ហេតុអ្វី​បានជា​សត្វ​ត្រី​ខ្លះ​ហែល​បញ្ច្រាស​ចរន្តទឹក​?
អន្តរជាតិ
ហេតុអ្វី​បានជា​សត្វ​ត្រី​ខ្លះ​ហែល​បញ្ច្រាស​ចរន្តទឹក​?
02, Nov 2019 , 7:59 pm        
រូបភាព
​ពេលខ្លះ​នៅក្នុង​ធម្មជាតិ រឿងរ៉ាវ​មួយចំនួន​មិនមាន​ភាពងាយស្រួល​ក្នុងការ​សិក្សា និង​យល់​អំពី​វា​ប៉ុន្មាន​នោះទេ​។ នៅមាន​សំណួរ​ជាច្រើន​ត្រូវបាន​មនុស្ស​មួយចំនួន​ចោទសួរ និង​តាមដាន​អំពី​មូលហេតុ​របស់​វា​។ ក្នុងនោះ រឿង​មួយ​ដែលមាន​លក្ខណៈសាមញ្ញ​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​មូលហេតុ​ដែល​នៅ​ពីក្រោយ​ភាពសាមញ្ញ​នេះ មិនមែន​ងាយស្រួល​ក្នុងការ​តាមដាន​នោះទេ​។ ហេតុអ្វី​បានជា​សត្វ​ត្រី​មួយចំនួន​ហែល​បញ្ច្រាស​ចរន្តទឹក​? ហេតុអ្វី​បានជា​ពួកវា​មិន​ហែល​បណ្តោយ​ទឹក​សម្រាប់​សន្សំសំចៃ​កម្លាំង​?

 
​មូលហេតុ​ដែល​នៅ​ពីក្រោយ​រឿងនេះ​គឺពាក់ព័ន្ធ​ជាមួយនឹង​វដ្ត​នៃ​ជីវិត​របស់​ពពួកសត្វ​ត្រី​នីមួយៗ​។ ដោយ​ដកស្រង់ និង​ធ្វើការ​កែសម្រួល​ពី​គេហទំព័រ Sciencing គេ​បានបញ្ជាក់​ពី​មូលហេតុ​ចំនួន​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ត្រី​មួយចំនួន​ហែល​មិន​ស្រប​ជាមួយនឹង​ទឹក​។ 

​ទី​១៖ ការចងចាំ​ចេញពី​កំណើត 

​អ្នកជំនាញ​ខាង​ជីវវិទ្យា​មួយចំនួន​បាន​សិក្សា​ថា ត្រី​ខ្លះ​ដែលមាន​ដូចជា​ពពួក​ត្រី​សាស​ម៉ុ​ន ដែល​តែ​ធ្វើដំណើរ​បញ្ច្រាស់​ជាមួយនឹង​ចរន្តទឹក​ជានិច្ច​។ នេះ​គឺ​ដោយសារតែ​ការចងចាំ​អំពី​កន្លែង​ដែល​ពួកគេ​បានចាប់កំណើត​ឡើង​។ គេ​ហៅ​ការចងចាំ​នេះ​ថា​«Home Odors»​ដែលមាន​ទម្រង់​ប្រហាក់ប្រហែល​នឹង​ក្លិន ដក់​ជាប់​នៅក្នុង​ខួរក្បាល​នៃ​ប្រភេទ​ត្រី​មួយចំនួន​។ ការចងចាំ​ក្នុង​ទម្រង់​ជា​ក្លិន​នេះ មាន​វត្តមាន​នៅតាម​ចរន្តទឹក​ដែល​សត្វ​ត្រី​ទាំងនោះ​ធ្លាប់​កកើត រស់នៅ និង​បន្ត​ពូជ​។ នៅពេលដែល​សត្វ​ត្រី​ដល់​វ័យ​បន្ត​ពូជ ឬ​ពង ពួកគេ​តែង​ហែល​ទៅតាម​ក្លិន​នៃ​ការចងចាំ​ទាំងនោះ ទៅកាន់​ជម្រក​សម្រាប់​ពង ដើម្បី​ធានា​សុ​វត្តិភាព​នៃ​ពូជ​ជំនាន់​ក្រោយ​របស់​ពួកវា​។ 
 
