ជាតិ
របង​ខុសច្បាប់​នៅ​ទួល​ត្រពាំង​ហែ​ផ្កា ត្រូវបាន​វាយកម្ទេច​ចោល​
02, Nov 2019 , 6:29 pm        
រូបភាព
​សៀមរាប​៖ កម្លាំងចម្រុះ​ដែលមាន​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ក្រុង​សៀមរាប បាន​ប្រតិបត្តិ​ការរុះរើ​សំណង់​របង​ខុសច្បាប់​មួយកន្លែង​ដែល​ស្ថិតនៅលើ​ទីទួល​បុរាណ​ដែល​អ្នកភូមិ​ហៅថា ត្រពាំង​ហែ​ផ្កា​។ សំណង់​របង​ដែលមាន​កម្ពស់​ជាង​២​ម៉ែត្រ ត្រូវបាន​វាយកម្ទេច​ចោល ក្នុងន័យ​ថែរក្សា​និង​ការងារ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ជាតិ​។​

 
​ប្រតិបត្តិ​ករ​រុះរើ​របង​ថ្ម​ដែលជា​កម្មសិទ្ធិ​ឈ្មោះ ឃុ​ត សុខន គឺ​ស្ថិតនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ មុន​ប្រតិបត្តិការ​វាយកម្ទេច​នៅ​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ដើម្បី​ឱ្យដឹងពី​សាវតា​នៃ​ទីតាំង​នេះ​។ នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ​២០​រូប លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ត្រពាំង​ហែ​ផ្កា​ជា​ទួល​បុរាណ​ដ្ឋា​ន​ដែលមាន​ប្រវត្តិ​ក្នុង​ស​.​វ​ទី​៩​មក​ម្លេះ​។ លោក​បន្តថា ការចុះ​រុះរើ​នេះ​គឺមាន​ការឯកភាព​ពី​ម្ចាស់​សំណង់ ដែល​ព្រមព្រៀង​ឱ្យមាន​ការរុះរើ​ដោយ​សន្ដិវិធី​។ លោក​ពន្យល់ថា មុន​ការងារ​នេះ​កើតឡើង អាជ្ញាធរ​ជាតិ​អប្សរា​បាន​ហៅ​ឈ្មោះ ឃុ​ត សុខន មក​ប្រជុំ​ដោះស្រាយ​ចំនួន​២​លើក គឺ​លើក​ទី​១​នៅ​ថ្ងៃទី​២២ និង​លើក​ទី​២​នៅ​ថ្ងៃទី​២៤ តុលា ដោយ​បុគ្គល​នេះ​ព្រម​ទទួលស្គាល់​កំហុស និង​សុំឱ្យ​អាជ្ញាធរ​ជួយ​រុះរើ​សំណង់​ខុសច្បាប់​ខ្លួន​ផងដែរ​។​


 
​ដ្បិតថា ការងារ​នេះ​មានការ​ឯកភាព​ពី​ម្ចាស់​សំណង់​ក៏ពិតមែន តែ​អំឡុងពេល​ប្រតិបត្តិ​ការរុះរើ ក៏​កើតមាន​រូបភាព​តវ៉ា​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​គ្នា​ប្រមាណ​ជាង​១០​នាក់ និង​អ្នកសារព័ត៌មាន​៣​នាក់ ក្នុង​រូបភាព​ការងារ​ផលប្រយោជន៍​ដល់​ម្ចាស់​របង​។ ពេល​តវ៉ា​នោះ ពួកគេ​បាន​យក​ដុំថ្ម​គប់​សំដៅលើ​គ្រឿងចក្រ ក្នុង​បំណង​បញ្ឈប់​សកម្មភាព​មិនឱ្យ​បន្ត​កាយ​របង​ថ្ម​តទៅទៀត​។ អ្នកបើក​គ្រឿងចក្រ​ក៏បាន​រងរបួស​ស្រាល​ផងដែរ​ក្នុង​ហេតុការណ៍​នេះ​។ 
 
