំណាក ក្នុង​ប្រភេទ​អង្ករ​៣​ប្រភេទ ដែល​ក្នុងនោះ ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​ចំនួន​៦​សំណាក ប្រភេទ​អង្ករ​ក្រអូប​ចំនួន​៧​សំណាក និង​ប្រភេទ​អង្ក​រស​គ្រាប់​វែង​៥​សំណាក​។​
 
​ក្រោម​ការវិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់​ពី គណៈកម្មការ​វាយតម្លៃ និង​ដាក់ពិន្ទុ​ចំនួន​១៤​រូប ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​ដើម ដូចជា ស​ពោះ ភាព​បាក់ រូបរាង ទំហំ ពណ៌ ប្រវែង ភាព​ភ្លឺរលោង ក្លិន និង លក្ខណសម្បត្តិ​ក្រោយ​ចម្អិន រួមមាន ភាព​ភ្លឺរលោង ភាព​ស្អិតរ​មួ​ត រសជាតិ ក្លិន និង ភាព​ងាយ​ក្នុងការ​ញ៉ាំ​។​
 
​លទ្ធផល​សំណាក​អង្ករ​ដែល​បាន​ពិន្ទុ​ល្អ​ជាងគេ ហើយ​ទទួលបាន​លទ្ធផល គឺ ជ័យលាភី​លើ​ប្រភេទ​អង្ករ​ក្រអូប​ប្រណិត (Premium Aromatice Rice) ស្ថិតនៅក្នុង​ម៉ាក​អង្ករ «​ម្លិះ​អង្គរ​» ចំណាត់ថ្នាក់​លេខ​១​គឺ ក្រុមហ៊ុន បេ​តា​ម៉​រ​, លេខ​២ ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័ អ​ហ្វ​អេ​ស៊ា និង លេខ​៣ ក្រុមហ៊ុន បាយ័ន សៀ​រាល​។ 
 
​ជ័យលាភី​លើ​អង្ករ​ក្រអូប (Fragrant Rice) ពូជ​សែន​ក្រអូប ចំណាត់ថ្នាក់​លេខ​១​គឺ ក្រុមហ៊ុន បាត់ដំបង​រ៉ា​យស៍ អ៊ិន​វេស​មេន​, លេខ​២ ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ និង លេខ​៣ ក្រុមហ៊ុន បាយ័ន សៀ​រាល​។ 
 
​រីឯ ជ័យលាភី​លើ​អង្ក​រស​គ្រាប់​វែង (Long Grain White Rice) ចំណាត់ថ្នាក់​លេខ​១​គឺ ក្រុមហ៊ុន វង្ស ប៊ុនហេង​, លេខ​២ អង្គការ​សហគមន៍​អភិវឌ្ឍន៍​សង្គម​កម្ពុជា និង លេខ​៣ ក្រុមហ៊ុន បេ​តា​ម៉​រ​។​
 
​សូមជម្រាបថា អង្ករ​កម្ពុជា ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត​ដំបូង នៅ​ឆ្នាំ​២០១២ ហើយ​ឈ្នះ​ពីរ​ឆ្នាំ​បន្តបន្ទាប់ គឺ ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហុងកុង និង ឆ្នាំ​២០១៤ ជា​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នៅ​ឆ្នាំ​២០១៨ ក៏​អង្ករ​កម្ពុ​ជាប់​លេខ​១​ផងដែរ​៕

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com