​ទី​២៖ ការបន្ត​ពូជ 

​សត្វ​ត្រី​ញី និង​ឈ្មោល​ខ្លះ​បន្ត​ពូជ​នៅពេលដែល​ពួកគេ​ធ្វើដំណើរ​បញ្ច្រាស​នៃ​លំហូរ​ទឹក​។ នេះ​គឺ​ដោយសារតែ ការ​ហែល​បញ្ច្រាស​ទឹក ទៅកាន់​កន្លែង​ដែល​ខ្ពស់ ធានា​នូវ​សុ​វត្តិភាព​នៃ​ពងត្រី​ដែល​និង​ត្រូវ​លូតលាស់ ដោយសារតែ​ចំនួន​ភាគរយ​តិច​នៃ​ពពួកសត្វ​រំពា​រដែ​លអាច​មក​ស៊ី​ពងត្រី​តូចៗ​ទាំងនោះ​។ ហើយ​ម្យ៉ាងវិញទៀត ទឹក​ដែល​នៅ​នីវ៉ូ​ខ្ពស់​មាន​កម្លាំង​លំហូរ​ចរន្ត​ល្អ​ជាង ធ្វើ​ឲ្យ​ការលូតលាស់​នៃ​ពង​តូចៗ មិនត្រូវ​បាន​រំខាន និង​មាន​ភាពប្រសើរ​។ 

​ទី​៣៖ សត្វ​ត្រី​ខ្លះ​នឹង​ងាប់​ក្រោយពេល​ពង​ហើយ​

​ត្រី​មេ​ដែល​បាន​បន្ត​ពូជ​ហើយនឹង​បាត់បង់​ជីវិត ក្នុងអំឡុង​មួយ​សប្តាហ៍​ក្រោយ​ការពង​។ ដូចនេះ កូនតូចៗ​ទាំងនោះ​ត្រូវ​មើលថែ​ខ្លួនឯង​។ ត្រី​មេ​ដែល​ទើបនឹង​ងាប់​នោះ​ក៏​អាចជា​អាហារ​របស់​សត្វ​ត្រី​តូចៗ​ដែល​ទើបនឹង​កើត​ដែរ​។ ប្រមាណ​មួយខែ​ក្រោយមក ត្រី​តូចៗ​ទាំងនោះ​នឹង​ចាប់ផ្តើម​ចេញ​ស៊ី​សត្វល្អិត​តូចៗ ដែល​ភាគច្រើន​សម្បូរ​នៅតាម​តំបន់​ទឹក​ខ្ពស់ ពោលគឺ​តំបន់​ដែល​ត្រូវបាន​សត្វ​មេ​ហែល​បញ្ច្រាស​ទឹក​មក​។ ក្រោយមក ត្រី​ដែល​ទើបនឹង​ធំធាត់​ទាំងនោះ នឹង​ហែល​បណ្តោយ​ទឹក​វិញ ដោយ​ក្នុងពេល​តែមួយ​បន្ត​ស៊ី​សត្វ​ដែលមាន​ទំហំ​ធំ​ជាមុន នៅតាម​ចរន្តទឹក​នោះ​ជា​អាហារ​។​
 
​ទី​៤៖ បង្កើត​ជីវិត​ថ្មី​បន្តទៀត 

​នៅពេលដែល​សត្វ​ត្រី​ទាំងនោះ​មាន​ទំហំ​ធំ​បន្តិច​ហើយ វា​នឹង​សន្សំសំចៃ​ថាមពល​ក្នុងការ​ហែល​បណ្តោយ​ទឹក ទៅកាន់​ផ្ទៃ​ទឹក​ដែល​ធំ​ជាង​មុន ក្នុងការ​ចាប់​ចំណី ប្រកួតប្រជែង និង​ត្រៀមខ្លួន​សម្រាប់​ការបន្ត​ពូជ​នៅ​ថ្ងៃ​ខាងមុខ​។ នៅពេល​ត្រៀម​បន្ត​ពូជ ពួកគេ​នឹង​ចាប់ផ្តើម​សកម្មភាព​ទាំងឡាយ​នេះ​ឡើងវិញ​។ ជារួម ត្រី​ខ្លះ​ហែល​ក្នុង​សភាព​បែបនេះ​គឺ​ដោយសារតែ​ពួកគេ​ចង់​បង្កើត​ឳ​កាស​នៃ​ការរស់រានមានជីវិត​នៃ​ពូជ​ជំនាន់​ក្រោយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com