​លោក ឃុ​ត សុខន ដែលជា​ម្ចាស់​សំណង់​ខាងលើ ឆ្លើយថា លោក​មិន​បានដឹង​ពី​ការតវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ទាំង​នោះទេ ហើយក៏​មិនបាន​ទិញ​ទឹកចិត្ត​ពួកគេ​ដែរ​។ នៅ​ចំពោះមុខ​អាជ្ញាធរ​ក្រុង​សៀមរាប អ្នករកស៊ី​ផ្នែក​អចលនទ្រព្យ​រូបនេះ ព្រម​ផ្តិតមេដៃ​លើ​កិច្ចសន្យា​រុះរើ​ដើម្បី​បញ្ចប់រឿង​ត្រឹម​ថ្ងៃកើតហេតុ និង​ព្រមឱ្យ​អាជ្ញាធរ​បន្ត​រុះរើ​របង​ដែល​ខ្លួន​បាន​សង់​រយៈពេល​២​ឆ្នាំ​មកនេះ​ដោយ​គ្មាន​ការតវ៉ា​ឬ​ពន្យារពេល​ទៀត​នោះទេ​។ 


 
​ក្នុង​ប្រតិបត្តិ​ការដឹកនាំ​កម្លាំង​ចុះ​សហការ​រុះរើ​នៅ​រសៀល​ថ្ងៃ​ដដែល អភិបាលក្រុង​សៀមរាប​លោក នួន ពុទ្ធា​រ៉ា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កម្លាំង​របស់លោក​មាន​ភារកិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​ថែរក្សា​ទីតាំង​បុរាណ​ដ្ឋា​ន​ដែល​ត្រូវបាន​ការការពារ​ដោយ​ច្បាប់​។ លោក​ថា ក្នុងករណី​បុគ្គល​ណា​រារាំង​សកម្មភាព​របស់​អាជ្ញាធ​រ គឺ​ពួកគេ​អាច​ត្រូវ​ចោទថា បាន​រារាំង​ការងារ​របស់​កម្លាំង​សមត្ថកិច្ច​។​
​នៅ​ទីបំផុត កម្លាំងចម្រុះ​បាន​អនុវត្តន៍​ការងារ​ដោយ​រលូត ដោយ​គ្មាន​ការតវ៉ា​ទៀតឡើយ ចំណែក​សំណង់​របង​ខុសច្បាប់​២​ទីតាំង ត្រូវបាន​កម្ទេចចោល​នៅ​ល្ងាច​ថ្ងៃទី​១ វិច្ឆិកា​។ 
 
​លោក ឡុង កុសល ពន្យល់ថា រាល់​សំណង់​ខុសច្បាប់​ដែល​សង់​លើ​តំបន់​ការពារ គឺ​ត្រូវ​រុះរើ​ទាំងអស់​ដោយ​មិន​គិតថា ជា​របស់​អ្នកតូច​ឬ​អ្នកធំ​ឡើយ​។ ក្នុងនោះ លោក​ស្នើ​ទៅ​ប្រជាពលរដ្ឋ​មុន​សង់​សំណង់​នៅ​តំបន់​ដែល​ការពារ ត្រូវ​ជូនដំណឹង​ឬ​ដាក់​ច្បាប់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បីឱ្យ​អ្នកជំនាញ​ចុះ​ត្រួតពិនិត្យ​អំពី​លទ្ធភាព​នៃ​ការអនុញ្ញាត មិនត្រូវ​សង់​ដោយ​លួចលាក់​ឬ​ខុសច្បាប់​ឡើយ បង្ការ​ពី​ការខាតបង់​ទ្រព្យសម្បត្តិ​នាពេល​ក្រោយ​៕







Tag:
 សំណង់​ខុសច្បាប់​
  ត្រពាំង​ហែ​ផ្កា​
  អប្សរា​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com